អានតួអត្ថបទ

ភាពទាក់ទាញ​ក្នុងជំនួញ​ផលិតផល​ប្រណិតៗ​ធ្លាក់​​ចុះ​​នៅ​​ហុងកុង ទៅ​ឡើង​នៅចិន

បាតុករ​​សំរុក​ចូល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ ក្រុង​ហុងកុង​
បាតុករ​​សំរុក​ចូល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ ក្រុង​ហុងកុង​ REUTERS/Kim Kyung-Hoon
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

ក្រុមហ៊ុន​ផលិតផល​ប្រណិតៗ ​ម៉ាក​ថ្លៃៗ​ នឹង​កាត់​បន្ថយ​វត្តមាន​របស់​​ខ្លួន​នៅ​ហុងកុង ដែល​ញាំញី​ដោយ​ចលនា​បាតុកម្ម​​ទាមទារ​សេរីភាព​និង​ប្រជាធិបតេយ្យ​ តាំង​​​ពី​ជា​ច្រើន​ខែ​មក។ ហាង​ខ្លះ​នឹង​ត្រូវ​បិទ​ទ្វារនៅហុងកុង តែ​សកម្មភាព​នឹង​រីក​ចម្រើន​ខ្លាំង​នៅក្នុង​ដែន​ដី​ចិន។ ​ក្រុម​អ្នក​មាន​ចិន​ នឹង​​ងាក​ទៅ​បង្កើន​ការ​ទិញ​របស់​ម៉ាក​ នៅ​ក្នុង​ប្រទេសរបស់​ពួក​គេ​វិញ។ នេះ​បើ​តាមការ​ព្យាករ​របស់​ភ្នាក់ងារ​វាយតម្លៃ​​វិស័យ​ពាណិជ្ជកម្ម​ប្រណិតៗ​ Bain ដែល​មាន​ទីស្នាក់ការ​នៅ​មីឡង់​ប្រទេស​អ៊ីតាលី។

ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារ​Bain ដែល​​ពិភពអ្នក​ជំនួញ​ផលិតផល​ប្រណិតៗ​​ នៅ​លើ​ពិភព​លោក​ ចាំ​ស្តាប់​យោបល់​បំផុត​នោះ បាន​ព្យាករ​ថា ដោយ​ហេតុ​តែ​វិបត្តិ​បាតុកម្ម​នៅ​ហុងកុង​ ​ឆ្នាំ​២០១៩នឹង​បិទ​បញ្ចប់​ទៅ​ជាមួយ​នឹង​​កំណើន​សេដ្ឋកិច្ច​​​​ទាប​មែនទែន​ ត្រឹម​តែ​៤%​ប៉ុណ្ណោះ ទល់នឹង​ ៦% កាលពី​ឆ្នាំ​២០១៨ ក្នុង​វិស័យ​ផលិតផល​ប្រណិត​​ពិភពលោក។

ហើយ​ដោយ​ហេតុ​បាតុកម្មលែង​សូវ​មាន​​ទេសចរ សកម្មភាពលក់​ដូរ​របស់ម៉ាកល្បីៗ​​​​នៅ​ហុងកុង​ ​​​ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នៅ​ត្រី​មាស​ទី​បី ដែល​​ ជំរុញ​ក្រុមហ៊ុន​និង​ម៉ាក​មួយ​សម្រេច​ចិត្ត​បិទ​ទ្វារ​មួយ​រយៈ​។ នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​និង​ប្រណិត ដែល​ប្រមូល​ផ្តុំ​សរុប​ចំនួន​​ប្រមាណ​១០០០ ​ហាង​នៅ​ហុងក្រុង​ ម៉ាកប្រណិត​ខ្លះ​នឹង​ចាប់​បិទទ្វារ​រហូត​តែ​ម្តង​ ព្រោះ​​អតិថិជន​ក្នុង​ស្រុក (អ្នក​ហុងកុង) មិនអាច​នេះទ្រទ្រង់​អាជីវកម្ម​របស់​ហាង​ប្រណិតៗ​ទាំង​១ពាន់​នោះ​ឡើយ។ ​បើ​តាម​ការទស្សន៍ទាយ​របស់​Bain ដដែល។​

ទីផ្សារ​ផលិតផល​ប្រណិត​នៅ​ហុងកុង បាន​ឡើង​ខ្ពស់​ខ្លាំង​នៅ​ឆ្នាំ​២០១៣ ដោយ​មាន​ទំហំ​ដល់​ទៅ​១០ពាន់​លាន​អឺរ៉ូ តែនៅ​ឆ្នាំ​២០១៩ វា​នឹង​ធ្លាក់​មក​ត្រឹម​៦ពាន់​លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ។ ពោល​គឺហុងកុង​តំណាង​ឱ្យ​តែ​២%​នៃ​ទីផ្សារ​ផលិតផល​ប្រណិតៗ​ពិភពលោក​ប៉ុណ្ណោះ ទល់​នឹង​ប្រមាណ​៥%​កាលពី​មុន។

បើ​តាម​ភ្នាក់​ងារ Bain ក្រៅ​អំពី​បាតុកម្ម​ ប្រពៃណី​ចាយវាយ​របស់​ក្រុម​អ្នក​មាន​ចិន​កំពុង​វិវឌ្ឍ​ប្តូរ​ផ្លាស់។ ពួកគេ​នៅ​តែ​ហ៊ាន​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ប្រើ​របស់​ម៉ាក​ដដែល ប៉ុន្តែ​ពួកគេ​កាន់​តែ​ច្រើនឡើងៗ​សុខចិត្ត​ទិញ​ផលិតផល​ទាំងនោះ​ក្នុង​ទឹក​ដី​ចិន។ ម្យ៉ាងវិញ​ទៀត រដ្ឋាភិបាល​ប៉េកាំង​ បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ដ៏ទាក់ទាញ ​បញ្ចុះ​តម្លៃ​ពន្ធគយ​ផង​និង​ពន្ធ​លើ​តម្លៃ​បន្ថែម​ផង ទើប​ពលរដ្ឋ​ចិន​លែង​សូវ​ចង់​ធ្វើ​ដំណើរ​​​ទៅ​ហុងកុង ប៉ារីស ឡុងដ៍​ ឬ​ញូវយ៉ក​ ដើម្បី​ស្វែង​រក​ផលិតផល​ល្អ​ប្រណិតៗ។

អតិថិជនចិន​​ ​តំណាង​៣៥%​នៃ​ទីផ្សារ​​​ផលិតផល​​ប្រណិតពិភពលោក​ទូទៅ​ តែ​អថិតិជន​​ចិន​បាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​នេះមាន​កំណើន​​ដល់​ទៅ​៩០%​ នៅ​ឆ្នាំ​២០១៩។ នេះ​បើ​តាម​ភ្នាក់ងារ​Bain ដដែល។ ថ្វី​បើ​ប្រទេស​ចិន​មាន​សេដ្ឋកិច្ចដើរ​បន្ថយ​ល្បឿន​ក្តី ក៏​គេ​នៅ​ពុំ​ទាន់​សំឡឹង​ឃើញ​អំពី​ហានិភ័យ​​ក្នុង​វិស័យ​នេះ នៅ​ចិន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ