អង្គការ OCDE ថាត្រូវប្រញាប់លុបបំបាត់សង្គ្រាមពាណិជ្ជកម្ម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការដើម្បីកិច្ចសហប្រតិបត្តិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE បានអំពាវនាវ នៅថ្ងៃអង្គារនេះ ឱ្យប្រទេសជាសមាជិកអង្គការទាំងអស់រួសរាន់ បញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ដែលអាមេរិកនិងចិនកំពុងតតាំងគ្នា។ រដ្ឋាភិបាលនីមួយៗត្រូវរួបរួមគ្នាបង្កើនកម្លាំងដើម្បីលើកស្ទួយសេដ្ឋកិច្ចពិភពលោកឱ្យភាពស្វាហាប់ឡើងវិញ។ ឆ្នាំនេះ សេដ្ឋកិច្ចពិភពលោក ត្រូវដើរបន្ថយល្បឿនផង។ នេះជាដាក់តឿនរបស់លោកស្រី Angel Gurria អគ្គលេខាធិការអង្គការOCDE។
នៅក្នុងសន្និសីទកាសែត បង្ហាញអំពីទស្សនៈវិស័យសេដ្ឋកិច្ច មុនការបើកជំនួបប្រជុំប្រចាំឆ្នាំរបស់អង្គការ លោកស្រីអគ្គលេខាធិការអង្គការOCDE បានរំលើកឱ្យឃើញអំពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍សេដ្ឋកិច្ចពិភពលោក ដោយអំពាវនាវឱ្យរដ្ឋជាសមាជិកទាំងអស់ ត្រូវរួសរាន់ចូលតុចរចា ជាពហុភាគី ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចពិភពលោក។
សេណារីយ៉ូ ដ៏អាក្រក់បំផុត គឺភាពតានតឹងពាណិជ្ជកម្មបន្តពីរឿងមួយទៅរឿងមួយ ដុះរីកសាយដូចផ្សិត និងដែលបង្កើតភាពមិនជាក់លាក់ជាក់ជានិរន្តនិងគ្រប់ទិសទី។ ត្រូវដោះស្រាយជម្លោះ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិធំៗ និងធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់អន្តរជាតិឱ្យកាន់តែប្រសើរឡើង ព្រោះភាពមិនជាក់លាក់ ការវិនិយោគអាប់អួរ ការបាត់បង់ទំនុកចិត្ត បានចាប់ផ្តើមបញ្ចេញឥទ្ធិពលលើតម្លៃទំនិញ និងចាប់ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហើយ។ នេះបើតាមប្រសាសន៍របស់អ្នកជំនាញអង្គការដដែល។
ក្រៅអំពីបញ្ហាសង្គ្រាមពាណិជ្ជកម្ម អង្គការ ក៏បានបង្ហាញក្តីព្រួយបារម្ភថា ដំណើរបន្ថយល្បឿនសេដ្ឋកិច្ចរបស់ចិន អាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូលរងផលប៉ះទង្គិច ហើយបំណុលឯកជននឹងកើនឡើង។ ប្រឈមនឹងហានិភ័យបែបនេះ OCDE បានព្យាករថាកំណើនសេដ្ឋកិច្ចពិភពលោកនឹងកំរិតត្រឹមតែ៣,២%ទេ មិនមែន៣,៣%ដូចការរំពឹងកាលពីខែមីនាឡើយ។ គេទំនងជាត្រូវរង់ចាំដល់ឆ្នាំក្រោយទើបឃើញសេដ្ឋកិច្ចពិភពលោកអាចមានកំណើនឡើងវិញបន្តិច។
ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក អង្គការបានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចពិន្ទុ(២,៨%)សម្រាប់ឆ្នាំនេះ ហើយចុះមកវិញនៅឆ្នាំក្រោយ ដល់២,៣%។ ចំពោះចិនវិញគ្មានការប្រែប្រួលទេ។ ចិននឹងមានកំណើនសេដ្ឋកិច្ច ៦,២%ដដែលនៅឆ្នាំនេះ និង៦%នៅឆ្នាំក្រោយ។
ការព្យាកររបស់OCDEនេះមិនទាន់គិតបញ្ចូលអំពីសង្គ្រាមតតាំងគ្នាថ្មីៗចុងក្រោយរវាងអាមេរិកនិងចិនជុំវិញការដំឡើងពន្ធគយ និងទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាHuaweiទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ