ចិនចោទអាមេរិកថា ជា “ភេរវជនសេដ្ឋកិច្ច”
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានបញ្ចេញប្រតិកម្មដោយប្រើពាក្យធ្ងន់ៗដាក់សហរដ្ឋអាមេរិក។ នៅក្នុងសន្និសីទកាសែត អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានចាត់ទុកសង្គ្រាមពាណិជ្ជកម្មទ្វេភាគី ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើមកលើចិន តាមរយៈការដំឡើងពន្ធគយ ដើម្បីដាក់ទោសនិងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន គឺជា “ភេរវកម្មសេដ្ឋកិច្ច”។
យើងប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្ម ព្រោះវានឹងជះផលអវិជ្ជមានដល់ទំនាក់ទំនងអន្តរជាតិ និងកំណើនសេដ្ឋកិច្ចពិភពលោក តែយើងមិនខ្លាចវាទេ ! នេះជាសេចក្តីប្រកាសរបស់លោកអនុរដ្ឋមន្ត្រីការបរទេសចិនទៅកាន់អ្នកសារព័ត៌មាន ដោយបន្ថែមទៀតថា ចិនប្រឆាំងដាច់ខាតនឹងការប្រើជាស្វ័យប្រវត្តិទណ្ឌកម្មពាណិជ្ជកម្ម ដំឡើងពន្ធនិងគាំពារប្រយោជន៍ឯង ព្រោះគំនិតប៉ងគិតឱ្យមានសង្គ្រាមពាណិជ្ជកម្មបែបនេះ គឺជា “ភេរវកម្មសេដ្ឋកិច្ច" ជាការស្នេហាសេដ្ឋកិច្ចជាតិនិយមជ្រុល និងជាការយារយីសេដ្ឋកិច្ចចំៗ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្នុងករណៈដែលចិនចាប់ផ្តើមបញ្ចេញប្រតិកម្មបែបវាយលុបតបតនឹងគំនាបដ៏ខ្លាំងរបស់វ៉ាស៊ីនតោន ដែលប៉េកាំងលែងទ្រាំបាន។ អ្នកទទួលខុសចិន និងសារព័ត៌មានជាច្រើន បានចុះផ្សាយនៅថ្ងៃម្សិលមិញ គំរាមថាចិនអាចធ្វើបាបក្រុមហ៊ុនអាមេរិកវិញបាន ដោយកាត់បន្ថយការនាំចេញរ៉ែឬលោហៈកម្រទៅអាមេរិក។ ចិនជាផ្គត់ផ្គង់លោហៈធាតុកម្រចាំបាច់សម្រាប់បច្ចេកវិទ្យាទំនើប ប្រមាណ៩០%នៃតម្រូវការពិភពលោក។
សូមបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ បានផុងជ្រៅមួយកំរិតទៀត តាំងពីអាមេរិកបានសម្រេចដាក់ទោសចិន ដោយដំឡើងពន្ធនាំចូលលើផលិតផលចិន ដើមខែឧសភាមក។ លោក ដូណាល់ ត្រាំក៏បានពង្រឹងគំនាបលើក្រុមហ៊ុន Huawei ឱ្យមិនរកស៊ីជាមួយក្រុមហ៊ុនទូរគមនាគមន៍អាមេរិកទៀត បន្ថែមពីលើច្បាប់ហាមឃាត់កាលពីថ្នាំមុនដាក់បម្រាមមិនឱ្យរដ្ឋបាលសហព័ន្ធ ទិញគ្រឿងសម្ភារៈរបស់Huawei និងរកស៊ីជាមួយក្រុមហ៊ុនណាដែលមានពាក់ព័ន្ធនឹងHuawei។ រដ្ឋបាលលោកត្រាំ ក៏បានដាក់បម្រាមមិនឱ្យក្រុមហ៊ុនអាមេរិកលក់បច្ចេកវិទ្យាទៅឱ្យHuaweiទៀត។ នៅថ្ងៃនេះ អនុប្រធានាធិបតីអាមេរិកត្រូវអញ្ជើញទៅជួបនាយករដ្ឋមន្ត្រីកាណាដា ដើម្បីជជែកអំពីបញ្ហាពាណិជ្ជកម្មនិងពិសេសអំពីវិបត្តិជាមួយHuawei។ កាដាណាដែលតាមសំណើអាមេរិកបានចាប់ខ្លួនអ្នកស្រីម៉េងវ៉ាន់ចូវ កូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនHuawei កាលពីចុងឆ្នាំ២០១៨ ពីបទរំលោភទណ្ឌកម្មអាមេរិកទៅរកស៊ីជាមួយអ៊ីរ៉ង់។ អ្នកស្រី ម៉េងវ៉ាន់ចូវ ពេលនេះ កំពុងស្ថិតនៅក្នុងក្រៅឃុំបណ្តោះអាសន្នក្នុងទឹកដីកាណាដា និងត្រូវឡើងឆ្លើយបំភ្លឺតុលាការដែលនឹងអាចសម្រេចធ្វើបត្យាប័នទៅអាមេរិកផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ