ឥណ្ឌូណេស៊ី

ភេរវកម្ម​ឥណ្ឌូណេស៊ី៖​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន

ភេរវកម្មនៅឥណ្ឌូណេស៊ី៖អង្គការរដ្ឋអ៊ីស្លាមបានចេញមុខសារភាពជាស្នាដៃរបស់ខ្លួន
ភេរវកម្មនៅឥណ្ឌូណេស៊ី៖អង្គការរដ្ឋអ៊ីស្លាមបានចេញមុខសារភាពជាស្នាដៃរបស់ខ្លួន REUTERS/Darren Whiteside

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ជនប្រដាប់​អាវុធ​មួយ​ក្រុម​បាន​បើក​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ទីក្រុង​ហ្សាការតា​នា​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី១៤ មករា​នេះ។ ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​សរុប​យ៉ាង​តិច ៧នាក់ និង​ការ​បិទ​បញ្ចប់​ប្រតិបត្តិការ​វាយបង្រ្កាប​លើ​ពួក​ភេរវជន។ ចំណែក​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​យ៉ូកូ វីដូដូ​បាន​ចាត់​ការ​វាយប្រហារ​របស់​ជន​ប្រដាប់​អាវុធ​ថា ជា​ទង្វើ​ភេរវនិយម។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចន្លោះ​ម៉ោង ១០ និង​៣០នាទី​ដល់​ម៉ោង ១១ ព្រឹក​ម៉ោង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​បើក​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​នៅ​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ពិសេស​នៅ​ទល់​មុខ​ហាង​កាហ្វេ​ឈ្មោះ Starbucks ចំ​កណ្តាល​ទីក្រុង​ហ្សការតា។ ប្រភព​សាក្សី​ជា​ច្រើន​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​បាន​ចាប់​ផ្តើម​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​គ្រាប់ និង​បន្ត​ដោយ​ការ​បាញ់​រះ​យ៉ាង​គំហុក។ ភ្លាមៗ​នោះ កម្លំាង​ប៉ូលិស​ក៏​បាន​ចុះ​អន្តរាគមន៍ ហើយ​ក៏​មាន​ការ​បាញ់​ត​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រវាង​ប៉ូលិស និង​ជនប្រដាប់​អាវុធ។

នៅ​ថ្ងៃ​រសៀល​នេះ ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ជា​ផ្លូវការ​ថា ប្រតិបត្តិការ​វាយបង្រ្កាប​បាន​បិទ​បញ្ចប់ ដោយ​ប៉ូលិស​សម្លាប់​បាន​ជនខ្មាន់​កាំភ្លើង​ទាំង​អស់​គ្មាន​សល់​ម្នាក់។ តុល្យការ​សរុប​ចុង​ក្រោយ​ត្រូវ​បាន​អ្នកនាំ​ពាក្យ​ប៉ូលិស​ប្រាប់​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៧នាក់ ក្នុង​នោះ​មាន​ជនខ្មាន់កាំភ្លើង​ចំនួន ៥នាក់ ព្រម​ទាំង​មាន​អ្នក​រងរបួស​ចំនួន ១០នាក់ គឺ​ប៉ូលិស ៥នាក់ ជនបរទេស​ម្នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន ៤នាក់។ រូប​អ្នក​នាំ​ពាក្យ​ប៉ូលិស​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​គ្រប់គ្រង​ស្ថានការណ៌​បាន​ទាំង​ស្រុង​នៅ​ពេល​នេះ។
 
ដំណើរការ​វាយប្រហារ​របស់​ជនប្រដាប់​អាវុធ​ត្រូវ​បាន​សាក្សី​ខ្លះ​ឲ្យ​ដឹង​ថា ជា​ភេរវកម្ម​អត្តឃាត​ដោយ​ពួក​ភេរវជន​បាន​ទាញ​បំផ្ទុះ​គ្រាប់បែក​ជាប់​នឹង​ខ្លួន​គេ និង​បាន​ឮ​សម្លេង​ផ្ទុះ​យ៉ាង​តិច ៦ដង តែ​សាក្សី​ខ្លះ​ទៀត​អះអាង​ថា ជា​ការ​គប់​គ្រាប់បែក​របស់​ជនខ្មាន់កាំភ្លើង។ រីឯ​ប៉ូលិស​នៅ​មិន​ទាន់​បាន​អះអាង​យ៉ាង​ម៉េច​ទេ ដោយ​រងចាំ​លទ្ធផល​នៃ​​ការ​ស៊ើបអង្កេត។
 
បង្ការ​ទុក​មុន​ដែរ តែ​នៅ​គេច​មិន​ផុត
 
គេ​អាច​និយាយ​បាន​ទេ​ថា អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​ថ្ងៃ​នេះ ជា​អ្វី​ដែល​រដ្ឋអំណាច​ឥណ្ឌូណេស៊ី​ធ្លាប់​បាន​បារម្ភ និង​រង់ចាំ ពិសេស​នៅ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ២០១៦។ ប៉ូលិស​ឥណ្ឌូណេស៊ី​កំចាត់​បាន​ទាន់​ពេល​នូវ​គម្រោង​រៀបចំ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ហ្សការតា​ចំ​ថ្ងៃ​ចូល​ឆ្នាំ​សកល ហើយ​ពី​ថ្ងៃ​ទី២៤ ធ្នូ ឆ្នាំ ២០១៥ ដល់​ថ្ងៃទី២ មករា ឆ្នាំ ២០១៦ រដ្ឋអំណាច​បាន​ដាក់​កម្លំាង​ប៉ូលិស និង​ទាហាន​ឲ្យ​ប្រុង​ជើង​ការ​កម្រិត​ខ្ពស់ ដោយ​ពង្រាយ​កម្លាំង​ជិត ១៥ម៉ឺននាក់​ដើម្បី​ការពារ​ទីកន្លែង​សំខាន់ ពិសេស​តំបន់​ទេសចរណ៍។
 
ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៥ ប៉ូលិស​បាន​ឃាត់​ខ្លួន​មនុស្ស​សង្ស័យ​ចំនួន ៥នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម ព្រម​ទាំង ៤នាក់​ផ្សេង​ទៀត​ដែល​ជាប់​សង្ស័យ​នឹង​ចលនា​អ៊ីស្លាមនិយម​ជ្រុល​ក្នុង​ស្រុក​ឈ្មោះ Jemaah Islamiyah។ ទន្ទឹម​គ្នា​នោះ កម្លាំង​ប៉ូលិស​ក៏​រឹបអូស​បាន​នូវ​សម្ភារៈ​ជា​ច្រើន​ដែល​ប្រើ​សម្រាប់​ផលិត​ជាតិផ្ទុះ ព្រម​ទាំង​ទង់​មួយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ ផ្ទាំងស៊ីប​របស់​ក្រុម​អ៊ីស្លាម​និយមជ្រុល គឺ​ប៉ូស្តិ៍​ប៉ូលិស មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុមនិកាយ​ស្ហ៊ីអ៊ីត​ភាគតិច​រស់​ក្នុង​ទឹកដី​ឥណ្ឌូណេស៊ី និង​កងឯកភាព​ប្រឆាំង​ភេរវនិយម។
 
គួរ​រម្លឹក​ជូន​ថា ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​សម្បូរ​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់នៅ​ច្រើន​ជាង​គេ​ក្នុង​លោក។ តែ​តាំង​ពី​ក្រោយ​ភេរវកម្ម​នៅ​កោះ​បាលី​ក្នុង​ឆ្នាំ ២០០២ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ២០២នាក់​មក រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​ក៏​បាន​ប្រញិបប្រញាប់​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ភេរវនិយម​ដោយ​ខ្លួន​ឯង។ ៧ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ខែ​កក្កដា ឆ្នាំ ២០០៩ ការ​វាយប្រហារ​លើ​សណ្ធាគារ​ទំនើប​មួយ​ក្នុង​ទីក្រុង​ហ្សាការតា​បាន​បណ្តាល​ឲ្យ​ស្លាប់ ៩នាក់។ ៧ឆ្នាំ​ក្រោយ​មក​ទៀត ពោល​ក្នុង​ខែ​មករា ឆ្នាំ ២០១៦ អំពើ​ភេរវកម្ម​ចំ​កណ្តាល​បេះដូង​ហ្សាការតា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៧នាក់ ក្នុង​នោះ​មាន​ភេរវជន ៥នាក់។
 
អង្គការ​រដ្ឋអ៊ីស្លាម​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន
 
បើ​គេ​ជឿ​លើ​ទីភ្នាក់ងារ​សារព័ត៌មាន​មួយ​ឈ្មោះ Aamaaq ដែល​ស្និត​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ដឹង​ថា ក្រុម​យុទ្ធជន​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បើក​ការ​វាយប្រហារ​ក្នុង​ទីក្រុង​ហ្សាការតា​នៅ​ព្រឹក​មិញ​ដោយ​សំដៅ​លើ​ជន​បរទេស និង​កម្លាំង​សន្តិសុខ​ដែល​ទទួល​បន្ទុក​ជា​អ្នក​ការពារ​សន្តិសុខ​ក្នុង​ទីក្រុង​ហ្សាការតា។ គួរ​ជម្រាប​ជូន​ថា នៅ​មុន​ការ​ប្រកាស​ទទួល​សារភាព​របស់​អង្គការ​រដ្ឋអ៊ីស្លាម ប៉ូលិស​ឥណ្ឌូណេស៊ី​ក៏​បាន​ទម្លាក់​ការ​សង្ស័យ​លើ​ក្រុម​មួយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។
 
លោក Tito Karnavian មេប៉ូលិស​ក្រុង​ហ្សាការតា​បាន​យល់​ឃើញ​ថា គឺ​ក្រុម​និកាយ​ស៊ុយនីត​និយមជ្រុល​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើ​ភេរវកម្ម​កាល​ពី​ព្រឹកមិញ​ក្នុង​ទីក្រុង​ហ្សាការតា។ លោក Tito  បាន​លើក​ឡើង​ពី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ឈ្មោះ Bahrun Naiml ដែល​កំពុង​ស្ថិត​ក្នុង​ទឹកដី​ស៊ីរី និង​ជា​អ្នក​ដែល​បាន​រៀបចំ​អំពើ​ភេរវកម្ម​នេះ​តាំង​ពី​យូរ​មក​ហើយ។ គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​ចំណោម​ភេរវជន​ស្លាប់​ទាំង ៥នាក់ គឺ​គ្មាន​ជនបរទេស​ណា​ម្នាក់​ទេ នេះ​បើ​តាម​លោក Tito
 
ការ​សង្ស័យ ឬ​មួយ​ក៏​ការ​ទម្លាក់​កំហុស​លើ​អង្គការ​រដ្ឋអ៊ីស្លាម​មិនមែន​ជា​ការ​យល់​ច្រឡំ​ទេ ព្រោះ​ចូរ​កុំ​ភ្លេច​ថា មាន​ប្រជាជន​ឥណ្ឌូណេស៊ី​ប្រមាន​ពី ៥០០ ទៅ ៧០០នាក់​បាន​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ ហើយ​ដែល​ភាគ​ច្រើន​បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ។ សម្រាប់​ឥណ្ឌូណេស៊ី ពួក​នេះ​គឺ​ជា​ដង្កូវ​ចេញ​ពី​សាច់​ឯង​ដែល​ត្រូវ​កំចាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI