ចិន

នាយករដ្ឋមន្រ្តី​ចិន លី កឺឈាំង ធ្វើ​សន្និសីទ​កាសែត​ ក្រោយ​ប្រជុំ​ពេញ​អង្គ​ប្រចាំ​ឆ្នាំ​របស់​សភា​ចិន

លោក នាយករដ្ឋមន្ត្រីចិន លី កឺឈាំង នៅ​ចំពោះ​​មុខ​អ្នក​កាសែត ក្នុងពេលធ្វើ​សន្និសីតកាសែត ​ក្រោយ​កិច្ច​ប្រជុំពេញ​អង្គសភា​ប្រចាំឆ្នាំ
លោក នាយករដ្ឋមន្ត្រីចិន លី កឺឈាំង នៅ​ចំពោះ​​មុខ​អ្នក​កាសែត ក្នុងពេលធ្វើ​សន្និសីតកាសែត ​ក្រោយ​កិច្ច​ប្រជុំពេញ​អង្គសភា​ប្រចាំឆ្នាំ Reuters/路透社

កិច្ច​ប្រជុំ​ពេញ​អង្គ​ប្រចាំ​ឆ្នាំ ​របស់​សភា​ប្រជាមានិត​ចិន ​បាន​បិទ​បញ្ចប់​ទៅ​ នៅ​ថ្ងៃ​អាទិត្យ​ទី ​១៥ ​មីនា​នេះ។ លោក ​លី កឺឈាំង ​នាយក​រដ្ឋមន្រ្តី​ចិន ​និង​ជា​បុរស​​ខ្លាំង​​ទី​ពីរ​​ក្នុង​​អំណាច​​នយោបាយ​ចិន ​បាន​​ធ្វើ​​សន្និសីទ​​កាសែត​​មួយ ​ជា​មួយ​​អ្នក​​សារ​ព័ត៌មាន ​ដើម្បី​អះអាង​ពី​គោល​នយោបាយ ​ក៏ដូច​ជា​គោល​ជំហរ​របស់​ចិន ​ទាក់ទិន​ទៅ​នឹង​បញ្ហា​សំខាន់ៗ​ជា​ច្រើន។ បញ្ហា​ទាំង​នោះ​មាន​ដូចជា ​ការ​​រើបំរះ​របស់​​ប្រជាជន​​ហុងកុង ​ទំនាក់​ទំនង​​​ជាមួយ​​ជប៉ុន ​និង​បញ្ហា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ផ្សែង​ពុល​នៅ​តាម​ទីក្រុង​ជាដើម។ ទន្ទឺម​​នឹង​​ពេល​ដែល​សេដ្ឋកិច្ច​​ចិន ​ហាក់​ជួប​នូវ​​បញ្ហា​​មិន​សូវ​​កើន​ឡើង​​ខ្លាំង​​ដូច​​សព្វ​ដង ​ចិន​កំពុង​ប្រឈម​មុខ​នូវ​បញ្ហា​សង្គម​ជាច្រើន ​ដែល​ត្រូវ​ដោះ​ស្រាយ ​បូក​ផ្សំ​ទាំង​ជម្លោះ​ ជាមួយ​ប្រទេស​ជិតខាង​ នៅ​ក្នុង​ដែន​សមុទ្រ​ទៀត​ផង។

ផ្សាយពាណិជ្ជកម្ម

លោក​លី កឺឈាំង នាយក​រដ្ឋមន្រ្តី​ចិន ​បាន​ធ្វើ​សន្និសិត​កាសែត ​បន្ទាប់​ពី​បាន​បិទ​បញ្ចប់ កិច្ច​ប្រជុំ​សភា​ពេញអង្គ​ប្រចាំ​ឆ្នាំ។ សន្និសីទ​កាសែត​នេះ ​វា​មិន​ខុស​ពី​ការ​ធ្វើ​សេចក្តី​ប្រកាស​នយោបាយ ​ដែល​គេ​សរសេរ​ទុកមុន​ទេ។ ព្រោះ​ថា ​អ្នក​កាសែត​ ដែល​ចូល​រួម​ទាំង​អស់​៨០០​នាក់ ត្រូវតែ​ផ្ញើរ​សំណួរ​ទៅឲ្យ​គេ​មុន ​រូចហើយ​ទើប​បាន​គេ​សម្រេច​ថា សំណួរ​ណា​គេ​ត្រូវ​ឆ្លើយ។ ​នេះ​ជា​ទម្លាប់​ទៅ​ហើយ​​ នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​កុម្មុយនីស្ត។

 
ហុងកុង៖ប្រទេសចិនតែមួយ តែរបបពីរ
ទាក់ទិន​នឹង ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ចិន ក្នុង​វិបត្តិ​នៅ​ហុងកុង ​លោក លី កឺឈាំង ​បាន​អះអាង​ថា រដ្ឋាភិបាល​ចិន គ្មាន​ចេតនា​ទៅ​បន្ថែម​ការ​រិតបន្តឹង​នយោបាយ​លើ​តំបន់​ហុងកុង​ទេ។ លោក​ថា ​ចិន​​មិន​ចាំបាច់​ទៅ​ធ្វើ​រឿង​អញ្ចឹង​ទេ។ លោក​បញ្ជាក់​ថា ​ចិន​នៅ​តែ​ទទួល​ស្គាល់ នូវ​លក្ខណៈ​ពិសេស​របស់​តំបន់​ហុងកុង​ដែល​ជា ​ប្រទេស​តែមួយ តែ​មាន​ប្រពន្ធ័​គ្រប់គ្រង​ពីរ។ គាត់​ថា នេះ​ជា​គោលការណ៍​គ្រិះ ដែល​​គេ​មិន​អាច​កែប្រែ​ តាម​តែ​ចិត្ត​នឹកឃើញ​ទេ​ ​ហើយ​អ្វីៗ​ត្រូវតែ​ធ្វើ​ឡើង​ ដោយ​គោរព​ការ​ចង់​បាន​របស់​ប្រជាជាតិ​ទាំង​មូល។

ត្រង់​ចំណុច​នេះ​ យើង​ឃើញ​ថា ​លោក​លី កឺឈាំង ​និយាយ​មិន​ដាច់​ស្រាច់​ទាល់​តែ​សោះ។ ​គាត់​ហាក់​ចង់​មាន​ន័យ​ថា ​ចិន​ទទួល​ស្គាល់​ថា​ ហុងកុង​មាន​របប​គ្រប់គ្រង​ដាច់​ដោយឡែក​ពីចិន​ ​ប៉ុន្តែ​អ្វីៗ​ ត្រូវ​តែ​ជា​ការ​គូសវាស​ របស់​ប្រទេស​ចិន​ទាំង​មូល។ មានន័យ​ថា​ នរណា​អ្នក​សម្រេច​ គឺ​សភា​ចិន ​និង​បក្ស​កុម្មុយនីស្ត​ចិន​ដដែល។ បើ​យើង​មើល​ទៅ​ឃើញ​ថា​មែន ​ ចិន​ព្រម​បើក​ផ្លូវ​ ឲ្យ​ហុងកុង​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​ពោល​គឺ​មាន​ប្រពន្ធ័​គ្រប់គ្រង​ផ្សេង​ពិត​មែន ​ប៉ុន្តែ​បេក្ខភាព​ឈរ​ឈ្មោះ ​គឺ​ចិន​ជាអ្នក​ចាត់​តាំង​ ពី​ក្រុង​ប៉េកាំង។ នេះ​ហើយ​ដែល​លោក លី កឺឈាំង​ ហៅ​ថា ប្រទេស​តែ​មួយ តែ​របប​គ្រប់គ្រង​ពីរ។

បើសិន​ជា​ចិន​ចិត្ត​សឿង ​ហ៊ាន​ថា​ហ៊ាន​ធ្វើ​មែន ចិន​ត្រូវតែ​ប្រគល់​អធិបតេយ្យ​ភាព​នយោបាយ​ពិត​ប្រាកដ ឲ្យ​​ទៅ​ប្រជាជន​ហុងកុង។ ពោល​គឺ​ឲ្យ​ប្រជាជន​ហុងកុង ​គេ​អាច​បោះឆ្នោត​ជ្រើស​រើស​អ្នក​ដឹក​នាំ​គេ ​ដោយសេរី ហើយ ​បេក្ខជន​ម្នាក់ៗ​ អាច​ឈរ​ឈ្មោះ​បាន​ដោយ​សេរី​ មិនមែន​ជា​បេក្ខជន​ ដែល​តែង​តាំង​ ដោយ​បក្ស​កុម្មុយនីស្ត​ចិន​ទេ។ នេះ​ ទើប​បាន​គេ​ហៅ​ថា ​ប្រទេស​ចិន​តែ​មួយ ​តែ​របប​គ្រប់គ្រង​ពី​ខុស​គ្នា។

បរាជ័យ​ក្នុង​ការ​កាត់​បន្ថយ​ផ្សែង​ពុល៖ លី កឺឈាំង មាត់​ផ្សេង​ចិត្ត​ផ្សឹង
លោក លី កឺឈាំង ​បាន​សារភាព​ថា​ចិន​ជួប​បរាជ័យ ​ដែល​ធ្វើ​កិច្ចការ​នេះ ​មិន​បាន​សម្រេច។ នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​យើង​បាន​ឮ​ពាក្យ​នេះ​ ចេញ​ពី​មាត់​ថ្នាក់​ដឹកនាំ​ចិន ​ព្រោះ​ថា​កន្លង​មក ​ចិន​គិតតែ​ពី​អួត​ថា ​គេ​ខំ​ប្រឹង​ធ្វើ​សព្វ​បែប ​សព្វ​យ៉ាង ​ដើម្បី​កាត់​បន្ថយ​ផ្សែង​ពុល​ នៅ​តាម​ទីក្រុង​ធំៗ។

បើយើង​និយាយ​ឲ្យ​ខ្លី​ទៅ ​គឺ​ចិន​រងគ្រោះ​ ដោយសារ​តែ កំណើន​សេដ្ឋកិច្ច​ខ្លួន​ឯង។ សេដ្ឋកិច្ច​ចិន​រីក​ធំធាត់​ខ្លាំង ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ជីវភាព​ធូរធា​គ្រាន់បើ​ច្រើន។ ដូច្នេះ​ម្នាក់ៗ​នាំ​គ្នា ​ទិញ​ឡាន​ទិញ​ម៉ូតូ​ជិះ​សឹង​គ្រប់​គ្នា។ មួយវិញ​ទៀត ​កន្លែង​ដែល​សំបូរ​ការងារ ​មាន​រោងចក្រ ​មាន​ការដ្ឋាន​សំណង់​រីក​ស្គុះស្គាយ ​គឺ​មាន​តែ​នៅ​តាម​ក្រុង​ធំៗ ​ដូច្នេះ ​មនុស្ស​ម្នា ​នាំ​គ្នា​មក​រស់​នៅ​កកកុញ។ ហើយ​ការ​ប្រើប្រាស់​យានជំនិះ ​និង​ថាមពល​អគ្គីសនី​ វា​កើន​ឡើង​ទៅ​តាម​នេះ​ដែរ។ ផ្សែង​យានជំនិះ​ជា​ចំណែក​មួយ ​នៃ​ការ​បញ្ចេញ​ផ្សែង​ពុល​ទៅ​ក្នុង​បរិយាកាស ​ប៉ុន្តែ​ផ្សែង​ពុល​ ដែល​ហុយ​ចេញ​ពី​រោងចក្រ​ឧស្សាហកម្ម​ចិន ​មាន​ច្រើន​លើសលប់​ ជាង​នេះ​ទៅ​ទៀត។ សុខភាព​ប្រជាជន​ចិន​ ដែល​រស់​នៅ​តាម​ទីក្រុង​ធំៗ ​គឺ​ជួប​គ្រោះថា្នក់​សម្បើម​ណាស់ ​ព្រោះ​ថា​ផ្សែង​ពុល​ទាំងនេះ​ហើយ ​​ដែល​ជា​ប្រភព​នៃ​ជម្ងឺ​មហារីក​សួត ​នឹង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។

យ៉ាង​ណា​មិញ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​មាន​ស្រ្តី​ អ្នក​និយាយ​ទូរទស្សន៍​ចិន​ម្នាក់ ​បាន​ធ្វើ​វីដេអូ​ឯកសារ​មួយ​ និយាយ​អំពី ​ឥទ្ធិពល​អាក្រក់​ របស់​ផ្សែង​ពុល​ក្នុង​បរិយាកាស ​ដែល​មនុស្ស​ក្នុង​ក្រុង ​ដក​ដង្ហើម​ចូល​ក្នុងខ្លួន​រាល់​ថ្ងៃ។ វីដេអូ​ឯកសារ (Under the dome)នេះ​ គ្រាន់​តែ​ដាក់​ផ្សាយ​តាម​អ៊ីធើនែត​ភ្លាម ​មាន​មនុស្ស​ចូល​មើល ​រហូត​ដល់ ១៥៥​លាន​នាក់ ​ហើយ​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​តែ​ម្តង។ នេះ​សបង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រជាជន​ចិន ​ជា​ពិសេស​អ្នក​នៅ​តាម​ទីក្រុង​ ដែល​មាន​វ័យ​ក្មេងៗ ​មាន​ការ​ចាប់​អារម្មណ៍ ​ពី​បញ្ហា​នេះ​ខ្លាំង។ ប៉ុន្តែ ​រដ្ឋាភិបាល​ចិន ​បាន​បិទខ្ទប់​ លែង​ឲ្យ​មនុស្ស​ ចូល​ទៅ​មើល​វីដេអូ​នេះ​បាន។

នេះ​មាន​ន័យ​ថា​ម៉េច  ​មាន​ន័យ​ថា ​សម្តី​របស់​លោក លឺ កឺឈាំង ​ដែល​សារភាព​ថា ​ចិន​ជួប​បរាជ័យ ​ក្នុង​ការ​កាត់​បន្ថយ​ផ្សែងពុល ​ហើយ​ចិន​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន​ល្អ​ជាង​នេះ វា​មិន​ខុស​ពី​ផ្សែង​ឡាន​ ដែល​ហុយ​ចោល​ បាត់​ស្រមោល​នោះ​ទេ។ មាត់​និយាយ​ថា ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ​បន្តែ​គ្រាន់តែ​វីដេអូ ​ដែល​គេ​និយាយ​ពន្យល់​ពី​ផលវិបាក​នៃ​ផ្សែងពុល​តាម​ទីក្រុង ​បែរ​ជា​បិទ​មិន​ឲ្យ​គេ​ផ្សាយ។ សរុប​ទៅ ​ការ​និយាយ ​និង​ការ​អនុវត្ត​ជាក់ស្តែង​វា​ខុស​គ្នា។ មាត់​ថា​ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​ផ្សែងពុល​ ឲ្យបាន​ជោគជ័យ ​​ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ខ្លួន​ឯង ​គ្មាន​ទាំង​សេចក្តី​ក្លាហាន ​ហាន​ទទួល​ឲ្យ​គេ​និយាយ​អំពី​គ្រោះថ្នាក់​ផ្សែងពុល​នៅតាមទីក្រុង ​ដែល​ប្រជាជន​ចិន​រាប់រយ​លាន​នាក់​ កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ផង ​តើ​ឲ្យ​គេ​អាច​សង្ឃឹម​អ្វីទៅ?

កំណើន​សេដ្ឋកិច្ច​មិន​សូវ​ល្អ គោល​នយោបាយ​កូន​តែមួយ ចាប់​ផ្តើម​ហុច​ផល​អវិជ្ជមាន៖
វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ​លោក​ នាយករដ្ឋមន្រ្តី​ចិន ​បាន​ធានា​ថា ​នឹង​ធ្វើ​គ្រប់យ៉ាង​ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ចិន​ឡើងវិញ។ ឆ្នាំ​ ២០១៤ ​សេដ្ឋកិច្ច​ចិន ​មាន​កំណើន​ត្រឹម​៧​ភាគរយ​ប៉ុណ្ណោះ ​ដែល​តួលេខ​នេះ​ទៀប​ណាស់ ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុនៗ។ លោក​ថា ​ចិន​នឹង​ធ្វើ​កំណែ​ទម្រង់​ចាំ​បាច់​ជាច្រើន ​ដើម្បី​កុំឲ្យ​សេដ្ឋកិច្ច​ចិន រពឹង​តែ​ទៅ​លើ​ការ​នាំចេញ ​បន្តែ​ត្រូវ​ពង្រីក​ទីផ្សារ​ក្នុង​ស្រុក ​ព្រម​ទាំង​កាត់​បន្ថយ​អតិផរណា​របស់​ប្រាក់​យាន់។ រដ្ឋាភិបាល​ នឹង​ជម្រុញ​ធនាគារ​កណ្តាល ​ឲ្យ​ផ្តល់​ប្រាក់​កម្ចី ​ឲ្យ​បាន​ទូលំ​ទូលាយ ​ទៅ​លើ​វិស័យ​មួយ​ចំនួន ​ដែល​ចិន​មាន​សក្តានុពល។

លោក​ លី កឺឈាំង ​ក៏​បាន​លើក​ឡើង​ផង​ដែរ ​ថា ​សភា​ប្រជាមានិត​ចិន ​កំពុង​តែ​ពិភាក្សា​គ្នា ​ដើម្បី​រុះរើ​គោល​នយោបាយ​កូនមួយ។ ផល​អវិជ្ជមាន​នៃ​គោល​នយោបាយ​នេះ ​បាន​ធ្វើឲ្យ ​ប្រជាជន​ចិន​បច្ចុប្បន្ន​ មាន​មនុស្ស​ចាស់​កាន់​តែ​ច្រើន​ទៅៗ ​ព្រោះ​ក្មេង​ដែល​កើត​មាន​ចំនួន​តិច​ពេក។ ហើយ​មួយ​វិញ​ទៀត ​ចំនួន​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ វា​មិន​មាន​តុល្យភាព ​ដែល​កំពុង​ចោទ​ជា​បញ្ហា​សង្គម​ មួយ​ចំនួន​ផងដែរ។ ដូច្នេះ ​ការ​​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​មាន​កូន​លើស​ពី​មួយ​នេះ​ ​អាច​នឹង​ត្រូវ​សើរើ​ ទៅ​ថ្ងៃ​មុខ ​ប៉ុន្តែ​គេ​ត្រូវ​ការ​ការ​ពិភាក្សា​គ្នា ​ឲ្យ​បាន​ម៉ត់ចត់។

ចិន​ត្រៀម​ខ្លួន​ជានា​ជាមួយ​ជប៉ុន ​តែ​ជប៉ុន​ត្រូវ​មាន​សេចក្តី​ក្លាហាន​ ហ៊ាន​ទទួល​ការពិត ដែល​ធ្លាប់​ធ្វើ​បាប​ចិន៖
ជម្លោះ​រវាង​ជប៉ុន​និង​ចិន ជា​បញ្ហា​ដដែលៗ ​ដែល​ថ្នាក់​ដឹកនាំ​ចិន និយាយ​តាម​គ្នា​ ឡើង​ចង់​សឹក​មាត់​ទៅ​ហើយ។ លោក​ លី កឺឈាំង ​និយាយ​ថា ​ចិន​មាន​ឆន្ទៈ​ផ្សះផ្សារ ​កសាង​មិត្តភាព​រវាង​ជប៉ុន​នឹង ចិន។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​ទន្ទឹម​គ្នា​នេះ​ ជប៉ុន​ត្រូវតែ​មាន​សេចក្តី​ក្លាហាន ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត ​ អំពី​ទង្វើ​សាហាវ​ព្រៃផ្សៃ​របស់​ទាហាន​ខ្លួន ​កាល​ពី​ជំនាន់​ទសវវត្ស​ឆ្នាំ ៣០-៤០ ​នៅ​ពេល​ដែល​ជប៉ុន​ចូល​មក​ទន្រ្ទាន​ទឹកដី​ចិន។

លោក លី ​បន្ថែម​ថា ​ប្រជាជន​ជប៉ុន​ខ្លួនឯង​ក៏​ធ្លាប់​រង​ការ​ឈឺចាប់​ដែរ​ ​ក្នុង​ពេល​សង្គ្រាម​លោក​លើក​ទីពីរ ​ដូច្នេះ​គេ​គួរ​យល់​ពី​ប្រវត្តិសាស្រ្ត​ ដ៍​វេទនា​របស់​ចិន ​ដែល​ត្រូវ​បាន​ជប៉ុន​ជិះជាន់។ ​លោក​បញ្ជាក់​ទៀតថា ចិន​មិន​ដែល​ស្អប់​ប្រជាជន​ជប៉ុនទេ​ ប៉ុន្តែ​មាន​តែ​ថ្នាក់​ដឹកនាំ​ជប៉ុន​ទេ ​ដែល​តែងតែ​ធ្វើ​ឫក​ក្រអឺត​ក្រទម ​មើល​ងាយ​ប្រវត្តិសាស្ត្រ ​មិន​ទទួល​ស្គាល់​ពី​កំហុង​ឆ្គង​របស់​ខ្លួន ​ដែល​ធ្លាប់​ធ្វើ​ទៅ​លើ​ជាតិ​សាសន៍​ដ៏ទៃ។ បើ​ជប៉ុន​ចង់​ពង្រឹង​វិស័យ​យោធា ​ចិន​ក៏​គេ​មាន​លទ្ធភាព​ធ្វើ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI