អានតួអត្ថបទ
ជីហាតអ៊ីស្លាម

កូនប្រុស​សំណព្វ​ប៊ីន ឡាឌែន ​​ត្រូវ​អាមេរិក​ចាត់​ទុក​ជា​ភេរវជន​អន្តរជាតិ ​នៅ​ក្នុង​បញ្ជី​ខ្មៅ

Hamza Ben Laden ​កូនប្រុស Oussama Ben Laden ក្នុងវីដេអូនៅ​ឆ្នាំ​​២០០១
Hamza Ben Laden ​កូនប្រុស Oussama Ben Laden ក្នុងវីដេអូនៅ​ឆ្នាំ​​២០០១ AFP PHOTO/AL-JAZEERA
ដោយ៖ ម៉ម ពិសី
១៧ នាទី

ក្រសួង​ការបរទេស​អាមេរិក​ ទើប​បាន​ចាត់​បញ្ចូល​កូន​ប្រុស​របស់​ ប៊ីន ឡាឌែន ​ម្នាក់ ​ទៅក្នុង​បញ្ជី​ខ្មៅ​​​ ដែល​មាន​រាយឈ្មោះ ​មេ​ភេរវកម្ម​អ៊ីស្លាម​ធំៗ ​ ហើយ​ដែល​សហរដ្ឋ​អាមេរិក ​បិទ​មិន​ឲ្យ​មាន​ទំនាក់ទំនង​អ្វី​ទាំងអស់ ​ជាមួយ​មនុស្ស​ទាំង​នេះ។ តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​សារព័ត៌​មាន​នានា ​កូនប្រុស​របស់ ​ប៊ីន ឡាឌែន​ មាន​អាយុ​២៥​ឆ្នាំ ​ឈ្មោះ ​Hamza Ben Laden ​គឺ​ជា​កូន​ប្រុស​សំណព្វ ​ហើយ​ធ្លាប់​បាន​ប្រកាស​ថា​ចង់​ ក្លាយ​ជា​មេក្លោង​ជីហាត​អ៊ីស្លាម​ ស្នង​តំណែង​ពី​ឪពុក​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

យោង​តាម​ប្រភព​ពី​ក្រសួង​ការបរទេស​អាមេរិក ​ ជន​ឈ្មោះ ​Hamza Ben Laden ​គឺ​ជា​កូន​ប្រុស​របស់​ Oussama Ben Laden ​កើត​នៅ​ឆ្នាំ​១៩៨៩ ​នៅក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត។ ជននេះ ​ធ្លាប់​បាន​សរសេរ​លិខិត ​ផ្ញើរ​ទៅ​កាន់​ឪពុក​ខ្លួន ​ នៅ​រវាង​ឆ្នាំ​២០០៩ ​ដើម្បី​សំដែង​ពី​ការ​ប្តេជ្ញាចិត្ត ​ចូល​ធ្វើ​ជា​ជីហាត​អ៊ីស្លាម​ ស្នង​តំណែង​ពី​ឱពុក។ តាម​ប្រភព​ស៊ើបការណ៍​ជាច្រើន ​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ជន​នេះ ​គឺ​ជា​កូន​សំណព្វ​របស់​ Ben Laden។

 
ទី​ភ្នាក់ងារ​ស៊ើបការណ៍​​សំងាត់ ​និង​ក្រសួង​ការបរទេស​អាមេរិក​ បាន​សម្រេច​ចាត់ទុក​មនុស្ស​នេះ ​ គឺ​ជា​សមាជិក​ក្រុម​ភេរវកម្ម​អន្តរជាតិ ​ដោយ​យោង​ទៅ​លើ​ហេតុផល​ពី​ជាក់​ស្តែង។ ទីមួយ​គឺ​ កាលពី​ខែ​សីហា ​ឆ្នាំ​២០១៥​ ក្រុម​អាល់កៃដា ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ​ជន​ឈ្មោះ​ Hamza Ben Laden​ គឺ​ជា​សមាជិក​បំរើ​ឲ្យ​ចលនា​ជីហាត​អ៊ីស្លាម​នេះ​ ហើយ​ហេតុផល​ទីពីរ​ គឺ​ ជននេះ​ផ្ទាល់ ​បាន​ធ្វើ​ការ​ប្រកាស​តាម​សារ​ជា​សម្លេង ​ ផ្ញើរ​ទៅ​កាន់​ជន​ជីហាត​ទូទាំង​ពិភពលោក ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ​ថា​ត្រូវ​វាយ​ប្រហារ ​និង​បំផ្លាញ​ផល​ប្រយោជន៍​របស់​អាមេរិក ​បារាំង​ និង​អ៊ីស្រាអែល។ កាលពី​ខែ​សីហា ​Hamza Ben Laden ​ក៏​បាន​ប្រកាស​ឲ្យ​ប្រជាជន​អារ៉ាប៊ីសាអូឌីត ​រើ​បំរះ ​ដើម្បី​រំលាយ​របប​គ្រប់គ្រង​របស់​គ្រួសារ​ស្តេច​អារ៉ាប៊ីសាអូឌីត​ ដែល​ជន​នេះ​ចាត់​ទុក​ថា​ជា​អាយ៉ង​របស់​អាមេរិក។

ចាប់ពី​ពេល​នេះ​ទៅ ​Hamza Ben Laden ​មាន​ឈ្មោះនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ​ដែល​មាន​ន័យ​ថា ​រាល់​គណនី​ធនាគារ ​និង​ចរន្ត​បង្វិល​សាច់​ប្រាក់​ចេញ​ពី​សហរដ្ឋ​អាមេរិក ​ ទាក់ទិន​នឹង​ឈ្មោះ​នេះ​ នឹង​ត្រូវ​បិទ​ទាំង​អស់។ មួយវិញ​ទៀត ​ រដ្ឋាភិបាល​អាមេរិក​ បាន​ហាមឃាត់ ​ មិន​ឲ្យ​មាន​ការ​ធ្វើ​ជំនួញ​រកស៊ី ​ពាក់ព័ន្ធ​ជាមួយ​នឹង​ជន​នេះ​ទេ។ មេក្លោង​ភេរវកម្ម​នៅ​អេហ្ស៊ីប​ម្នាក់​ទៀត​ឈ្មោះ ​Ibrahim al-Banna ​ក៏​មាន​កិត្តិយស ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នេះ​ដែរ។

សូម​បញ្ជាក់​ថា ​ចាប់​តាំង​ពី ​Oussama Ben Laden ​មេ​ក្លោង​អាល់កៃដា ​ ត្រូវ​បាន​សម្លាប់​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១១ ​ក្រុម​អាល់កៃដា ​មាន​មេដឹកនាំ​ថ្មី​ឈ្មោះ ​Ayman al-Zawahiri។ ក៏​ប៉ុន្តែ​ក្រុម​អាល់​កាយ​ដា ​បាន​ថមថយ​កម្លាំង​ជា​បន្តបន្ទាប់ ​បន្ទាប់​ពី​មាន​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ជីហាត​មួយ​ទៀត​មក​ប្រជែង ​ នោះ ​គឺក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ដែល​មាន​ប្រភព​នៅ​ស៊ីរី​ និង​អ៊ីរ៉ាក់​ ហើយ​ដែល​មាន​មេក្លោង​ឈ្មោះ ​Abou Bakr al-Baghdadi។ យ៉ាងណាមិញ ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ​មេ​ក្លោង​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ទាំងពីរ​នេះ ​ បាន​ចេញ​មុខ​ឈ្មោះ​ប្រកែក​គ្នា​យ៉ាង​ចំហរ ​ ដោយ​ជន​ឈ្មោះ ​Ayman al-Zawahiri ​បាន​បរិហារ ​ជន​Abou Bakr al-Baghdadi ​ថា​បាន​ផ្សព្វផ្សាយ​បោកប្រាស់ ​បង្កាច់​បង្ខូច​ឈ្មោះ​ក្រុម​អាល់កៃដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ