អានតួអត្ថបទ
ភូមា

សហភាព​អឺរ៉ុប​រិះគន់​ច្បាប់​អាពាហ៍ ពិពាហ៍​ភូមា

សមាជិក​រដ្ឋ​សភា​ភូមា
សមាជិក​រដ្ឋ​សភា​ភូមា ©REUTERS/Hnin Yadana Zaw
ដោយ៖ ឈាង បុប្ផា
1 នាទី

សហភាព​អឺរ៉ុប​បានចេញ​សេចក្តី​ថ្លែងការណ៍ ​ប្រតិកម្ម នៅថ្ងៃ​ព្រហស្បតិ៍ រិះគន់​ច្បាប់​អាពាហ៍ ពិពាហ៍​ភូមា ដែល​ទើប​ត្រូវ​បាន​សភា​បោះឆ្នោត អនុម័ត កាលពីថ្ងៃ​អង្គារទី ៧ កក្កដា។ តាម​សហភាព​អឺរ៉ុប ច្បាប់អាពាហ៍ ពិពាហ៍​មាន​គោលដៅ ​បិទ​សិទ្ធិ​សេរីភាព​របស់​ស្រ្តី​ភូមា ដែល​ចង់​រៀបអាពាហ៍ ពិពាហ៍​ជាមួយ​នឹង​បុរស ដែល​កាន់​សាសនា ផ្សេង ក្រៅពី​ពុទ្ធសាសនា។ 

ផ្សាយពាណិជ្ជកម្ម

ច្បាប់​អាពាហ៍ ពិពាហ៍​ដែល​អ្នកតំណាងរាស្រ្ត​ភូមា​បាន​បោះឆ្នោត​អនុម័ត កាលពីថ្ងៃ​អង្គារ​មាន​លក្ខណៈ​រើសអើង​សុទ្ធសាធ និង​បិទសិទ្ធិ​សេរីភាព​របស់​ស្រ្តី​ពុទ្ធសាសនិក ភូមា ដែល​ចង់​រៀបការ​ជាមួយ​នឹង​បុរស​ដែល​មក​ពី​សាសនា​ដទៃ។ នៅក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សហភាព​អឺរ៉ុប​បាន​វាយតម្លៃ​ថា ច្បាប់​អាពាហ៍ ពិពាហ៍ ធ្វើឡើង ដោយ​មិនត្រឹមត្រូវ មិនសមស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ស្តី​ពី​សិទ្ធិមនុស្ស។

 
នៅក្នុង​ច្បាប់​អាពាហ៍ ពិពាហ៍​ភូមា គេ​បាន​ចែងថា ដែល​ស្រ្តី​ពុទ្ធសាសនិក​ភូមា ដែល​ត្រូវ​រៀបការ​ជាមួយ​បុរស​កាន់សាសនា​ដទៃ ក្រៅពី​ពុទ្ធសាសនា ត្រូវ​ដាក់ពាក្យ​សុំ​ការអនុញ្ញាតិ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​បិទ​ដំណឹង​ភ្ជាប់ពាក្យ ជា​សាធារណៈ។ ស្រ្តីភូមា នឹង​អាច​រៀបអាពាហ៍ ពិពាហ៍ បើសិន​គ្មាន​ការជំទាស់​ពី បុគ្គល​ណាម្នាក់។ អ្នកដែល​ល្មើស មិន​គោរព​តាម​ច្បាប់ អាពាហ៍ ពិពាហ៍ នឹង​ត្រូវ​ទទួល​រងទោស​ជាប់ពន្ធនាគារ ២​ឆ្នាំ។

តាម​សមាជិក​សភា មកពី​គណបក្ស​កាន់អំណាច ច្បាប់អាពាហ៍ ពិពាហ៍ មាន​គោលដៅ​ការពារ​ប្រយោជន៍ តាំងពី​សិទ្ធិ​លែងលះ សិទ្ធិ​ទទួល​ទ្រព្យសម្បត្តិ និង​ការពារ​សិទ្ធិ​ចិញ្ចឹមកូន ឲ្យ​ស្រ្តី កាន់ពុទ្ធសាសនា ដែលត្រូវ​រៀបការ​ជាមួយ បុរស​ដែល​មកពី​សាសនា​ដទៃ។ ច្បាប់​អាពាហ៍ ពិពាហ៍ ភូមា ស្ថិតនៅក្នុង​ចំណោម​ច្បាប់​ដ៏ចម្រូងចម្រាស​ចំនួន ៤ ដែល​រដ្ឋាភិបាល​ភូមា បង្កើតឡើង គ្រប់គ្រង​ប្រជាជន ដែល​នៅក្នុង​នោះ ក៏​មាន​ផងដែរ ច្បាប់​កំណត់​អត្រាកំណើត សម្រាប់​សហគមន៍​កាន់សាសនា​អ៊ីស្លាម។ លោកស្រី អ៊ុងសាន ស៊ូជី ប្រធាន​គណបក្ស​ប្រឆាំង រិះគន់​ច្បាប់​អាពាហ៍ពិពាហ៍ ដែល​លោកស្រី​ជឿថា កំពុង​រំលោភ​សិទ្ធិ​ស្រ្តីភូមា។ ចំណែក​ក្រុមការពារ​សិទ្ធិមនុស្ស​វាយតម្លៃថា រាល់​ច្បាប់​គ្រប់គ្រង​ប្រជាជន​ភូមា ដែល​រដ្ឋាភិបាល​របស់លោក​ថេន សេន តាក់តែង ឡើង គឺ​ធ្វើ​ទៅតាម​ការប៉ង​ចង់​បាន​របស់​ចលនា​ក្រុមព្រះសង្ឃ​ជាតិ​និយម​ភូមា ដែល​ឃោសនា ថា អាស៊ី ក្នុង​នោះមាន​ភូមា ដែល​អ្នកកាន់​សាសនា​ព្រះពុទ្ធ​ច្រើន លើសលប់ នឹង​ត្រូវ​លុកលុយ គ្របដណ្តប់​ដោយ​សាសនា​អ៊ីស្លាម​ទៅ​នឹង​ថ្ងៃ​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ