អានតួអត្ថបទ

ចិន​ថា​នឹង​ពង្រាយ​កម្លាំង​ទ័ព​នៅ​ហុងកុង​ បើ​ចាំបាច់

ប៉េកាំង​លើក​ឡើង​អំពី​លទ្ធភាព​ពង្រាយ​ទាហាន​នៅ​ហុងកុង
ប៉េកាំង​លើក​ឡើង​អំពី​លទ្ធភាព​ពង្រាយ​ទាហាន​នៅ​ហុងកុង Philip FONG / AFP
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

ដើម្បី​រក្សា​សណ្តាប់​ធ្នាប់ យោធា​ប្រជាជន​ចិន​អាច​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ហុងកុង ​ប្រសិនបើ​អាជ្ញាធរ​ក្រុង​​​ស្នើ​សុំ។ នេះ​ជា​បើ​តាម​ការ​ប្រកាស​រំលឹក​របស់​ក្រុង​ប៉េកាំង ​​នៅថ្ងៃពុធ​ទី ២៤​កក្កដា​២០១៩។ សេចក្តីប្រកាស​របស់​ចិន ធ្វើ​ឡើង​​ក្រោយ​ពី​បាតុកម្ម​នៅហុងកុង​រាល​ដាល​ទៅ​ជា​អំពើហិង្សា​​កាន់​តែ​ខ្លាំងឡើងៗ។

ផ្សាយពាណិជ្ជកម្ម

អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស ទើប​ប្រគល់​មក​ឱ្យ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧ ហុងកុង​មាន​ស្វ័យភាព​ធំ​ទូលាយ​ជា​ចិន​ដី​គោគ​ខ្លាំងណាស់។ ប៉ុន្តែ​តាំង​ពី​ខែ​មិថុនា​មក ហុងកុង​បានក្លាយ​ជា​ទីលាន​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហុងកុង​ស្និទ្ធ​នឹង​ប៉េកាំង។

ចលនា​ប្រឆាំង​ បាន​ចាប់​កំរើក​ឡើង ក្នុង​បំណង​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ជន​សង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​ដី​គោក ទី​ដែល​តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កុម្មុយនិស្ត។ ប៉ុន្តែ​បន្តិចម្តងៗ សកម្មជន​ប្រឆាំង​ខ្លះ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ហុងកុង​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​តែ​ម្តង។

កាលពី​ថ្ងៃ​អាទិត្យ ក្រុម​ប្រឆាំង​បាន​វាយលុក​ចូល​ការិយាល័យ​ទំនាក់​ទំនង​រដ្ឋាភិបាល​ប៉េកាំង ​នៅ​ហុងកុង និង​បាន​ចោល​ពង​មាន់​ពង​ទា​ គូសវាស​ក្រវេមក្រវាម​លើ​ជញ្ជាំង​អគារ​។ ​កាលពី​ថ្ងៃ​ទី​១ កក្កដា​២០១៩ សកម្មជន​ប្រឆាំង​បាន​ចូល​លុកលុយ​វាយ​បំផ្លិច​បំផ្លាញ​សភា​ហុងកុងម្ត​ងហើយ។

នេះ​ជា​ទម្រង់​វាយប្រហារ​បែប​ថ្មី ដែល​ប៉េកាំង​ចង់​បង្ក្រាប។ រដ្ឋាភិបាល​កណ្តាល​ បាន​ធ្វើ​ការ​ថ្កោល​ទោស​អំពើ​ហិង្សា​ដែល​មិន​អាច​អនុគ្រោះ​បាន និង​បាន​អំពាវនាវ​ឱ្យ​ដាក់​ទោស​ជន​ដៃ​ដល់​ឱ្យ​បាន។ តាំង​ពី​ហេតុការណ៍​បាន​ផ្ទុះ​ឡើង ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចាត់​ចែង​ដោះស្រាយ​វិបត្តិ​ដោយ​ខ្លួន​ឯង​ទេ។ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់ ប្រសិនបើ​ហុងកុង​ធ្វើ​សំណើ ទាហាន​ចិន​អាច​នឹងប្រតិបត្តិ​តាម​មាត្រា​១៤​នៃ​ច្បាប់​ដាក់​ទ័ព​ចិន​នៅហុងកុង​។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​មិន​បាន​បញ្ជាក់​ឱ្យ​ចំៗ​ថា​ចិន​គិតចាត់​ចែង​យ៉ាង​ណា​ប្រសិន​បើ​អំពើ​ហិង្សា​នៅ​ហុងកុង​នៅ​តែ​បន្ត​ទេ តែ​មាត្រា​១៤​នៃ​ច្បាប់​យោធា​ចិន​បាន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន “ក្នុង​ករណី​ចាំបាច់” ដើម្បី​ “រក្សា​សណ្តាប់​ធ្នាប់​សង្គម” សុំ​ជំនួយ​ពី​កងទ័ព​បាន​ ប្រសិន​បើ​មាន​ការ​យល់​ព្រម​ពី​ប៉េកាំង។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​ប៉េកាំង លើក​ឡើង​ជា​សាធារណៈ​អំពី​លទ្ធភាព​នៃ​ការ​បញ្ជូន​ទ័ព​ទៅ​ពង្រាយ​នៅ​តាម​ផ្លូវ​កណ្តាល​ក្រុង​ហុងកុង។ អ្នក​វិភាគជា​​ច្រើនយល់​ថា​សម្មតិកម្ម​នេះ​មិន​អាច​ទៅរួច​ទេ តែ​ប៉េកាំង​ចង់​បង្ហាញ​ពី​ជំហរ​រឹងតឹងរបស់​ខ្លួន​ច្រើន​ជាង។​

តាំង​ពី​ឆ្នាំ​១៩៩៧​មក យោធា​ប្រជាជន​ចិន បាន​មក​ប្រចាំ​ការ​នៅ​ក្នុង​ទឹក​ដី​ហុងកុង​ តែ​ទាហាន​ទាំង​នោះ​មិន​សូវ​ចេញ​មុខ​ និង​កម្រ​ឃើញ​ជា​សាធារណៈណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ