អានតួអត្ថបទ

អូស្រា្តលី​កំពុង​បន្ត​ប្រឈម​​នឹង​ភ្លើង​ឆេះព្រៃ​ដែលមាន​ឥទ្ធិពល និង​រីករាលដាល​កាន់​តែ​ធំ

អូស្រា្តលី​កំពុង​បន្ត​ប្រឈម​នឹង​ភ្លើង​ឆេះព្រៃ​ដែលមាន​ឥទ្ធិពល និង​រីករាលដាល​កាន់​តែ​ធំ
អូស្រា្តលី​កំពុង​បន្ត​ប្រឈម​នឹង​ភ្លើង​ឆេះព្រៃ​ដែលមាន​ឥទ្ធិពល និង​រីករាលដាល​កាន់​តែ​ធំ Reuters
១៤ នាទី

ប៉ែកខាងកើត​ប្រទេស​អូស្រ្តាលី​កំពុង​បន្ត​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​នឹង​ភ្លើង​ឆេះព្រៃ​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​កញ្ញា។ តែ​សន្ទុះ​អណ្តាត​ភ្លើង​មាន​កាន់​តែ​ខ្លាំង​ដែល​រដ្ឋអំណាច​មិន​អាច​ទប់​ស្កាត់​បាន ទោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ក្រុម​ជំនួយ​ពន្លត់អគ្គីភ័យ​មក​ពី​អាមេរិក និង​កាណាដា​ក៏​ដោយ។ គិត​មក​ទល់​ពេល​នេះ មាន​ផ្ទះ​ជាង ៧០០ខ្នង​ត្រូវ​បាន​បំផ្លាញ មាន​មនុស្ស​ស្លាប់​ចំនួន ៦នាក់ និង​ព្រៃ​ចំនួន ២លានហិចតា​ត្រូវ​បាន​ឆេះ​ខ្ទេច ពោល​ស្មើ​ពាក់កណ្តាល​នៃ​ផ្ទៃក្រឡាដី​ប្រទេស​ស្វីស។ បន្ទាប់​ពី​ទីក្រុង​ស៊ីដនី អ័ភ្រ​ពុល​ដែល​កើត​ចេញ​ពី​ផ្សែងភ្លើង​បាន​ចូល​គ្រប​ទីក្រុង​កង់បេរ៉ា​នា​ថ្ងៃ​អាទិត្យ ទី៨ ធ្នូ។ អ្វី​ដែល​ក្រុម​អ្នកពន្លត់អគ្គីភ័យ​កំពុង​បារម្ភ​ខ្លាំង គឺ​ស្ថានភាព​បរិយាកាស​មិន​អនុគ្រោះ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ជាមួយ​នឹង​កំណើន​សីតុណ្ហភាព​ខ្ពស់។ លោក​ស្ហេន ហ្វីតស៊ីមម៉ុន (Shane Fitzsimmons) ស្នងការ​សេវា​អគ្គីភ័យ​ក្នុង​រដ្ឋ New South Wales បាន​រៀបរាប់​ពី​ស្ថានការណ៍​ទូទៅ​។

ផ្សាយពាណិជ្ជកម្ម

« យើង​បាន​ចេញ​ការ​ហាម​មិន​ឲ្យ​មាន​ការ​ប្រើ​ភ្លើង​នៅ​ក្នុង​តំបន់​ចំនួន ៧ ក្នុង​នោះ​មាន​តំបន់​ជុំវិញ​ទីក្រុង​ស៊ីដនី នៅ​តាម​ជ្រលងភ្នំ​ហាន់ធ័រ (Hunter) និង​នៅ​ក្បែរ​ព្រំដែន​រដ្ឋ Queensland។ យើង​រាប់​ទៅ​ឃើញ​មាន​កន្លែង​ឆេះ​ចំនួន ៩០កន្លែង​ជានិច្ច ហើយ​មាន​ចំនួន​ពាក់កណ្តាល​នៅ​មិន​ទាន់​បាន​ពន្លត់​ទេ។ មាន​កន្លែង​ឆាប​ឆេះ​ចំនួន ១១កន្លែង​កំពុង​ស្ថិត​ក្នុង​កម្រិត​អាសន្ន​ខ្ពស់ ព្រោះ​អណ្តាតភ្លើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប៉ែក​ខាង​ជើង​ទីក្រុង​ស៊ីដនី និង​ឆ្លង​រាលដាល​ចូល​តំបន់​ឆ្នេរកណ្តាល។

យើង​មាន​កន្លែង​ឆេះ​មួយ​ទៀត​នៅ​ប៉ែក​ភាគនិរតី​ក្រុង​ស៊ីដនី និង​មាន​ប្រភព​ភ្លើង​ថ្មី​បាន​លេចឡើង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី៧ ធ្នូ​នៅ​ខូស្វ ហាបឺ (Coffs Harbour) ស្ថិត​ប៉ែក​ខាងជើង​ក្រុង​ស៊ីដនី។ មាន​កន្លែង​ឆាបឆេះ​ជា​ច្រើន​កំពុង​កើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង ហើយ​វា​នឹង​មាន​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ថ្ងៃ​អង្គារ ទី១០ ធ្នូ​សប្តាហ៍​ក្រោយ យើង​កំពុង​រងចាំ​សីតុណ្ហភាព​ឡើង​ខ្ពស់​ក្នុង​ចន្លោះ​ពី ៣០ ទៅ ៤០អង្សារ។ នេះ​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត។ សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​ក្នុង​ពិធី​បុណ្យ​ចុង​ឆ្នាំ ខ្ញុំ​ស្នើ​ដល់​ពួក​គេ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន។

ផ្លូវសំខាន់ៗ​ជា​ច្រើន​ត្រូវ​បាន​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍ និង​មាន​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​បិទ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ គ្រោះថ្នាក់​គឺ​ពិត ហើយ​គេ​ត្រូវ​ដឹង​ពី​របៀប​គេច​យ៉ាង​ឆាប់​រហ័ស បើ​មាន​ការ​គំរាមកំហែង​ដោយ​ភ្លើង ទោះ​បី​ជា​គេ​ស្ថិត​ឆ្ងាយ​ពី​តំបន់​ពាក់ព័ន្ធ​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ក៏​ដោយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ