អានតួអត្ថបទ
ឥណ្ឌូណេស៊ី

AirAsia៖​យន្តហោះ​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​អ្នក​បើកបរ​ជនជាតិ​បារាំង ​នៅ​មុន​ពេល​ធ្លាក់

កន្ទុយ​យន្តហោះ AirAsia QZ8501 ត្រូវ​បានស្រង់ចេញ​​ពីសមុទ្រ ថ្ងៃទី ១១ មករា ២០១៥
កន្ទុយ​យន្តហោះ AirAsia QZ8501 ត្រូវ​បានស្រង់ចេញ​​ពីសមុទ្រ ថ្ងៃទី ១១ មករា ២០១៥ REUTERS/Zulkarnain/Pool
ដោយ៖ ម៉ម ពិសី
១៤ នាទី

យន្តហោះ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia​ ដែល​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី ​២៨ ​ធ្នូ ​ឆ្នាំ​២០១៤ ​ពេល​នេះក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដឹង​ ពី​តំរុយ​ខ្លះៗពី​មូលហេតុ​នៃ​ការ​ធ្លាក់​ហើយ។ ​តាម​ការ​ឲ្យ​ដឹង ​ពី​អាជ្ញាធរ ​របស់ឥណ្ឌូណេស៊ី ​ដោយ​បាន​ឆ្លង​កាត់​ការ​វិភាគ​ លើ​ប្រអប់​ខ្មៅបាន​បញ្ជាក់​ថាយន្តហោះ​​បាន​ហោះ​ឡើង​​ទៅលើ​ត្រង់ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខុស​ពី​ធម្មតា ​មុន​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ។តាម​ព័ត៌មាន​ចុងក្រោយ​ពីក្រុម​អ្នក​ស្រាវជ្រាវ​ ឥណ្ឌូណេស៊ី​ដែរ ​គឺ​ថា ​មុន​ពេល​ដែល​យន្តហោះ​ធ្លាក់​ យន្តហោះ​នេះ ​ស្ថិត​ក្រោម​ការ បញ្ជា ​របស់​សហ​អាកាសយានិក​ជនជាតិ​បារាំង។

ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​មួយ​ខែ​មក​ហើយ ដែល​ក្រុម​ស្រាវជ្រាវ​ឥណ្ឌូណេស៊ី បាន​ធ្វើការ​យ៉ាង​ត្រដាប​ត្រដួល ដើម្បី​ស្រង់​យក​សាកសព​មនុស្ស និង​បំណែក​យន្តហោះ​ចេញ​ពីសមុទ្រ។ ទោះ​បី​ជា​យ៉ាងណា អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​មិន​ទាន់​បាន​សន្និដ្ឋាន​ឲ្យ​ជាក់លាក់ អំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ AirAsia ធ្លាក់​នោះ​ទេ។ ក្រុម​អ្នក​ស្រាវជ្រាវ​គ្រាន់តែ​បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​យន្តហោះ​ជួប​គ្រោះថ្នាក់​ អាកាសធាតុ​មាន​លក្ខណៈ​អាក្រក់​ជា​ខ្លាំង ដោយ​មាន​ខ្យល់​ព្យុះ និង​ភ្លៀង​ទៀត​ផង។

 
ដោយ​យោង​តាម​ទិន្នន័យ​របស់ ប្រអប់​ខ្មៅ យន្ត​ហោះ​នេះ បាន​ហោះឡើង​ទៅ​លើ​ត្រង់​ខុស​ពី​ធម្មតា ក្នុង​ល្បឿន​យ៉ាង​លឿន​ស្លេវ។ ក្នុង​រយៈពេល​តែ ៣០វិនាទី ប៉ុណ្ណោះ យន្តហោះ AirAsia បាន​ហោះ​ឡើង​ ពី​កំពស់ ៩៧០០​ម៉ែត្រ រហូត​ដល់ ១១៤០០​ម៉ែត្រ។ ដែល​តាម​ធម្មតា យន្តហោះ​​ដឹក​អ្នក​ដំណើរ មិន​ត្រូវ​ធ្វើ​ការ​​ហោះហើរ លឿន​ខ្លាំង​ទៅ​លើ ​បែប​នេះទេ។ ពោល​គឺ​មាន​តែ​ប្រភេទ​យន្តហោះ​ចម្បាំង មួយ​ចំនួន​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​បែប​នេះ បាន។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​យន្តហោះ​ជួប​គ្រោះថ្នាក់ យន្តហោះ​នេះ ស្ថិត​ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់ ពី​អាកាសយានិក ជនជាតិ​បារាំង ដែល​ក្រុមហ៊ុន​ AirAsia ​ទើបតែ​រើស​ចូល​ធ្វើការ ចំណែក​អាកាសយានិក​ម្នាក់​ទៀត ជា​ជនជាតិ ឥណ្ឌូណេស៊ី ជា​អ្នក​ចាំ​ត្រូត​ពិនិត្យ​ការ​ហោះហើរ ហើយ​ជា​អាកាសយានិក ធ្លាប់​មាន​បទ​ពិសោធន៍​យូរឆ្នាំ​មកហើយ ក្នុង​ជួរ​កងទ័ព​អាកាស ។

អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ប្រាប់​ឲ្យ​ដឹង​ផងដែរ​ថា​ របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​ជា​ស្ថាពរ នឹង​ត្រូវ​ចេញ​ផ្សាយ​ក្នុង​រយៈ​ពេល ពី​៧ ទៅ ៨​ខែ​ទៀត។ ក្នុង​ខណៈពេល​នេះ ការ​ស្រង់​យក​សាកសព​ចេញ​ពី​សមុទ្រ ត្រូវ​បាន​បញ្ឈប់​ហើយ។ ក្នុង​ចំណោម​សាកសព​ទាំង ១៦២ មាន​តែ​សាកសព​ចំនួន ៧២​នាក់​ប៉ុណ្ណោះ​ ដែល​​ត្រូវបាន​ស្រង់​ឡើង​មក​លើ​គោក។ ចំនែក ឯការ​ស្រង់​យក​តួខ្លួន​យន្តហោះ ក៏បាន​ជូប​បរាជ័យ​ ជា​ច្រើន​លើក ដោយសារ​បញ្ហា​អាកាសធាតុ និង​គ្មាន​សម្ភារៈ​គ្រប់គ្រាន់​ ដើម្បី​ស្ទូច​យក​វា​ ឡើង​ពី​បាត​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ