ចិន

អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​បន្ត​ធ្លាក់ចុះ​នៅ​ដើម​ឆ្នាំ​២០១៥

វិស័យ​នាំចេញ​របស់​ចិន​មាន​ការ​ធ្លាក់ចុះ​រហូតដល់​ទៅ ១៥% នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៥
វិស័យ​នាំចេញ​របស់​ចិន​មាន​ការ​ធ្លាក់ចុះ​រហូតដល់​ទៅ ១៥% នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៥ Reuters

អត្រា​កំណើន​សេដ្ឋកិច្ច​ចិន ដែល​មាន​កម្រិត​ទាប​ស្រាប់ កាល​ពីឆ្នាំ​២០១៤ នៅតែ​បន្ត​ធ្លាក់ចុះ​កាន់តែ​ទាបថែមទៀត នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៥​នេះ ហើយ​​​ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច ដែល​ធ្វើការ​សិក្សា​ទៅលើ​ទិន្នន័យ​សេដ្ឋកិច្ច​ចិន​នាពេល​ថ្មីៗ​នេះ បាន​ធ្វើការ​ព្យាករ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន សម្រាប់​ឆ្នាំ​២០១៥​នេះ អាច​នឹង​ធ្លាក់ចុះ​ក្រោម ៧%។

ផ្សាយពាណិជ្ជកម្ម

 

សកម្មភាព​ឧស្សាហកម្ម​នៅ​ទ្រឹង​គ្មាន​កំណើន វិស័យនាំចេញ​ធ្លាក់ចុះ ទីផ្សារ​អចលនទ្រព្យ​ត្រូវ​កកស្ទះ ហើយ​ការចំណាយ​ទូទៅ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ក៏​មាន​ការ​យឺតយ៉ាវ... អត្រា​កំណើន​សេដ្ឋកិច្ច​ចិន នៅ​ដើមឆ្នាំ​២០១៥ នៅតែ​បន្ត​ធ្លាក់ចុះ បន្ទាប់​ពី​បាន​ស្គាល់​អត្រា​កំណើន​ទាបបំផុត​មិន​ធ្លាប់មាន ក្នុងរយៈពេល​ជាង ២០ឆ្នាំ កាល​ពី​ឆ្នាំ​២០១៤​កន្លងទៅ។

ដោយមើលទៅលើ​ទិន្នន័យ​សេដ្ឋកិច្ច នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៥​នេះ ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ធ្វើការ​ព្យាករ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន សម្រាប់​ពេញ​មួយ​ឆ្នាំ​២០១៥​នេះ នឹង​មាន​ត្រឹមតែ ៦,៩% ប៉ុណ្ណោះ ពោលគឺ ទាបជាង​អត្រា​កំណើន ៧,៤% កាលពីឆ្នាំ​២០១៤។

គេ​សង្កេតឃើញ​ជារួម​ថា នៅ​ក្នុង​ចន្លោះ ពីខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ សកម្មភាព​ឧស្សាហកម្ម​របស់​ចិន មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន នៅ​ក្នុង​រយៈពេល ៦ឆ្នាំ​កន្លងទៅ។ នេះ​ គឺ​ដោយសារ​តែ​រចនាសម្ព័ន្ធ​នៃ​វិស័យ​ផលិតកម្ម​ចិន​​មាន​ការ​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ ចំណែក​ឯ​​តម្រូវការ​ទីផ្សារ​​ក្នុងស្រុក​នៅតែ​​គ្មានកំណើន បើទោះបី​ជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​ដាក់ចេញ​នូវ​វិធានការ​ជំរុញ​ការ​ចំណាយ​ក្នុងស្រុក។ ជាលទ្ធផល វិស័យ​នាំចេញ​របស់​ចិន មាន​ការ​ធ្លាក់ចុះ​រហូតដល់​ទៅ ១៥% នៅ​ក្នុង​ខែ​មីនា​កន្លងទៅ។

ទីផ្សារ​អចលនទ្រព្យ​វិញ ដែល​ជា​សសរទ្រូង​ដ៏​សំខាន់​មួយ​ទៀត​នៃ​សេដ្ឋកិច្ច​ចិន ក៏​កំពុងតែ​ជួប​នឹង​បញ្ហា​យ៉ាង​ខ្លាំង​ផងដែរ។ កំណើន​នៃ​ទីផ្សារ​អចលនទ្រព្យ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគ​នាំគ្នា​ពពាក់ពពូន​សាងសង់​អគារ​ទុកលក់ រហូត​ដល់​ដំណាក់កាល​មួយ សំណង់​ដែល​សង់ថ្មី​មាន​ចំនួន​លើសលុប​ហួស​ពី​តម្រូវការ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ត្រូវ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ ការធ្លាក់ចុះ​នៃ​ទីផ្សារ​អចលនទ្រព្យ​នេះ​កំពុងតែ​បង្ក​នូវ​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​គន្លឹះ​មួយ​ទៀត​នៃ​សេដ្ឋកិច្ច​ចិន គឺ​វិស័យ​សំណង់។

គួរបញ្ជាក់ថា កាល​ពី​ដើមខែ​មីនា​កន្លងទៅនេះ លោក​លី ខឺឈាំង នាយករដ្ឋមន្រ្តី​ចិន​បាន​កំណត់​គោលដៅ​ថា រដ្ឋាភិបាល​របស់លោក​ត្រូវតែ​សម្រេច​ឲ្យ​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច ៧% សម្រាប់​ឆ្នាំ​២០១៥​នេះ។ សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អត្រា​កំណើន​សេដ្ឋកិច្ច​ទាប​ជាង ៧% មិន​អាច​នឹង​បង្កើតការងារ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ប្រជាជន​នោះទេ ហើយ​នេះ អាច​នឹង​បង្ក​ទៅជា​វិបត្តិ​សង្គម ដែល​ជា​ក្តីបារម្ភ​ដ៏ធំ​របស់​មេដឹកនាំ​​បក្ស​កុម្មុយនិស្តចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI