តើទំនាក់ទំនងល្អូកល្អឺនរវាងចិននិងរុស្ស៊ីអាចនឹងគង់វង្សបានយូរដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងមួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា ចិន និងរុស្ស៊ី មានទំនាក់ទំនងយ៉ាងល្អូកល្អឺននឹងគ្នាគួរឲ្យកត់សម្គាល់។ ទំនាក់ទំនងដ៏ល្អូកល្អឺននេះត្រូវបានបង្ហាញឲ្យឃើញតាមរយៈការបោះឆ្នោតស្របគ្នានៅក្នុងក្រុមប្រឹក្សាសន្តិសុខ ការចុះកិច្ចសន្យារាប់ពាន់លានដុល្លារក្នុងវិស័យថាមពល និងជាពិសេសចុងក្រោយនេះ គឺការធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នាទ្រង់ទ្រាយធំ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ តើអ្វីទៅជាកត្តាចម្បងដែលជំរុញឲ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាបែបនេះ? តើភាពល្អូកល្អឺននេះអាចនឹងគង់វង្សបានយូរដែរឬទេ?
កត្តាចម្បងបំផុត ដែលជំរុញឲ្យចិន និងរុស្ស៊ីមានទំនាក់ទំនងយ៉ាងល្អូកល្អឺននឹងគ្នានៅពេលនេះ គឺសហរដ្ឋអាមេរិក។
គេសង្កេតឃើញថា ចិន និងអាមេរិក មានបញ្ហាប្រឈមមុខដាក់គ្នាយ៉ាងច្រើន ចាប់តាំងពីចិនបង្កើនសកម្មភាពវាតទីនៅក្នុងជម្លោះដែនសមុទ្រជាមួយប្រទេសក្នុងតំបន់អាស៊ី និងចាប់តាំងពីលោកអូបាម៉ាបានដាក់ចេញនូវនយោបាយការបរទេសថ្មី ដែលផ្តោតអាទិភាពខ្ពស់បំផុតទៅលើការពង្រឹងវត្តមានរបស់អាមេរិកនៅអាស៊ី ដែលធ្វើឲ្យចិនសង្ស័យថា អាមេរិកកំពុងតែដាក់ចេញនូវយុទ្ធសាស្រ្តឡោមព័ទ្ធចិន និងប្រជែងដណ្តើមឥទ្ធិពលរបស់ចិនដល់តំបន់អាស៊ី។
រុស្ស៊ី និងអាមេរិកវិញ ទំនាក់ទំនងក៏កាន់តែធ្លាក់ចុះដុនដាប់ខ្លាំងជាងទំនាក់ទំនងចិន-អាមេរិកទៅទៀត ដោយសារតែវិបត្តិនៅអ៊ុយក្រែន។ ចាប់តាំងពីរុស្ស៊ីបានកាត់យកតំបន់គ្រីមេពីអ៊ុយក្រែន ព្រមទាំងគាំទ្រក្រុមឧទ្ទាមក្នុងការធ្វើសង្រ្គាមទាមទារផ្តាច់ទឹកដីនៅខាងកើតអ៊ុយក្រែន ការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ី និងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិច បានកើនឡើងដល់កម្រិតកំពូលមិនធ្លាប់ជួបប្រទះ ចាប់តាំងពីក្រោយសង្រ្គាមត្រជាក់។
ស្ថិតក្នុងការប្រឈមមុខនឹងគូប្រជែងរួមគ្នានេះហើយ ដែលធ្វើឲ្យរុស្ស៊ី និងចិនពង្រឹងទំនាក់ទំនងបានយ៉ាងល្អូកល្អឺននឹងគ្នាដូចជាពេលបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែ នៅពីខាងក្រោយភាពល្អូកល្អឺនទៅតាមកាលៈទេសៈនេះ ទំនាក់ទំនង រវាងចិន និងរុស្ស៊ី ហាក់ដូចជាមិនសូវជាមានគ្រឹះរឹងមាំប៉ុន្មាននោះទេ ដោយសារតែប្រទេសទាំងពីរនេះក៏មានការប្រជែងគ្នាយ៉ាងច្រើនដែរ ដែលអាចនឹងធ្វើឲ្យទំនាក់ទំនងដ៏ល្អូកល្អឺននេះត្រូវបាក់បែកទៅវិញនាពេលខាងមុខ។ ចំណុចក្តៅនៃការប្រជែងគ្នា រវាងចិន និងរុស្ស៊ី គឺទំនាស់ផលប្រយោជន៍ នៅក្នុងតំបន់អាស៊ីកណ្តាល។
ភាពតានតឹង រវាងចិន និងរុស្ស៊ី នៅក្នុងតំបន់អាស៊ីកណ្តាល ថ្វីដ្បិតតែមិនបានផ្ទុះចេញជាសាធារណៈ តែវាបានឆេះងំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែចិនចេះតែធ្វើការវាយលុកចូលប្រជែងដណ្តើមឥទ្ធិពលទាំងខាងសេដ្ឋកិច្ច និងនយោបាយ នៅក្នុងតំបន់អាស៊ីកណ្តាល ដែលស្ថិតក្រោមឥទ្ធិពលរបស់រុស្ស៊ី តាំងពីសតវត្សរ៍ទី១៩ ហើយដែលបច្ចុប្បន្ន លោកពូទីននៅតែបន្តចាត់ទុកថាជាដែនឥទ្ធិពលផ្តាច់មុខរបស់រុស្ស៊ី។
គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី១របស់ប្រទេសទាំង ៥ នៅក្នុងតំបន់អាស៊ីកណ្តាល គឺ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថាន។ តំបន់អាស៊ីកណ្តាលមានការដោះដូរពាណិជ្ជកម្មជាមួយចិន ច្រើនជាងជាមួយរុស្ស៊ី រហូតដល់ទៅពីរដង។ បើនិយាយខាងវិស័យថាមពលវិញ ចិនបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីស្ថាបនាបំពង់បង្ហូរប្រេង និងឧស្ម័ន ចេញពីតំបន់អាស៊ីកណ្តាល យកទៅផ្គត់ផ្គង់ដល់ប្រទេសចិន។ បច្ចុប្បន្ននេះ តំបន់អាស៊ីកណ្តាលផ្គត់ផ្គង់ប្រេងប្រមាណជា ៤០% នៃតម្រូវការសរុបប្រចាំឆ្នាំរបស់ចិន។
តាមការពិត លំហូរនៃធនធានប្រេងពីតំបន់អាស៊ីកណ្តាលទៅចិន មិនមែនជាបញ្ហាចោទសម្រាប់រុស្ស៊ីនោះទេ ពីព្រោះថា រុស្ស៊ីក៏ជាមហាអំណាចប្រេងកាតដ៏ធំមួយដែរ ដូច្នេះ រុស្ស៊ីមិនត្រូវការប្រជែងដណ្តើមធនធានប្រេងជាមួយចិន នៅក្នុងតំបន់អាស៊ីកណ្តាលនេះទេ។ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យរុស្ស៊ីបារម្ភ គឺខ្លាចប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល ដែលមានចិនជាទីពឹងថ្មីខាងផ្នែកសេដ្ឋកិច្ច ក៏នាំគ្នាងាកចេញពីដែនឥទ្ធិពលរបស់រុស្ស៊ី។
ដូចដែលគេឃើញស្រាប់ហើយថា នៅក្រោមការដឹកនាំរបស់លោកវ៉្លាឌីមៀរ ពូទីន រុស្ស៊ីតែងតែការពារយ៉ាងប្តូរផ្តាច់នូវអ្វីដែលរុស្ស៊ីចាត់ទុកជាដែនឥទ្ធិពលផ្តាច់មុខរបស់ខ្លួន ដោយមិនញញើតនឹងប្រឈមមុខនឹងប្រទេសមហាអំណាចផ្សេងណាមួយនោះឡើយ។ ភាពប្តូរផ្តាច់ដែលត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នៅក្នុងវិបត្តិអ៊ុយក្រែន។
គួររំឭកឡើងវិញថា លោកពូទីនមិនញញើតនឹងបញ្ជូនទ័ពចូលទៅទន្ទ្រានកាត់យកដែនដីគ្រីមេពីអ៊ុយក្រែន ព្រមទាំងជួយក្រុមឧទ្ទាមផ្តាច់ទឹកដីឲ្យបង្កបញ្ហាវឹកវរនៅខាងកើតអ៊ុយក្រែនរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គឺដោយសារតែលោកយ៉ានូកូវិច ដែលជាមេដឹកនាំអ៊ុយក្រែនមានជំហររណបរុស្ស៊ី ត្រូវបានក្រុមស្និទ្ធនឹងលោកខាងលិចទម្លាក់ចេញពីអំណាច ហើយលោកពូទីនបានមើលឃើញថា អ៊ុយក្រែនដែលតាំងពីដើមមកតែងតែស្ថិតនៅក្នុងដែនឥទ្ធិពលផ្តាច់មុខរបស់រុស្ស៊ី កំពុងតែងាកទៅរកលោកខាងលិច។
ដូច្នេះ បើសិនជារុស្ស៊ីមិនញញើតនឹងប្រឈមមុខនឹងមហាអំណាចលោកខាងលិច ដើម្បីការពារផលប្រយោជន៍នៅអ៊ុយក្រែន រុស្ស៊ីក៏ប្រាកដជានឹងមិនញញើតនឹងប្រឈមមុខនឹងចិនដែរ ដើម្បីការពារផលប្រយោជន៍នៅក្នុងតំបន់អាស៊ីកណ្តាល។ និយាយជារួម បច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែនបានរុញរុស្ស៊ីឲ្យមានទំនាក់ទំនងល្អូកល្អឺនជាមួយចិន ក៏ប៉ុន្តែ បើមើលទៅលើដំណើរវិវឌ្ឍនៃការប្រជែងគ្នា រវាងរុស្ស៊ី និងចិន នៅតំបន់អាស៊ីកណ្តាលនាពេលបច្ចុប្បន្ន ភាពល្អូកល្អឺននេះអាចនឹងមិនគង់វង្សបានយូរប៉ុន្មាននោះទេ ហើយថ្ងៃណាមួយ តំបន់អាស៊ីកណ្តាលអាចនឹងក្លាយទៅជាអ៊ុយក្រែនថ្មីមួយទៀត សម្រាប់ទំនាក់ទំនង រវាងរុស្ស៊ី និងចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ