ប្រមុខបក្សប្រឆាំងថៃ លោក ថាណាថន អស់តំណែង ជាតំណាងរាស្ត្រ
តុលាការធម្មនុញ្ញថៃបានចេញសាលក្រមនៅថ្ងៃពុធទី ២០ វិច្ឆិកា ២០១៩ បិទបញ្ចប់អាណត្តិជាតំណាងរាស្ត្រនៅក្នុងសភា របស់មហាសេដ្ឋី ថាណាថន ដែលជាមេដឹកនាំបក្សប្រឆាំងដ៏ចំបងនៅប្រទេសថៃ។ តុលាការបានចោទ លោក ថាណាថន បានរំលោភច្បាប់បោះឆ្នោត ក្នុងសម័យបើឆ្នោតសភាកាលពីខែមីនា ២០១៨។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
“ចាប់ពីថ្ងៃនេះលោកថាណាថន អស់តួនាទីជាតំណាងរាស្ត្រ” នេះជាសេចក្តីប្រកាសរបស់ចៅក្រមនៃតុលាការធម្មនុញ្ញ ដើម្បីឱ្យតុលាការអាចដំណើរការសនវការជុំវិញបទចោទប្រកាន់ថាលោកថាណាថនបានរំលោភច្បាប់ ដោយមានភាគហ៊ុនក្នុងក្រុមហ៊ុនឃោសនាព័ត៌មាន ក្នុងអំឡុងពេលបោះឆ្នោត”។
នៅចំពោះមុខតុលាការធម្មនុញ្ញជាលើកដំបូង កាលពីថ្ងៃសុក្រ លោក ថាណាថន បានអះអាងជាថ្មីអំពីភាពបរិសុទ្ធរបស់លោក ដោយបញ្ជាក់ថា ភាគហ៊ុននោះត្រូវបានលក់ទៅម្តាយ តាំងពី៥ខែមុនការបោះឆ្នោតម្ល៉េះ។ សម្រាប់សកម្មជនគាំទ្រ សំណុំរឿងក្តីនេះ មានរឿងនយោបាយសុទ្ធសាធដែលគេតាក់តែងឡើងដើម្បីកម្ចាត់អ្នកនយោបាយដ៏មានប្រជាប្រិយភាពជាងគេតែប៉ុណ្ណោះ។
ប្រសិនបើតុលាការរកឃើញថាលោកពិតជារំលោភច្បាប់បោះឆ្នោតមែន នោះលោកថាណាថន មិនត្រឹមតែមិនអាចបន្តជីវិតនយោបាយបានទៀតទេ តែលោកថែមទាំងនឹងត្រូវរងការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។ នេះមិនមែនជាលើកទីមួយទេ ដែលបក្សនយោបាយប្រឆាំងថៃរងក្តីក្តាំនៅតុលាការ។ តុលាការធម្មនុញ្ញ ស្និទ្ធនឹងរដ្ឋាភិបាលកាន់អំណាច ធ្លាប់បានបំបិទសំឡេងប្រឆាំង ដោយបានសម្រេចរំលាយគណបក្សថៃរក្សាជាតិ របស់អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន តែប៉ុន្មានថ្ងៃមុនការបោះឆ្នោតសភា។
ក្នុងវ័យ៤០ឆ្នាំ ជាប្រមុខបក្សអណាខុតម៉ៃ ដែលជាបានក្លាយជាចរន្តនយោបាយធំលំដាប់ទីបី នៅក្នុងការបោះឆ្នោតសភាកាលពីខែមីនា លោកថាណាថន មិនរអានឹងធ្វើការវាយប្រហារក្រុមយោធាទេ ព្រមទាំងស្រែកទាមទារឱ្យថៃកាត់បន្ថយចំណាយផ្នែកយោធានិងបិទបញ្ចប់ការកេណ្ឌទ័ពថ្មី។ ជាករណីដ៏កម្រ គណបក្សអណាខុតម៉ៃនេះហ៊ានទាំងរិះគន់របបរាជានិយម ដ៏មានអំណាចបំផុតនៅក្នុងប្រទេសផង។ ក្រៅអំពីសំណុំរឿងចោទប្រកាន់រំលោភច្បាប់បោះឆ្នោតនេះ លោកថាណាថន រងការចោទប្រកាន់ជាច្រើនករណីទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ