ចិន​ច្រានចោល​ការរិះគន់​របស់​បារាំង​និង​អាល្លឺម៉ង់​រឿង​អ៊ុយហ្គួរ​និង​ហុងកុង

ទង់ជាតិ​ចិន​នៅ​ពីក្រោយ​រនាំង​លួស​ មួយ​កន្លែង​នៅ​ស៊ីងជាំង
ទង់ជាតិ​ចិន​នៅ​ពីក្រោយ​រនាំង​លួស​ មួយ​កន្លែង​នៅ​ស៊ីងជាំង GREG BAKER / AFP

រដ្ឋាភិបាល​ប៉េកាំង​ ច្រាន​ចោល​ទាំង​ស្រុង​នូវ​ការ​រិះគន់​របស់​បារាំង​អាល្លឺម៉ង់​ ស្តី​អំពី​ស្ថានភាព​​សិទ្ធិមនុស្ស​របស់​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម អ៊ុយហ្គួរ​នៅ​ស៊ីងជាំង​ និង​បាតុកម្ម​នៅ​ហុងកុង។ ចិន​បញ្ចេញ​ប្រតិកម្ម​បែប​នេះ ដោយ​នៅថ្ងៃ​​ម្សិលមិញ​ ​បារាំង​បានអំពាវនាវ​ឱ្យ​ចិន​បញ្ឈប់​​ទង្វើ​ចាប់​​ឃុំ​ឃាំងមនុស្ស​ទាំង​ហ្វូងៗ ក្រោម​លេសបញ្ជូន​ទៅ​​អប់​រំវិជ្ជាជីវៈ​។

ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ស៊ីងជាំង​ ក៏​ដូច​ជា​ហុងកុង ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​ទាំង​ស្រុង ដែលគ្មាន​រដ្ឋាភិបាល​បរទេស អង្គការ​​ស្ថាប័ន​ណា ឬ​បុគ្គល​ណា ឬ​​មហាអំណាច​ណា​មួយ​អាច​​ចូល​ជ្រៀត​ជ្រែក​បាន​ឡើយ។ នេះ​ជាប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន តប​ទៅ​សំដី​របស់​ប្រមុខ​ការ​ទូត​បារាំង និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ កាលពីម្សិលមិញ។

សូម​រំលឹក​ថា ​នៅ​ចំពោះ​មុខ​សភា លោកស្រី​មែរកិល បាន​គូស​បញ្ជាក់​អំពី​ភាព​ចាំ​បាច់​ដែល​ត្រូវ​រិះគន់សកម្មភាព​​រំលោភសិទ្ធិ​មនុស្ស​នៅ​ចិន និង​ត្រូវ​លើក​សរសើរ​ពលរដ្ឋ​ហុងកុង​ដែល​បាន​ចូល​រួម​បោះឆ្នោត​យ៉ាង​កុះករ។ ចំណែក​ប្រមុខ​ការទូត​បារាំង​វិញ លោក​បាន​អំពាវនាវ​ដោយ​​ត្រង់ៗឱ្យ​ប៉េកាំង​បិទ​​​ជំរំ​ឃុំ​ឃាំង​នៅ​ស៊ីងជាំង​ និង​​ព្រម​បើក​ទ្វារ​ឱ្យ​អង្គការ​សហប្រជាជាតិ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង។​ បើ​តាម​លោក​រដ្ឋមន្ត្រី ​បារាំង​​​កំពុង​​តាមដាន ដោយ​ប្រុង​ប្រយ័ត្ន​បំផុតដំណឹង​​និង​ភស្តុតាង​​ដែល​​ផ្សព្វផ្សាយ​ដោយ​សម្ព័ន្ធអ្នកសារព័ត៌មាន និង​បណ្តាញ​សារ​​ព័ត៌មានអន្តរជាតិ កាលពី​ថ្ងៃ​អាទិត្យ​​ អំពី​ប្រព័ន្ធ​គាប​សង្កត់យ៉ាងតឹងរ៉ឹងជាទីបំផុតរបស់ចិន លើជនជាតិភាគតិចអ៊ុយហ្គួរ ​ដោយ​មាន​​ការ​ចាប់​ឃុំឃាំង​​ទាំង​ហ្វូងៗ​នៅ​តំបន់​ស៊ីងជាំង​​។

ក្រោយ​ការ​ផ្សព្វផ្សាយ​នោះ​ភ្លាម ចិន​បាន​អះអាង​ថា​ជា​ការ​ប្រឌិត​ព័ត៌មាន​និង​បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​សារព័ត៌មាន​ថា​បាន​ប្រើ​វិធីសាស្ត្រ​ដ៏​គួរ​ស្អប់​ខ្ពើម​​ដើម្បី​ចាប់​ថ្នាក់​​ស្ថានភាព​នៅ​ស៊ីងជាំង​។ បើ​តាម​អង្គការ​ការពារសិទ្ធិមនុស្ស​ មាន​​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ភាគ​ច្រើន​ជាជនជាតិ​ភាគតិច​ ​អ៊ុយហ្គួរ​ប្រមាណ​ជា​១​លាន​នាក់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ជំរំ​លត់​ដំ​អប់​រំ​នយោបាយ​នៅ​ស៊ីងជាំង​។ ប៉ុន្តែ​​​ប៉េកាំង ​បាន​ច្រាន​ចោល​តួលេខ​នេះ និង​បាន​បញ្ជាក់​ថា ជា​មជ្ឈមណ្ឌល​​អប់រំ​វិជ្ជាជីវៈ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​ផ្តាច់​ខ្លួន​បែប​អ៊ីស្លាម​និយម​ ក្រោយ​ពី​ចិន​បាន​រង​ភេរវកម្ម​ពី​សំណាក់​សកម្មជន​អ៊ុយហ្គួរ​​​ កាលពី​ឆ្នាំ​កន្លង​ទៅ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI