ការវាយប្រហារដោយចាក់នឹងកាំបិតទៅលើសិស្សសាលាជប៉ុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មនុស្សបីនាក់បានស្លាប់នៅក្នុងហេតុការណ៍ ចាក់សម្លាប់ សិស្សសាលាជប៉ុន នៅថ្ងៃអង្គារនេះនៅទីក្រុងកាវ៉ាសាគី ដែលស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ។ នៅក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិត មានម្នាក់ជាក្មេងស្រី អាយុ ១២ឆ្នាំ ហើយនិងម្នាក់ទៀត ជាបុរសអាយុ ៣៩ឆ្នាំ។ ជនដៃដល់វិញ បានចាក់សម្លាប់ខ្លួនឯង បន្ទាប់ពីវាយប្រហារ ដោយកាំបិត ទៅលើក្រុមសិស្សសាលាជប៉ុន។
ព្រឹត្តិការណ៍ចាក់សម្លាប់ក្មេងសិស្សសាលា កើតឡើង នៅម៉ោង៨ព្រឹក ម៉ោងនៅប្រទេសជប៉ុន នៅពេលពួកគេកំពុងឈរតម្រង់ជួរនៅចំណតរថយន្តក្រុង នៅទីក្រុង កាវ៉ាសាគី ប៉ែកខាងត្បូងទីក្រុងតូក្យូ។ អ្នកបើករថយន្តក្រុង ដែលជាសាក្សីនៅកន្លែងកើតហេតុបាននិយាយប្រាប់កាសែតក្នុងស្រុកជប៉ុនថា ជនសង្ស័យ ដែលដៃទាំងពីរ មានកាន់កាំបិត បានដើរចាក់សម្លាប់ សិស្សសាលាដែលកំពុងតម្រង់ជួរ មុននឹងឡើងចាក់សម្លាប់ក្មេងៗផ្សេងទៀត នៅក្នុងរថយន្តក្រុង។
សាក្សីដែលនៅក្បែរកន្លែងកើតហេតុបាននិយាយថា ពួកគេលឺ ជនដៃដល់ស្រែកថា “យើងនឹងសម្លាប់ពួកឯងទាំងអស់”។ ក្មេងស្រីសិស្សសាលាម្នាក់ អាយុ១២ឆ្នាំ និងមន្រ្តីក្រសួងការបរទេស ម្នាក់ ដែលទំនងជាឪពុករបស់សិស្សសាលា បានស្លាប់ បាត់បង់ជីវិត នៅក្នុងការវាយប្រហាររបស់ឧក្រិដ្ឋជន ដែលបានបង្កឲ្យមានអ្នករបួស ១៨នាក់ ដែលនៅក្នុងនោះ ១៦នាក់ ជាសិស្សសាលា។
រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើឲ្យជនដៃដល់ វាយប្រហារដោយចាក់នឹងកាំបិតទៅលើសិស្សសាលានៅឡើយទេ។ ជនដៃដល់ក្នុងអាយុ ៥០ឆ្នាំ ដែលបានចាក់សម្លាប់ខ្លួន នៅក្រោយ វាយប្រហារទៅលើសិស្សសាលា បានស្លាប់ដោយសារមុខរបួស នៅពេលដឹកទៅមន្ទីរពេទ្យ។
បន្ទាប់ពីប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដែលសំដែងការសោកស្តាយជាមួយគ្រួសាររបស់ជនរងគ្រោះ នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ បានចូលរួមរំលែកទុក្ខ ហើយនិងបង្ហាញ កំហឹងរបស់លោកចំពោះការសម្លាប់មនុស្សដ៏យង់ឃ្នងមួយនេះ។
នៅប្រទេសជប៉ុន ជាទី ដែលសុវត្ថិភាព និងសន្តិសុខខ្ពស់ ព័ត៌មានស្តីពីឃាតកម្មសម្លាប់ គឺជារឿងកម្រ។ ច្បាប់ត្រួតពិនិត្យអាវុធ ដ៏តឹងរ៉ឹងបានធ្វើឲ្យជប៉ុនមានចំនួនឧក្រិដ្ឋកម្មដ៏ទាបបំផុត។ ប៉ុន្តែ ការណ៍នេះ មិនបានទប់ស្កាត់ ឲ្យជប៉ុន គ្មានករណីសម្លាប់មនុស្សក្នុងទ្រង់ទ្រាយធំសោះនោះទេ។ ការសម្លាប់មនុស្សដោយចាក់នឹងកាំបិត បានកើនឡើង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅខែកក្កដាឆ្នាំ ២០១៦ បុរសម្នាក់បានចូលចាក់សម្លាប់អ្នកជម្ងឺ ពិការខួរក្បាល ១៩នាក់។ ការចាក់សម្លាប់មនុស្សមួយទៀត ដែលនៅដិតជាប់ក្នុងស្មារតីរបស់ប្រជាជនជប៉ុននៅឡើយ គឺនៅពេលបុរសអាយុ ២៨ឆ្នាំម្នាក់ បើកឡានកិន និងចាក់សម្លាប់ មនុស្ស ដើរនៅលើផ្លូវ ដោយមិនរើសមុខ។ ករណីសម្លាប់សិស្សសាលាបានកើតមានម្តងហើយ កាលពីឆ្នាំ ២០០១ នៅពេលបុរសម្នាក់ ចូលសម្លាប់សិស្សសាលា ៨នាក់ នៅក្នុងសាលាបឋមសិក្សា នៅទីក្រុងអូសាកា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ