ចិន

លោកស៊ី ជីនពីង៖​ចិន​នឹង​បន្ត​គាំទ្រ AIIB ដើម្បី​ជំរុញ​ការវិនិយោគ​នៅ​អាស៊ី

លោក​ប្រធានាធិបតី​ចិនស៊ី ជីនពីង
លោក​ប្រធានាធិបតី​ចិនស៊ី ជីនពីង REUTERS/Mark Schiefelbein/Pool TPX IMAGES OF THE DAY Open in New

នៅ​ក្នុង​ប្រទេស​ចិន លោក​ប្រធានាធិបតី​ស៊ី ជីនពីង​បាន​ប្រកាស​ធានា​នៅ​ថ្ងៃ​សៅរ៍ ទី១៦ មករា​ថា ក្នុង​នាម​ជា​ប្រទេស​ផ្តួចផ្តើម​គំនិត​បង្កើត​ឲ្យ​មាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ហៅ​កាត់​ថា AIIB ឡើង ចិន​នឹង​បន្ត​គាំទ្រ AIIB ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​ដោយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សមភាព​នៅ​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃ​សៅរ៍ ទី១៦ មករា​នេះ​ដែល​ចិន​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែល​ចិន​ជា​ប្រទេស​ស្ថាបនិក។ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ដែល​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​បាន​ថ្លែង​ធានា​ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​នឹង​ជំរុញ​ការ​វិនិយោគ​ឲ្យ​មាន​ប្រសិទ្ធិភាព​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី។ គួរ​រម្លឹក​ជូន​ថា កិច្ចព្រមព្រៀង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៥ និង​ដែល​មក​ដល់​សព្វថ្ងៃ មាន​សមាជិក​សរុប​ចំនួន ៥៧ប្រទេស​ដែល​ភាគ​ច្រើន​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី តែ​ក៏​មាន​ប្រទេស​អឺរ៉ុប​ប្រមាណ​ជា ២០ប្រទេស​ចូល​រួម​ដែរ ក្នុង​នោះ​មាន​បារាំង អាល្លឺម៉ង់ និង​ប្រទេស​អង់គ្លេស។

ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គូប្រជែង​នឹង​ធនាគារ​ពិភពលោក​​ដែល​គ្រប់គ្រង​ដោយ​អាមេរិក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​គ្រប់​គ្រង​ដោយ​ប្រទេស​ជប៉ុន។ តែ​រហូត​មក​ដល់​ពេល​នេះ ជប៉ុន និង​អាមេរិក​បាន​បដិសេធ​មិន​ចូល​រួម​ជាមួយ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន​ទេ។ ទីក្រុង​វ៉ាស៊ីនតោន និង​តូក្យូ​នៅ​បន្ត​មិន​ទុក​ចិត្ត​ចំពោះ​លក្ខន្តិក និង​កម្មវត្ថុ​ពិត​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ពិសេស​ខ្លាច​ចិន​យក​ធនាគារ​មួយ​នេះ​ដើម្បី​បម្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ភូមិសាស្រ្តនយោបាយ​របស់​ខ្លួន។

គួរ​ជម្រាប​ជូន​ថា​នា​រយៈពេល​ចុង​ក្រោយ​នេះ ចិន​បាន​និង​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​សកម្ម​តាំង​ពី​តំបន់​អាស៊ី​ឆ្លង​ចូល​អឺរ៉ុប ដោយ​ប្រើ​ទឹកលុយ​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​សម្បើម។ តែ​លោក​ស៊ី ជីនពីង​បាន​ប្រកាស​ធានា​នៅ​ថ្ងៃ​នេះ​ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​មិនមែន​ជា​កម្មសិទ្ធិ​ឯកជន​របស់​ចិន​តែ​ម្នាក់​ឯង​ទេ តែ​ជា​របស់​ប្រទេស​សមាជិក​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI