ចិន

ចិន​បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​ចាត់​វិធានការ​ចាស់ដៃ​ដាក់​កូរ៉េខាងជើង

លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី និង​សមភាគី​អាមេរិក​លោក​ចន ឃ៊ែរី
លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី និង​សមភាគី​អាមេរិក​លោក​ចន ឃ៊ែរី REUTERS/Michael Dalder
១៦ នាទី

ប្រទេស​ចិន​ហាក់​បាន​ប្តូរ​ជំហរ​របស់​ខ្លួន​ចំពោះ​កូរ៉េខាងជើង។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កុម្ភៈ លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់​ថា ចិន​នឹង​គាំទ្រ​ឲ្យ​មាន​សេចក្តីសម្រេចចិត្ត​មួយ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ដាក់​ទ័ណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដែល​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​អន្តរទ្វីប​នា​ពេល​ថ្មីៗ​កន្លង​ទៅ។

ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់​នា​ឱកាស​សន្និសីទអន្តរជាតិ​ស្តីពី​សន្តិសុខ។ លោក​វ៉ាង យី​បាន​បញ្ជាក់ៗ​ច្បាស់ៗ​ថា ចិន​គាំទ្រ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​ថ្មីៗ និង​អនុម័ត​នូវ​សេចក្តី​សម្រេចចិត្ត​ថ្មី​មួយ​ដើម្បី​ព្រមាន​កូរ៉េខាងជើង​ឲ្យ​ចាស់ដៃ​ពី​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ ពោល​គឺ​ការ​បន្ត​បាញ់​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។

ជំហរ​ខ្លាំងៗ​របស់​ចិន​របៀប​នេះ​ចំពោះ​កូរ៉េខាងជើង​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ជា​ជំហរ​មួយ​ដែល​ហាក់​ដូច​ជា​មាន​ការ​ផ្លាស់ប្តូរ​នៅ​លើក​មុននិង​ដែល​គេ​កម្រ​ឃើញ​មាន​ចេញ​ពី​មាត់​របស់​ក្រុង​ប៉េកាំង​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិនលេច​របស់​ក្រុង​ព្យុងយ៉ាង។ កន្លង​មក ចិន និង​អាមេរិក​មិន​ដែល​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ទង្វើ​របស់​កូរ៉េខាងជើង​ទេ។ ទីក្រុង​វ៉ាស៊ីតោន​ចង់​ពង្រឹង​ទ័ណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង តែ​ក្រុង​ប៉េកាំង​ចង់​បាន​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា។

ទាក់ទង​នឹង​សំណួរ​ដែល​ថា តើ​មាន​វិធានការ​ថ្មី​អ្វី​ខ្លះ​ដែល​ចិន​ចង់​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់​លើ​កូរ៉េខាងជើង?។ លោក​វ៉ាង យី​មិន​បាន​ឆ្លើយ​ចំៗ​ទេ តែ​បាន​បញ្ជាក់​ថា កម្មវត្ថុ​សំខាន់​នៃ​វិធានការ​ថ្មី គឺ​សំដៅ​រារាំង​កូរ៉េខាងជើង​កុំ​ឲ្យ​បន្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។ ទន្ទឹម​គ្នា​នេះ លោក​វ៉ាង យី​ក៏​មិន​ឲ្យ​ទ័ណ្ឌកម្ម​ថ្មី​ក្លាយ​ជា​ដំណោះស្រាយ​តែ​មួយ​នៅ​ក្នុង​សំណុំរឿង​ដ៏​ចម្រូងចម្រាស​នេះ​ដែរ។

តែ​ស្រប​ពេល​គ្នា​នេះ ចិន​ក៏​ចង់​ឃើញ​អាមេរិក​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​មីស៊ីល​ប្រភេទ THHAD នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដើម្បី​ប្រឈម​ទប់​នឹង​គ្រាប់មីស៊ីល​កូរ៉េខាងជើង​ដែរ។ អ្វី​ដែល​ប៉េកាំង​បារម្ភ គឺ​ខ្លាច​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​ទឹកដី​កូរ៉េខាងត្បូង​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រឆាំង​ខ្លួន​ទៅ​វិញ​ទេ។ នៅ​ក្នុង​ន័យ​នេះ លោក​វ៉ាង យី​បាន​ស្នើ​ឲ្យ​អាមេរិក​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន។

ប្រមុខ​ការទូត​ចិន​បាន​បន្ថែម​ដោយ​បាន​ចាត់​ទុក​គម្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​យុទ្ធសាស្រ្ត​របស់​ចិន និង​របស់​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI