ចិនស្នើអាមេរិកឲ្យឈប់បង្ករឿងនៅសមុទ្រចិនខាងត្បូង
នៅថ្ងៃចន្ទ ទី១៨ វិច្ឆិកា ប្រទេសចិនបានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់សកម្មភាពបង្ហាញសាច់ដុំនៅក្នុងសមុទ្រចិនខាងត្បូង។ ការអំពាវនាវនេះបានធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោកវ៉ី ហ្វឹងហឺនៅក្នុងកិច្ចប្រជុំបិទទ្វារថ្នាក់រដ្ឋមន្រ្តីការពារជាតិនៃក្រុមប្រទេសអាស៊ានរៀបចំក្នុងទីក្រុងបាងកក ប្រទេសថៃ។ ទន្ទឹមនឹងស្នើអាមេរិកឲ្យឈប់លូកដៃបង្ករឿងនៅក្នុងសមុទ្រចិនខាងត្បូង ចិនក៏បានអំពាវនាវឲ្យអាមេរិកឈប់បន្ថែមភាពមិនប្រាកដប្រជាថ្មីស្តីពីបញ្ហាតៃវ៉ាន់ដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កំណត់សម្គាល់របស់រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោកវ៉ី ហ្វឹងហឺជាការឆ្លើយតបនឹងសមភាគីអាមេរិកលោកម៉ាក អេស្ភ័រដែលកាលពីថ្ងៃអាទិត្យ ទី១៧ វិច្ឆិកាបានចោទចិនជាសាធារណៈពីបទប្រើយុទ្ធសាស្រ្តបង្ខិតបង្ខំ និងបំភិតបំភ័យដើម្បីពន្លឿនកម្មវត្ថុរបស់ខ្លួននៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោកវូ ជាំងបានឲ្យដឹងថា លោកវ៉ី ហ្វឹងហឺបានជំរុញលោកម៉ាក អេស្ភ័រឲ្យឈប់ដំឡើងសាច់ដុំ និងបញ្ឈប់ការបង្ករឿង រួមទាំងចិញ្ចឹមភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ ទាក់ទងនឹងសំណួរដែលចង់ដឹងថា តើប្រមុខការពារជាតិចិនរងចាំអ្វីពីសមភាគីអាមេរិក លោកវូ ជាំងបានឆ្លើយថា អាមេរិកត្រូវបញ្ឈប់ការលូកដៃនៅក្នុងសមុទ្រចិនខាងត្បូង និងឈប់ធ្វើសកម្មភាពយោធានៅក្នុងដែនទឹកនោះ។
គួររម្លឹកថាក្នុងរយៈពេលចុងក្រោយនេះ អាមេរិកឧស្សាហ៍បញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ដោយបានលើកឡើងពីការគោរពច្បាប់អន្តរជាតិ និងការការពារសេរីភាពធ្វើចរាចរផ្លូវសមុទ្រ។ តែប៉េកាំងបានមើលឃើញទង្វើរបៀបនេះថាជាការបង្ករឿង។ អ្វីជាការកត់សម្គាល់ ប្រតិកម្មរបស់ចិនពេលនេះបានធ្វើឡើង ខណៈដែលនាវាដឹកយន្តហោះចម្បាំងទី២ របស់ចិនបានផ្តើមបេសកកម្មសាកល្បងនៅក្នុងសមុទ្រចិនខាងត្បូងដោយធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ទង្វើរបៀបនេះត្រូវបានទីក្រុងតៃប៉ិកបរិហារដោយចាត់ទុកជាសមយុទ្ធបំភិតបំភ័យ។ តែទីក្រុងប៉េកាំងបានឆ្លើយបកវិញថា បេសកកម្មសាកល្បងនេះជាការធ្វើតេស្តស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសុទ្ធសាធ ពោលគ្មានសំដៅលើផ្ទាំងស៊ីបណាមួយ ហើយក៏គ្មានជាប់ទាក់ទងនឹងស្ថានភាពបច្ចុប្បន្នដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ