ចិន

សារព័ត៌មាន​ផ្លូវការ​ចិន​រិះគន់​មេដឹកនាំ​ចូល​និវត្តន៍​តែ​នៅ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​រដ្ឋ

លោក​ហ៊ូ ជីនតាវ (ឆ្វេង) និង​លោក​ចាង ហ្សេមីន អតីត​ប្រធានាធិបតី​ចិន នៅ​ក្នុង​អំឡុង​សមាជបក្ស​កុម្មុយនិស្តចិន កាល​ពី​ឆ្នាំ​២០១២
លោក​ហ៊ូ ជីនតាវ (ឆ្វេង) និង​លោក​ចាង ហ្សេមីន អតីត​ប្រធានាធិបតី​ចិន នៅ​ក្នុង​អំឡុង​សមាជបក្ស​កុម្មុយនិស្តចិន កាល​ពី​ឆ្នាំ​២០១២ Reuters/路透社

កាសែតផ្លូវការ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ចុះផ្សាយ​ដោយ​ធ្វើការ​រិះគន់​ធ្ងន់ៗ ទៅលើ​អតីត​មេដឹកនាំ ដែល​បាន​ចូលនិវត្តន៍ ក៏ប៉ុន្តែ នៅតែ​បន្ត​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​មក​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​រដ្ឋ។ ការសេរ​រិះគន់​ដោយ​ធ្ងន់ៗ​បែបនេះ គឺ​ជា​រឿង​ដ៏​កម្រ​មួយ សម្រាប់​​សារ​ព័ត៌មាន​ផ្លូវការ​របស់​ចិន ហើយ​វា​ទំនង​ជា​មាន​ជាប់​ទាក់ទង​នឹង​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​លោក​ស៊ី ជីនពីង។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​បទវិចារណកថា​ចុះផ្សាយ​នៅថ្ងៃ​ចន្ទ​នេះ ​សារព័ត៌មាន The People Daily បាន​សរសេរ​ថា “មេដឹកនាំ​មួយ​ចំនួន​ដែល​ចូល​និវត្តន៍​ទៅហើយបាន​រក្សា​ទុក​មនុស្ស​ជំនិត​របស់​ខ្លួន​ឲ្យ​នៅ​កាន់​តំណែង​សំខាន់ៗ ដើម្បី​អាច​បន្ត​​រក្សា​ឥទ្ធិពល​របស់​ខ្លួន ហើយ​លើស​ពីនេះ​ទៅទៀត ពួកគេ​តែងតែ​ព្យាយាម​ធ្វើ​អន្តរាគមន៍​ចូល​ក្នុង​កិច្ចការ​សំខាន់ៗ​របស់​រដ្ឋ បើទោះជា​ពួកគេចូលនិវត្តន៍​ជាច្រើន​ឆ្នាំ​ទៅហើយ​ក៏ដោយ”។

ការ​សរសេរ​រិះគន់​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ពីព្រោះ​ថា រហូតមក​ទល់​នឹង​ពេលនេះ គេ​កម្រឃើញ​ណាស់ បណ្តាញ​សារព័ត៌មាន​ផ្លូវការ​របស់​ចិន​​សរសេរ​រិះគន់​​មេដឹកនាំ ឬ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​បែបនេះ​។ ​​ម្យ៉ាងទៀត ការណ៍​ដែល​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ចិន​ដែល​ចូលនិវត្តន៍​ហើយ តែ​បន្ត​រក្សា​ឥទ្ធិពល​ក្នុង​នយោបាយ​របស់​បក្ស​និង​រដ្ឋ គឺ​ជា​ទំនៀមទម្លាប់​ក្នុង​របបកុម្មុយនិស្ត​ចិន​តាំង​ពី​យូរណាស់​មកហើយ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បទវិចារណកថា​នេះ​​ធ្វើ​ឲ្យ​គេ​គិត​ថា លោក​ ស៊ី ជីនពីង ទំនង​ជា​កំពុង​គ្រោង​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​មេដឹកនាំ​មុនៗ ជាពិសេស គឺ​លោក​ចាង ហ្សេមីន។

គួរបញ្ជាក់ថា នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​លោក​ស៊ី ជីនពីង បាន​បើក​ធ្វើ​ចាប់តាំង​ពីឡើង​កាន់អំណាច​កាល​ពី​ពីរឆ្នាំ​មុន ឥស្សរជន​នយោបាយ​ជាច្រើន​ត្រូវ​បាន​ដក​តំណែង ហើយ​ខ្លះ​ត្រូវ​ចាប់ខ្លួន​ពីបទ​ពុករលួយ។ ករណី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ជាងគេ គឺ​ការ​ដកតំណែង និង​កាត់ទោស​លោក​ចូវ យ៉ុងកាង​ ដែល​ជា​អតីត​មេប៉ូលិស​ដ៏​មាន​ឥទ្ធិពល ហើយ​ដែល​គេ​ចាត់ទុក​ថា​ជា​មនុស្ស​ជំនិត​នឹង​លោក​ចាង ហ្សេមីន អតីត​ប្រធានាធិបតី​ចិន ចន្លោះ​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​២០០២។

កាលពីពេល​ថ្មីៗ​នេះ​ មនុស្ស​ជំនិត​អតីត​ប្រធានាធិបតី​មួយរូប​​ទៀត​ក៏​ត្រូវ​បាន​ដកតំណែង និង​ចាប់ខ្លួន​ពីបទ​ពុករលួយ​នេះ​ដែរ គឺ​ លោក លីង ជីហួ ដែល​ធ្លាប់កាន់តំណែង​​ជា​នាយកខុទ្ទកាល័យ​របស់​លោក​​អតីត​ប្រធានាធិបត​ ហ៊ូ ជីនតាវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI