សមុទ្រ​ចិន​ខាងត្បូង

ទីក្រុង​ប៉េកាំង​អះអាង​សិទ្ធិ​សាងសង់ នៅលើ​ប្រជុំកោះ មាន​ជម្លោះ នៅសមុទ្រ​ចិន​ខាងត្បូង

សកម្មភាព​សាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ផ្កាយរណប​ថតបាន
សកម្មភាព​សាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ផ្កាយរណប​ថតបាន ©REUTERS/CSIS Asia Maritime Transparency Initiative

ប្រទេស​ចិន បាន​បញ្ជាក់​ជាថ្មី នៅ​ថ្ងៃ​ព្រហស្បតិ៍ ពី​សិទ្ធិ​របស់ខ្លួន ក្នុង​ការសាងសង់ រាល់​ហេដ្ឋារចនា​សម្ព័ន្ធ នៅ​លើ​ប្រជុំ​កោះ Spratleys ដែល​ចិន​ដាក់​ឈ្មោះថា ណាន់ស្ហា។ ទីក្រុង​ប៉េកាំង​ចេញមុខ​បញ្ជាក់​ភាពស្របច្បាប់​របស់ខ្លួន បន្ទាប់​​ពី​ប្រទេស​ជិតខាង ដូចជា​ហ្វីលីពីន​និង​វៀតណាម​ជាដើម ដែល​កំពុង​ទាមទារ​ជា​ម្ចាស់​គ្រប់គ្រង​របស់​ប្រជុំ​កោះ នោះដែរ បាន​ថ្កោលទោស សកម្មភាព​សាងសង់​របស់​ចិន នៅក្នុង​ដែនទឹក​ដែល​កំពុង​ជាប់ជម្លោះ។

ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ថ្ងៃ​មកហើយ រូបភាព​ផ្កាយរណប​របស់​មជ្ឈមណ្ឌល សិក្សា​យុទ្ធសាស្រ្ត​អន្តរជាតិ ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​បង្ហាញ ពី សកម្មភាព បូមយក​ខ្សាច់ ចាក់​ពីលើ​ផ្ទាំង​ផ្កាថ្ម របស់​កូនកោះតូចមួយ ក្នុង​ប្រជុំកោះ Spratleys។ ផ្កាយរណប​បង្ហាញ​ផងដែរ សកម្មភាព​មមាញឹក​របស់​ប្រទេស​ចិន ដើម្បី​បង្កើត​កំពង់ផែ តូចៗ នៅ​តាម​កូនកោះតូចៗ​ផ្សេងទៀត ក្នុង​តំបន់​ប្រជុំកោះ Spratleys។ សម្រាប់​អ្នកជំនាញ សកម្មភាព​បូម ចាក់ខ្សាច់ ដើម្បី​ពង្រីកដីកោះ ជា​យុទ្ធសាស្រ្ត​របស់​ទីក្រុង​ប៉េកាំង ដើម្បី ទាមទារ​កម្មសិទ្ធិ​គ្រប់គ្រង ផ្តាច់មុខ លើ​ប្រជុំកោះ ដែល​បច្ចុប្បន្ន នេះ ចិន កំពុង​ឈ្លោះដណ្តើមគ្នា ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ ឬ​តៃវ៉ាន់​ជាដើម។

 
នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន បាន​ចេញមុខ​ប្រកាស​ពី​សិទ្ធិ​របស់ខ្លួន ដើម្បី សាងសង់ សំណង់ នៅក្នុង​លើ​ប្រជុំកោះ ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុក​ជា​ដែនទឹក​របស់ខ្លួន។ រាល់​ការសាងសង់​ធ្វើឡើង នៅក្នុង​ក្របខ័ណ្ឌ ដែន​អធិបតេយ្យភាព​របស់​ប្រទេស​ចិន។ អ្វីៗ​សុទ្ធ​តែធ្វើ​ទៅតាម​ច្បាប់ សមហេតុផល និង​ត្រឹមត្រូវ​បំផុត។ នេះ​ជា​ការអះអាង​របស់​អ្នកស្រី ហ៊ួ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន។

តាម​អ្នកស្រី​ហ៊ួ​ដដែល ការសាងសង់ និង​ថែរក្សា​ហេដ្ឋារចនា​សម្ព័ន្ធ​នៅលើ​ប្រជុំកោះ ណាន់ស្ហា ធ្វើឡើង សម្រាប់​ការប្រើប្រាស់​របស់​ប្រជាជន​ចិន ដែល​កំពុង​ប្រចាំការ​នៅលើ​កូន​កោះតូចៗ ក្នុង​ប្រជុំកោះ។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​និយាយ​ដោយ​មិនលាក់លៀមថា ទីក្រុង​ប៉េកាំង នឹង​បន្ត​សាងសង់​សំណង់​ថ្មីៗ សម្រាប់​ការរស់នៅ​របស់​ប្រជាជន​ស៊ីវិល​ចិន នៅថ្ងៃ​ខាងមុខ​ផង និង​ក្នុង​គោលដៅ ជួយ​សង្រ្គោះ​ផ្នែក​ជើងទឹកផង។

ទីក្រុង​ម៉ានីល​ដែល​ជា​ភាគី​ជម្លោះ​ដណ្តើម​ប្រជុំកោះ Spratleysជាមួយ​ប្រទេស​ចិន បាន​ប្រតិកម្ម​ខ្លាំងៗ ទាមទារ​ឲ្យ​ប្រទេស​ចិន បញ្ឈប់​ការសាងសង់ ជាបន្ទាន់។ សម្រាប់​អ្នកនាំពាក្យ ក្រសួងការពារ​ជាតិ​ហ្វីលីពីន សំណង់​ដែល​ចិន សង់​ដោយ​ឯកតោ​ភាគី​មិនត្រឹម​ជា​កង្វល់​របស់​ហ្វីលីពីន ប៉ុន្តែ ជា​របស់តំបន់ និង​ពិភពលោក​ទាំងមូល។

ប្រជុំកោះ Spratleys​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​សំបូរ​ដោយ​ធនធាន​ធម្មជាតិ ក្រោម​ទឹក មិនថា ប្រេង ឧស្ម័ន ឬ​ត្រី។ ជម្លោះ​ដណ្តើម​ដីកោះ រវាង​ចិន និង​ប្រទេស​អាស៊ី ជិតខាង កំពុង​ធ្វើ​អាមេរិក បារម្ភ ពី​សេរីភាព​ក្នុង​ការដឹក​ជញ្ជូន ព្រោះ​ថា សមុទ្រ​ចិន​ខាងត្បូង​ក៏​ជាច្រក​សំខាន់​សម្រាប់​ ចរាចរណ៍​ដឹកជញ្ជូន​របស់​អាមេរិក និង​របស់​ពិភពលោក​ទាំមូល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI