ចិនចេញមុខព្រមានចាត់វិធានការចាស់ដៃលើបាតុករហុងកុង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារ ទី៦ សីហានេះ ចិនដីគោកបានចេញមុខព្រមានខ្លាំងៗដាក់ក្រុមបាតុករហុងកុងដោយសន្យាថា អ្នកដែលកំពុងលេងជាមួយភ្លើងនឹងត្រូវស្លាប់ក្នុងភ្លើង។ ប្រតិកម្មព្រមានរបស់ក្រុងប៉េកាំងពេលនេះបានធ្វើឡើង មួយថ្ងៃក្រោយពីក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុងបានធ្វើកូដកម្មទូទៅមួយដោយបានរាំងខ្ទប់លើមធ្យោបាយដឹកជញ្ជូនសាធារណៈ។ គួររម្លឹកថា តាំងពី ២ខែមកហើយដែលក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុងបានធ្វើការប្រឆាំងនឹងរដ្ឋអំណាចហុងកុងដោយទាមទារឲ្យប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំកប់ចោលទាំងស្រុងនូវសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យហុងកុងទៅកាត់ទោសនៅចិនដីគោក។ អ្វីជាការកត់សម្គាល់ នេះជាលើកទី១ ដែលក្រុងប៉េកាំងបានព្រមានចាស់ដៃលើក្រុមបាតុករហុងកុងដែលចិនហៅជាពួកឧក្រិដ្ឋជន។
« ចូរអស់លោកកុំមើលស្រាលលើការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងអំណាចដ៏មហិមារបស់រដ្ឋាភិបាលកណ្តាល » នេះជាការថ្លែងរបស់លោកយ៉ាង គ័ង អ្នកនាំពាក្យនៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវនៅក្នុងសន្និសីទកាសែតមួយរៀបចំនៅហុងកុងនាថ្ងៃអង្គារ ទី៦ សីហា។ បន្ទាប់មក និងជាថ្មីម្តងទៀត លោកយ៉ាង គ័ងបានចោទលើក្រុមសកម្មជនមួយក្តាប់តូចជាអ្នករៀបចំឲ្យមានការបះបោរនៅហុងកុងពេលនេះ។ តាមលោកគ័ង ក្រុមសកម្មជនមួយក្តាប់តូចនេះមានការជួយគាំទ្រពីកម្លាំងបរទេស តែលោកមិនបានទម្លាយឈ្មោះកម្លាំងបរទេសរបស់ប្រទេសណាមួយទេ។ បន្ទាប់មក លោកយ៉ាង គ័ងបានហៅក្រុមសកម្មជនមួយក្តាប់តូចនេះជាពួកឧក្រិដ្ឋជនដោយព្រមានខ្លាំងៗថា អ្នកដែលកំពុងលេងជាមួយភ្លើងនឹងត្រូវស្លាប់ក្នុងភ្លើង។
បើគិតតាំងពីថ្ងៃផ្តើមក្បួនបាតុកម្មរៀបចំដោយក្រុមអ្នកប្រជាធិបតេយ្យហុងកុងនាដើមខែមិថុនាមក នេះជាលើកទី១ ដែលចិនដីគោកបានប្រើពាក្យព្រមានខ្លាំងៗលើក្រុមបាតុករ។ ដោយឡែក និងក្រៅពីព្រមានខ្លាំងៗដាក់ក្រុមបាតុករ លោកយ៉ាង គ័ងបានបញ្ជាក់ជាថ្មីពីការគាំទ្រឥតងាករេរបស់ចិនដីគោកចំពោះប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំ និងចំពោះកម្លាំងប៉ូលិសហុងកុងនៅក្នុងប្រតិបត្តិការបង្រ្កាបក្រុមបាតុករ។ ទន្ទឹមនឹងសន្និសីទកាសែតរបស់មន្រ្តីជាន់ខ្ពស់ចិនដីគោក យុវជនចំនួន ៣នាក់ដែលជាសមាជិកនៃចលនាអ្នកប្រជាធិបតេយ្យក៏បានរៀបចំសន្និសីទកាសែតមួយដាច់ដោយឡែករបស់ខ្លួនដែរនាថ្ងៃអង្គារ ទី៦ សីហានេះ។ តែអ្វីជាការកត់សម្គាល់ អ្នកទាំង៣នាក់ដែលមានប្រុស ២នាក់ និងស្រីម្នាក់បានពាក់ម៉ាក់បិទមុខ ពាក់អាវយឺតពណ៌ខ្មៅ និងមួកកម្មករសំណង់ពណ៌លឿង។
គួររម្លឹកថា ក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុងបានផ្តើមធ្វើបាតុកម្មនាដើមខែមិថុនាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យហុងកុងទៅកាត់ទោសនៅចិនដីគោក។ បន្ទាប់មក សេចក្តីព្រាងច្បាប់មួយនេះត្រូវបានលោកស្រីការី ឡាំព្យួរ តែក្រុមបាតុករបន្តទាមទារឲ្យលោកស្រីដកចេញទាំងស្រុង។ រហូតមកដល់ពេលនេះ រដ្ឋអំណាចក្រុងប៉េកាំងមិនទាន់បានបញ្ជូនកម្លាំងសន្តិសុខរបស់ខ្លួនចូលអន្តរាគមន៍នៅហុងកុងផ្ទាល់ទេដោយទុកឲ្យកម្លាំងប៉ូលិសហុងកុងជាអ្នកចាត់ចែង។ តែនាសប្តាហ៍កន្លងមក កងទ័ពចិនបានផ្សព្វផ្សាយរូបភាពវីដេអូគំរាមមួយដែលបង្ហាញពីកម្លាំងទ័ពចូលអន្តរាគមន៍បង្រ្កាបក្រុមបះបោរនៅហុងកុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ