ថៃ

ជាប់គុក ២៥​ឆ្នាំ​ដោយសារ​សរសេរ​សារ ៥ ទាក់ទង​នឹង​ព្រះមហាក្សត្រ​ថៃ​នៅក្នុង​ហ្វេសប៊ុក

ព្រះមហាក្សត្រ​ថៃ ភូមិបុល​ត្រូវ​បាន​ប្រជាជន​ថៃ​ចាត់ទុក​ជា​ស្តេច​ពាក់កណ្តាល​អាទិទេព
ព្រះមហាក្សត្រ​ថៃ ភូមិបុល​ត្រូវ​បាន​ប្រជាជន​ថៃ​ចាត់ទុក​ជា​ស្តេច​ពាក់កណ្តាល​អាទិទេព AFP PHOTO/Christophe ARCHAMBAULT

នៅ​ប្រទេស​ថៃ បុរស​វ័យ ៥៨​ឆ្នាំម្នាក់ ត្រូវ​បាន​តុលាការ​យោធា នៅថ្ងៃ​ពុធនេះ កាត់ទោស ឲ្យ​ជាប់គុក ២៥​ឆ្នាំ ពី​បទ​បានចុះ​ផ្សាយ សារ ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។ អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ប្រតិកម្ម​រិះគន់ ដោយ​ចាត់ទុក ការសម្រេច​របស់​ចៅក្រម​ថា មិន​យុត្តិធម៌ និងធ្ងន់ធ្ងរ មានន័យ ស្មើ​នឹង​ការដាក់​គុក​អស់​មួយជីវិត បើ​មើល​ទៅលើ​អាយុ​របស់​ជនជាប់​ចោទ។  

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សវនាការ​បិទទ្វារ ជិត មិន​ឲ្យ​សាធារណជន​ចូលស្តាប់ តុលាការ​យោធា​ថៃ បាន​សម្រេច​កាត់ទោស អ្នកជំនួញ​​ថៃ​ម្នាក់ ឲ្យ​ជាប់គុក ២៥​ឆ្នាំ។ ដំបូងឡើយ ចៅក្រម​បាន​ប្រកាស​ដាក់​ពិន័យ ទោស​ជាប់គុក ១០ឆ្នាំ សម្រាប់​សារ​នីមួយៗ​ដែល​ជនជាប់ចោទ បាន​សរសេរ​នៅក្នុង​ទំព័រ​សង្គម​ហ្វេសប៊ុក​របស់ខ្លួន។ សារ​ចំនួន ៥​ត្រូវ​បាន​ចៅក្រម​ចាត់ទុក​ថា មាន​ខ្លឹមសារ​និយាយ​​ដៀមដាម ដែល​មាន​ន័យ​ស្មើ​ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ។ ប៉ុន្តែ ដោយ​ជនជាប់​ចោទ​បាន​សារភាព​កំហុស ទទួល​ស្គាល់​ទង្វើ​របស់ខ្លួន ចៅក្រម​តុលាការ​យោធា បាន​កាត់បន្ថយ ទោស​ពី​៥០ មក​នៅ​ត្រឹម​២៥ ឆ្នាំ វិញ។ ដោយសារ សាលក្រម​ធ្វើឡើង ដោយ​តុលាការ​យោធា​ថៃ បុរស​អភ័ព្វ មិនអាច​ប្តឹង​ទៅ​ឧទ្ធរណ៍ បានទេ។

 
ចំនួន​ឆ្នាំ​ជាប់​ពន្ធនាគារ​ត្រូវ​បាន​កាត់បន្ថយ​មក​នៅ​ពាក់កណ្តាលមែន ប៉ុន្តែ ​មេធាវី កាពារ​ចុងចោទ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ នៅ​តែ​ចាត់ទុកថា វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ជ្រុល​ហួសហេតុ បើប្រៀបធៀប​នឹង​អ្វី​ដែល​ជនជាប់ចោទ បាន​ប្រព្រឹត្ត។

សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty Internationale តាមរយៈ​ការផ្តន្ទាទោស មិនសម​ហេតុផល​យ៉ាងដូច្នេះ គេឃើញថា អាជ្ញាធរ​ថៃ​កំពុង​ដំឡើង សាច់ដុំ គំរាម​ដាក់​រាល់​អ្នក​ដែល​មិន​យល់ស្រប​នឹង​ខ្លួន។

ចំនួន​មនុស្ស​ត្រូវ​ផ្តន្ទាទោស ដោយសារ​ការជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ បាន​កើនឡើង ខ្លាំង ចាប់តាំង​ពី​យោធា ធ្វើ​រដ្ឋប្រហារ ចូល​កាន់កាប់​អំណាច ជំនួស រដ្ឋាភិបាល​ស៊ីវិល។ ជា​មធ្យម មនុស្ស ៤០០​នាក់ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ចាប់ពី ៣ ទៅ ១៥​ឆ្នាំ ដោយសារ​បទ​ចោទ​ប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ។

មួយរយៈ​ចុងក្រោយនេះ ​អ្នកលេង​អ៊ីនធ័រនែត​ថៃ ជាច្រើន​នាក់ ត្រូវ​បាន​ចាប់​ដាក់គុក​បន្ទាប់​ពី​បាន​បាន​​សរសេរ​ពាក្យពេជន៍ ដែល​យោធា​ចាត់ទុក​ថា បាន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​សាច់ញាតិ​រាជវង្ស ឬ​ព្រះរាជបល្ល័ង្ក។ សមាគម​ជា​ច្រើន ត្រូវ​បាន​បង្កើត​ឡើង ដោយ​យោធា​ចូលនិវត្តន៍​ថៃ ដើម្បី​តាមដាន​ប្រមាញ់​រក​អ្នកលេង​អ៊ីនធ័រនែត​ណា ដែល​ហ៊ាន​សរសេរ​ពាក្យ​មិនសមរម្យ​ទាក់ទង​នឹង​ព្រះរាជវាំង។ សមាគម​ទាំង​នោះ​ដែល​ដាក់​ឈ្មោះថា “តាមប្រមូល​សំរាម” បាន​បង្កើត​ទំព័រ​សង្គម ហ្វេសប៊ុក និង​បាន​ទទួល​ដំណឹង​ជា​ច្រើន ពី​អ្នកលេង​អ៊ីនធ័រនែត​ដទៃ​ទៀត ដែល​បាន​បរិហារ​ជាបន្តបន្ទាប់ អ្នកដែល​សរសេរ​សារ​ប៉ះពាល់​ស្តេច​ថៃ។

សាលក្រម​ផ្តន្ទាទោស អ្នកសរសេរ​ហ្វេសប៊ុក ធ្វើឡើង នៅ​មួយថ្ងៃ​ក្រោយ​ប្រមុខ​ដឹកនាំ​យោធា​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា ប្រកាស​គម្រោង​ប្រើ​ក្រឹត្យ លេខ ៤៤ ដើម្បី ជំនួស ច្បាប់​អាជ្ញា​សឹក ដែល​របប​សឹក បាន​ស្នើ ទៅព្រះចៅ​ភូមិបុល ដើម្បី​ដក​លើក​ចេញ​ពី​ផ្ទៃប្រទេស។ តាម​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ក្រឹត្យ​លេខ ៤៤​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី នឹង​ផ្តល់​អំណាច​ពេញទី ដល់​លោក​ប្រាយុទ្ធ ចាន់អូចា និង​ក្រុមទាហាន ដើម្បី​ចាប់​ក្រុមអ្នកប្រឆាំង នឹង​ខ្លួន ដោយ​មិន​ចាំបាច់ ឆ្លងកាត់​សភា ឬ​រង់ចាំ​សាលដីកា​របស់​តុលាការ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI