អូស្រ្តាលី

អូស្រ្តាលី​សន្យា​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​២៦%​នៅ​ត្រឹម​ឆ្នាំ២០៣០

អូស្រ្តាលី​ជាប់ឈ្មោះ​ក្នុង​ចំណោម​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាងគេនៅលើ​ពិភពលោក បើ​ធៀប​នឹង​ចំនួន​ប្រជាជន
អូស្រ្តាលី​ជាប់ឈ្មោះ​ក្នុង​ចំណោម​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាងគេនៅលើ​ពិភពលោក បើ​ធៀប​នឹង​ចំនួន​ប្រជាជន REUTERS/Siphiwe Sibeko

លោក​ថូនី អ៊ែបត នាយករដ្ឋមន្រ្តី​អូស្រ្តាលី​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​អង្គារ​នេះ​ថា អូស្រ្តាលី​នឹង​ធ្វើការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យ​បាន​យ៉ាងតិច ២៦% នៅ​ត្រឹមឆ្នាំ​២០៣០​ខាងមុខ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ប្រែប្រួល​អាកាសធាតុ។ ក៏ប៉ុន្តែ អង្គការ​ក្រៅរដ្ឋាភិបាល និង​អ្នក​ជំនាញ​អាកាសធាតុ​បាន​រិះគន់​ថា អ្វី​ដែល​រដ្ឋាភិបាល​របស់​លោក​ថូនី អ៊ែបត​ សន្យា​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយទេ។

ផ្សាយពាណិជ្ជកម្ម

 

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ទីក្រុង​កង់បេរ៉ា​នៅ​ព្រឹកថ្ងៃអង្គារ​នេះ លោក​ថូនី អ៊ែបត បាន​ឲ្យដឹង​ថា ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ២៦% គឺ​ជា​កម្រិត​អប្បបរមា ដែល​រដ្ឋាភិបាល​អូស្រ្តាលី​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ ហើយ​ថា រដ្ឋាភិបាល​អាច​នឹង​កាត់បន្ថយ​រហូតដល់​ ២៨% (២៦%-២៨% ធៀប​នឹង​ឆ្នាំ​២០០៥)។

គួរបញ្ជាក់ថា ការ​សន្យា​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ដែល​អូស្រ្តាលីធ្វើឡើង​នៅពេលនេះ គឺ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ការចរចា​​​របស់​អ.ស.ប ដើម្បី​ឈាន​ទៅ​ចុះកិច្ចព្រមព្រៀង​អាកាសធាតុ​ដ៏​សំខាន់​មួយ នៅ​ក្នុង​សន្និសីទ​អាកាសធាតុ ដែល​នឹង​ត្រូវ​បើក​ធ្វើ នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅ​ខែ​ធ្នូ​ខាងមុខ។ សន្និសីទ​អាកាសធាតុ ដែល​មានគោលដៅ​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​នៃ​ភពផែនដី​កើនឡើង​លើស​ពី ២អង្សា នៅ​ចុងសតវត្សរ៍​ទី២១​នេះ។

អង្គការ​ WWF-Australia បាន​រិះគន់ថា អ្វី​ដែល​​រដ្ឋាភិបាល​របស់​លោក​ថូនី អ៊ែបតសន្យា​នៅ​ពេលនេះ មាន​កម្រិត​ទាបខ្លាំងណាស់ មិនស័ក្តិសម​នឹង​បញ្ហា​ប្រឈម ដែល​អូស្រ្តាលី និង​ពិភពលោក​​ត្រូវ​ដោះស្រាយ​នោះទេ។ ក្រុមប្រឹក្សា​អាកាសធាតុ (Climate Council) ដែល​ជា​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​ឯករាជ​របស់​អូស្រ្តាលីក៏​យល់​ឃើញ​ដូចគ្នា​នេះដែរ ដោយ​លើកឡើង​ថា អូស្រ្តាលី​គួរតែ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យ​បាន​ក្នុង​ចន្លោះ​ពី ៤០% ទៅ ៦០% (ធៀប​នឹង​ឆ្នាំ​២០០០) ទើប​ជា​ការ​សមរម្យ។

លោក​ថូនី អ៊ែបត​​ វិញ បាន​ទទួលស្គាល់​ថា ការកាត់បន្ថយ​ការ​បញ្ចេញឧស្ម័ន ​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​សន្យា​នៅពេលនេះ ថ្វីដ្បិតតែ​មិនខ្ពស់ដូច​សហភាព​អឺរ៉ុប ដែល​មាន​រហូតដល់​ទៅ ៣៤% ក៏ប៉ុន្តែ វា​មាន​កម្រិត​ប្រហាក់ប្រហែលទៅនឹង​ការ​សន្យា​របស់​ប្រទេស​ផ្សេងទៀត​ដែល​មាន​សេដ្ឋកិច្ច​ប្រហាក់ប្រហែល​គ្នា​នឹង​អូស្រ្តាលី ហើយ​ថា វា​មាន​កម្រិតខ្ពស់​ជាង​​ការសន្យា​របស់​ចិន​ផង។ ចិន ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាងគេ​បង្អស់​នៅលើ​ពិភពលោក។

គួរបញ្ជាក់ថា អូស្រ្តាលី​ក៏​ជាប់ឈ្មោះ​​​ក្នុង​ចំណោម​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ដ៏ច្រើន​មួយដែរ​ បើ​គិតតាម​​ចំនួន​ប្រជាជន ដែល​មាន​ត្រឹមតែ ២៣លាននាក់។ អូស្រ្តាលី​គឺ​ជា​ប្រទេស​​សម្បូរធនធានរ៉ែ​ធ្យូងថ្ម (​ជា​ប្រទេស​នាំចេញ​ធ្យូងថ្ម​​លំដាប់ទី២ នៅលើ​ពិភពលោក​បន្ទាប់​ពី​ឥណ្ឌូណេស៊ី) ហើយ​ការផលិត​អគ្គិសនី នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​​ពឹងផ្អែក​ខ្លាំង​លើ​ធ្យូងថ្ម​ ដែល​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ដ៏ធំមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI