ថៃ

យោធា​ថៃ​​នឹង​ប្រើកម្លាំង​អាវុធ​កំចាត់​បាតុករ​អាវក្រហម​បើសិន​ជា​ចាំបាច់

លោកអភិស៊ីទ​នាយករដ្ឋមន្ត្រី​ថៃ
លោកអភិស៊ីទ​នាយករដ្ឋមន្ត្រី​ថៃ ©Reuters

នៅថ្ងៃ​អាទិត្យ​នេះ​​កងកម្លាំង​​រក្សា​សន្តិសុខ​ថៃ​​បាន​​គំរាម​​ថា​នឹង​​ ប្រើ​កម្លាំង​អាវុធ​​ដើម្បី​​កំចាត់​​ពួក​​បាតុករ​​អាវ​ក្រហម​​ប្រឆាំង​​ រដ្ឋាភិបាល​​ដែល​កាន់​កាប់​សង្កាត់​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ បាងកក​អស់រយៈ​ប្រាំពីរ​សប្តាហ៍​មកហើយ។​

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សៀក សារិន

នាយករដ្ឋមន្ត្រី​ថៃ​អភិស៊ីទ​បាន​ធ្វើការ​គំរាម​ពួក​បាតុករ​អាវក្រហម​នៅ​ថ្ងៃ ​អាទិត្យ​នេះថា​ ពួក​អាវក្រហម​អាច​នឹង​ទទួល​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ បើ​ប្រសិន​ជា​ពួកគេ​ពុំ​បញ្ឈប់​បាតុកម្ម​ដែល​បាន​ធ្វើ​ឲ្យ​សង្កាត់​ ពាណិជ្ជកម្ម​នៃ​ទីក្រុង​បាងកក​ជាប់​គាំងស្ទះ​អស់​រយៈ​ជាង​៧​សប្តាហ៍​មក​ហើយ​ ទេនោះ។​ ហើយ​ចាប់​ពីពេល​នេះ​តទៅ​ រដ្ឋាភិបាល​ថៃ​នឹង​ចាត់​វិធានការ​ដែលអាច​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​និង​មាន​ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​នឹង​ពួក​បាតុករ​ អាវក្រហម​ប្រឆាំង​រដ្ឋាភិបាល។​ នេះ​ជា​សេចក្តី​ថ្លែង​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​តាម​រយៈ​កញ្ចក់ ​ទូរទស្សន៍​នៃ​កម្មវិធី​ប្រចាំ​សប្តាហ៍។

បើ​យោងតាម​អ្នក​នាំពាក្យ​នៃ​កង​កម្លាំង​យោធា​ថៃ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា​ រដ្ឋាភិបាល​បាន​ឲ្យ​បញ្ជា​ទៅ​នគរបាល​ឲ្យ​កំចាត់​ពួក​បាតុករ​អាវក្រហម​ចេញ​ពី ​តំបន់​ឋិត​នៅ​ជិត​មន្ទីរ​ពេទ្យ​Chulalongkorn​ដែល​ឋិត​នៅ​ជិត​សង្កាត់​ ពាណិជ្ជកម្ម​Silom​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាជន។

បាន​ជា​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​គំរាម​កំចាត់​បាតុករ​អាវក្រហម​ប្រឆាំង​ រដ្ឋាភិបាល​នៅ​ពេល​នេះ​ ប្រហែល​ជា​អភិស៊ីទ​យល់​ថា​ វិបត្តិ​នយោបាយ​ថៃ​បាន​អូស​បន្លាយ​យូរ​ពេល​ពេក​​ហើយ។​ ហើយ​ស្ថានការណ៍​នយោបាយ​ថៃ​បច្ចុប្បន្ន​នេះ​ប្រៀប​បាន​ទៅនឹង​ផ្លែឈើ​ដែល​មាន​ សភាព​ទុំ​គ្រប់គ្រាន់​អាច​នឹង​ឲ្យ​គេ​បេះ​ប្រឡេះ​បាន​យ៉ាង​ងាយ​ស្រួល។​ ហើយ​សកម្មភាព​ច្របូក​ច្របល់​របស់​ពួក​អាវក្រហម​នៅ​មន្ទីរ​ពេទ្យ​ Chulalongkorn​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ដែល​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ ដល់​កិត្តិនាម​របស់​ពួក​អាវក្រហម​ក៏​អាច​ជា​កត្តា​មួយដែរ។

ឆ្លើយតប​ទៅនឹង​ការ​គំរាម​​វាយ​បង្ក្រាប​របស់​នគរបាល​ ពួក​អាវក្រហម​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ពូកគេ​យល់ព្រម​ដក​ចេញ​​របាំង​ខាឃាំង​ដែល​ធ្វើឲ្យ​មាន​ឧបសគ្គ​ដល់​ការ​ចេញចូល ​នៃ​មន្ទីរ​ពេទ្យ​Chulalongkorn​ ក៏​ប៉ុន្តែ​គេ​ពុំ​ព្រម​បញ្ឈប់​បាតុកម្ម​នៅ​សង្កាត់​ពាណិជ្ជកម្ម​នៃ​ទីក្រុង ​បាងកក​ដែល​ពូកគេ​បាន​កាន់កាប់​អស់​រយៈ​ជា​ច្រើន​សប្តាហ៍​ឡើយ។​ ហើយ​ពួក​បាតុករ​អាវ​ក្រហម​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ប្រយុទ្ធ​តទល់​នឹង​ កង​កម្លាំង​រក្សា​សន្តិសុខ។

គួរ​កត់​សម្គាល់ថា​ ការប៉ុនប៉ង​បង្ក្រាប​កំចាត់​បាតុករ​អាវ​ក្រហម​កាល​ពី​ថ្ងៃ​ទី​១០​មេសា​កន្លង ​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២៥​នាក់​និង​របួស​ប្រមាណ​៨០០នាក់។

រដ្ឋាភិបាល​អភិស៊ីទ​មាន​ជំនួប​ប្រជុំ​គ្នា​ជា​បន្ទាន់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នយោបាយ​ថៃ​ដែល​អូស​បន្លាយ​ពេល​យូរ​ ហើយ​កាន់​តែ​មាន​ភាព​ហិង្សា​ឡើង​ដែល​អង្គការ​International Crisis Group យល់ថា​អាច​រីក​រាល​ដាល​ទៅ​ជា​សង្គ្រាម​ស៊ីវិល​ផងទៀត។

នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​បាន​ថ្លែង​គូស​បញ្ជាក់​ទៀតថា​ ជំនួប​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​បាន​ឧទ្ទិស​ទៅ​លើ​បញ្ហា​ច្បាប់​និង​វិធានការ​ សម្រាប់​កង​កម្លាំង​រក្សា​សន្តិសុខ។

បើ​យើង​ពិនិត្យ​មើល​ស្ថានការណ៍​នយោបាយ​ថៃ​ឲ្យ​បាន​ល្អិត​ល្អន់​ យើង​នឹង​ឃើញ​ថា​ ទាំង​ភាគី​អាវ​ក្រហម​ដែល​គាំទ្រ​លោក​ថាក់ស៊ីន​ ទាំង​ភាគី​អាវ​លឿង​អ្នក​រាជានិយម​ដែល​គាំទ្រ​លោក​អភិស៊ីទ​ សុទ្ធ​តែ​នៅ​ប្រកាន់​យក​ឥរិយាបថ​រឹងមាំ​ ពុំ​ព្រម​ចុះ​ចាញ់​គ្នា​រៀងៗខ្លួន។​ ហើយ​ពាក្យ​សំដី​របស់​លោក​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទៀត ​សោត​ ក៏​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ វិបត្តិ​នយោបាយ​ថៃ​ពិត​ជា​មាន​ការ​លំបាក​នឹង​រិះ​រក​ដំណោះ​ស្រាយ​បាន​ដោយ​ សន្តិវិធី​តាម​រយៈ​កិច្ចចរចា។​ ទោះជា​មាន​របាយការណ៍​របស់​អង្គការ​International Crisis Group​ដែល​បាន​ស្នើ​ឲ្យ​មាន​ជំនួយ​និង​អន្តរាគមន៍​ពី​សំណាក់​ឥស្សរជន​ សំខាន់ៗ​ក្នុងលោក​ មាន​ដូចជា​ប្រធានា​ធិបតី​Timor ខាងកើត​លោក​Jose Ramos Horta ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI