អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើនឹង​មានអ្វី​កើត​ឡើង នៅ​ក្រោយ​ពេល​កិច្ច​ព្រមព្រៀង​​ក្រុង​ប៉ារីស​​ស្តីពី​អាកាសធាតុ ចូល​ជា​ធរមាន

សំឡេង ០៧:៥៣
សន្និសីទ COP21 ដែល​បាន​​សម្រេច​បាន​​កិច្ចព្រមព្រៀង​​ទីក្រុង​​ប៉ារីស​ ស្តីពី​អាកាសធាតុ ខែធ្នូ​ ឆ្នាំ​២០១៥
សន្និសីទ COP21 ដែល​បាន​​សម្រេច​បាន​​កិច្ចព្រមព្រៀង​​ទីក្រុង​​ប៉ារីស​ ស្តីពី​អាកាសធាតុ ខែធ្នូ​ ឆ្នាំ​២០១៥ REUTERS/Jacky Naegelen
ដោយ៖ ម៉ម ពិសី
៥១ នាទី

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ ​ទើប​បាន​ចូល​ជា​ធរមាន​ជាផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ទី ​៤ ​វិច្ឆិកា​នេះ ​បន្ទាប់​ពី​ប្រទេស​ហត្ថលេខី ​បាន​ធ្វើ​សច្ចាប័ន​គ្រប់​ចំនួន​កំណត់។ កិច្ច​ព្រមព្រៀង​នេះ ​ត្រូវ​បាន​គេ​សង្ឃឹម​ថា​ គឺ​ជា​ជោគជ័យ​ធំធេង​របស់​ពិភពលោក ​ក្នុង​ការ​ការពារ​សុខមាលភាព​របស់​មនុស្សជាតិ ​តាម​រយៈ​ការ​ចូលរួម​កាត់​បន្ថយ​ការ​កើនឡើង​ នៃ​កំដៅ​ភពផែន​ដី ​មិន​ឲ្យ​កើន​លើស​ពី​២អង្សារ​សេ ពី​នេះ​​រហូត​ដល់​ឆ្នាំ​២០៥០។ តើក្រោយ​ ពេល​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ នឹង​មាន​អ្វី​កើតឡើង​តទៅ​ទៀត? ​តើកិច្ច​ព្រមព្រៀង​នេះ ​ អាច​នឹង​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​ ជាក់ស្តែង​ទេ?

ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ​ទីក្រុង​ប៉ារីស​ រឺ​ហៅថា ​COP21 ​នេះ ​បាន​ចូល​ជា​ធរមាន​ហើយ ​បន្ទាប់​ពី​ប្រទេស​ហត្ថលេខី​ចំនួន​៥៥​ប្រទេស​បាន​ផ្តល់​សច្ចាប័ន ​ ហើយ​ដែល​ប្រទេស​ទាំង​៥៥​នេះ ​មាន​កំរិត​បញ្ចេញ​ឧស្ម័ន​ពុល​សរុប​ទាំងអស់ ​លើស​ពី​៥៥%។

កម្មវត្ថុ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ស្តីពី​អាកាសធាតុ​នេះ ​ គឺ​ដើម្បី​ប្រមូល​ប្រទេស​ទូទាំង​ពិភពលោក​ មិន​ថា​ប្រទេស​ធំ​ប្រទេស​តូច​ ប្រទេស​អ្នក​មាន​ប្រទេស​អ្នក​ក្រទេ ​ឲ្យ​ចូលរួម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល ​ដែល​ជា​ប្រភព​នៃ​ការ​កើនឡើង​នូវ​កំដៅ​របស់​ភព​ផែនដី​យើង។ ឧស្ម័ន​ពុល​ទាំងនោះ​មាន​ជា​អាទិ​ ឧស្ម័ន​កាបូនិក ​ឧស្ម័ន​មេតាន ​និង​ឧស្ម័ន ​ប្រូតុកស៊ីដ​អាស៊ូដ។ ឧស្ម័ន​ទាំងអស់​នេះ ​ ​គឺ​វា​កើត​ចេញ​ពី​ការ​ផលិត​ថាមពល​នានា ​ដូច​ជា​ការ​ដុត​ធ្យូងថ្ម ​និង​ ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ជាដើម។ គឺ​ផ្សែងពុល​ទាំង​អស់​នេះ ​វា​ហោះទៅ​កក​ស្ទះ​ហ៊ុំព័ត្រ​ជុំវិញ​បរិយាកាស​ផែនដី​យើង ​ ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព ​ឡើង​បនិ្តច​ម្តងៗ។ បើ​និយាយ​ងាយ​ស្តាប់ ​ គឺ​មិន​ខុស​ពី​យើង​ពាក់​អាវ​ក្រាស​ឃ្មឹក ​ច្រើន​ជាន់​ ជាប់​ជា​ប្រចាំថ្ងៃ ​ហើយ​ធ្វើ​ឲ្យ​យើង​ក្តៅ​ហប់​ទៅៗ ​អាច​ស្ទះ​ដង្ហើម​ស្លាប់។

ជំហានថ្មី ​នៃ​យុទ្ធនាការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នពុល៖
កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ​នេះ ​មាន​កម្មវត្ថុ​ធ្វើ​យ៉ាងណា ​កុំឲ្យ​កំដៅ​ផែនដី​យើង​ឡើង​លើស​ពី​២អង្សារ​សេ។ សួរ​ថា ​ឥឡូវ​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ហើយ ​តើ​នឹង​មាន​អ្វី​កើតឡើង?

បើ​និយាយ​សម្រាប់​ដំនាក់​កាល​នេះ ​គឺ​គ្មាន​អ្វី​កើត​ឡើង​ទេ។ មិនមែន​មាន​ន័យ​ថា ​ថ្ងៃ​ស្អែក​ ប្រទេស​ហត្ថលេខី​ទាំង​៩៤ ​គេ​នឹង​បិទ​រោងចក្រ​បញ្ចេញ​ផ្សែងពុល ​ ​រឺឈប់​ដុត​ធ្យូងថ្ម​នោះ​ទេ។ ការ​ផ្លាស់ប្តូរ ​វា​នឹង​មក​ដល់​ដោយ​សន្សឹមៗ។ ចំណុច​ចំបង​ជាង​គេ​ គឺ​ថា​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​នេះ ​និង​ជម្រុញ​ឲ្យ​អ្វី​ៗ​ ឲ្យ​ដំណើរការ​ទៅ​មុខទៀត ​ដោយ​រហ័ស ​ជា​ពិសេស​សម្រាប់​ការ​ចរចា​សន្និសីទ ​COP22 ​ដែល​នឹង​ប្រព្រឹត្តិធ្វើ​ទៅ ​នៅ​ទីក្រុង​ម៉ារ៉ាកេហ្ឆ ​ ប្រទេស​ម៉ារ៉ុក ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ។ បើ​សិន​កិច្ច​ព្រមព្រៀង​COP21​ មិន​បាន​ចូល​ជា​ធរមាន​ពេល​នេះ​ទេ ​ ម្លេះ​សន្និសីទ​COP22​នៅ​ម៉ារ៉ុក ​មិន​ទៅមុខ​ទេ ​ព្រោះ​ភាគី​ទាំង​រវល់​តែ​និយាយ​អូសទាញ​គ្នា ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​យល់​ព្រម​ផ្តល់​សច្ចាប័ន​ឲ្យ​លឿនៗ។

លោកស្រី​ Ségolène Royal ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បារាំង ​និង​ជា​ប្រធាន​សន្និសីទ​COP21  ​បាន​បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង​ស្តីពី​អាកាធាតុ​ចូល​ជា​ធរមាន ​គឺ​មាន​ន័យ​ថា ​សន្និសីទ​COP22 ​ត្រូវ​ដើរ​ទៅ​មុខ​មួយ​ជំហាន​ទៀត ​ ដោយ​ត្រូវ​ជជែក​ដេញ​ដោល​គ្នា ​លើ​ចំណុច​សំខាន់ៗ​ ផ្សេងទៀត ​សំដៅ​អនុវត្តកិច្ច​ព្រមព្រៀង​នេះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ការ​ចូលជា​ធរមាន​នេះ ​នឹង​បង្ហាញ​ប្រាប់​ទៅ​ដល់​ក្រុមហ៊ុន​សហគ្រាស ​ក៏​ដូច​ជា​អ្នក​វិនិយោគ​នានា ​ឲ្យ​នាំគ្នា​ងៀក​មក​គិតគូរ​ អំពី​បែប​ផែនថ្មី​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ​តាម​រយៈ​វិធី​ផ្សេង​ៗ ​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ជ្រុល​ហួសហេតុ ​ដូច​កាល​ពីមុន។

មិន​ចាប់​បង្ខំ​ប្រទេស​ហត្ថលេខី ​តែ​ចង់បាន​ការ​ភ្ញាក់រលឹក៖
កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ​ ពុំ​មាន​ចែង​ថា​ប្រទេស​ហត្ថលេខី​ទាំង​អស់ ​ត្រូវ​តែ​មាន​កាតព្វកិច្ច​គោរព​ទេ។ ការ​សន្យា​របស់​ប្រទេស​ទាំងអស់ ​ទាក់​ទិន​ទៅ​នឹង​ការ​កាត់​បន្ថយ​ឧស្ម័នពុល ​ ​រឺ​ក៏ផែន​ការ​ហិរញ្ញវត្ថុ​ ដើម្បី​ជំរុញ​ការ​ការពារ​បរិស្ថាន​ជាដើម​នោះ ​មិន​ត្រូវ​បាន​កំណត់​ក្នុង​អត្ថបទ​របស់​កិច្ច​ព្រមព្រៀង​នេះ​ទេ ​តែ​គេ​យកវា​ទៅដាក់​ក្នុង​ឯកសារ​ភ្ជាប់។

តាម​ពិត​នេះគឺ​ជា​ជំរើស​ របស់​ក្រុម​ការងារ ​ក្នុង​ពេល​ចរចា ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥។ ជម្រើស​នេះ ​មាន​មូលហេតុ​ពីរ។ ទីមួយ​ដោយសារ​គេ​ចង់​តំរូវ​ទៅ​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​អាមេរិក។ លោក​អូបាម៉ា ​ដឹង​ថា​បើ​សិន​ជា​គេ​កំណត់​កាតព្វកិច្ច​ឲ្យ​គោរព ​នៅក្នុង​តួ​អត្ថបទ​របស់​កិច្ច​ព្រមព្រៀង ​គឺ​លោក​ត្រូវ​យក​កិច្ច​ព្រម​ព្រៀង​នេះ ​ទៅ​ឆ្លង​សភា​ទាំងពីរ។ ដូច​យើង​ដឹង​ហើយ ​សភា​ទាំងពីរ​របស់​អាមេរិក ​សុទ្ធ​តែ​ជា​អ្នក​មក​ពី​បក្ស​សាធារណរដ្ឋ ​ដែល​មិន​ងាយ​ធ្វើ​សច្ចាប័ន​អ្វីងាយៗ​ទេ។ ការ​ដែល​មិន​កំណត់​កាតព្វកិច្ច​ក្នុង​កិច្ច​ព្រមព្រៀង​ គឺ​បាន​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​លោក​អូបាម៉ា ​អាច​ផ្តល់​សច្ចាប័ន​បាន​ដោយ​ស្រួល ​ដោយ​គ្រាន់តែ​ធ្វើ​ក្រិត្យ​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ។ ពុំនោះ​ទេ ​កិច្ច​ព្រមព្រៀង​នេះ ​មិន​អាច​ចូលជា​ធរមាន​នៅ​ថ្ងៃ​នេះ​ទេ​ បើ​គ្មាន​សច្ចាប័ន​ពី​អាមេរិក​ ព្រោះ​អាមេរិក​ជា​ប្រទេស​បញ្ចេញ​ឧស្ម័នពុល​ច្រើន​ជាង​គេ។

ហេតុផល​ទីពីរ​ គឺ​ដោយ​យោង​ទៅលើ​បទ​ពិសោធន៍​នៃ​បរាជ័យ ​កាល​ពី​លើក​មុន។ កាល​ពី​គេ​ធ្វើ​ប្រូតូកូល​ក្រុង​ក្យូតូ ​នៅ​ឆ្នាំ​១៩៩៧ ​គេ​បាន​កំណត់​កាតព្វកិច្ច​ជាច្រើន ​សម្រាប់​ប្រទេស​ហត្ថលេខី ​ ដើម្បី​កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី។ តែទី​បំផុត​ គ្មាន​នរណា​ម្នាក់​គោរព​ទេ។

អ្នក​វិភាគ​យល់ថា ​តែ​កាលណា ​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ ​ដែល​កំណត់​ពី​កាតព្វកិច្ច​របស់​ប្រទេស​ហត្ថលេខី ​ច្រើន​ជ្រុល ​និង​តឹងតែង ​ដែល​អាច​រំលោភ​ទៅលើ​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ​នោះ ​​គឺ​ទី​បំផុត​នឹង​បរាជ័យ ​គ្មាន​គេ​ធ្វើ​តាម។ លោក ​Thierry Lebel ​អ្នក​ជំនាញ​ផ្នែក​ធនធាន​ទឹក ​និង​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បី​ការអភិវឌ្ឍន៍ ​ មាន​យោបល់​ថា ​ការ​ចាប់​បង្ខំ ​គឺ​មិន​បាន​ប្រយោជន៍។ អ្វីៗ​ត្រូវ​ចេញ​ពី​ចិត្ត​ពិត​ ចេញ​ពី​ការ​ប្រឹងប្រែង​របស់​ប្រទេស​នីមួយ ​បន្ទាប់​ពី​យល់​ដឹង​ច្បាស់លាស់​ពី​ភាព​ចាំបាច់។

ប្រទេស​ទាំងអស់ ​ជា​ពិសេស​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​នាំមុខ​ ដូច​ជា​ចិន ប្រេស៊ីល ​និង​ឥណ្ឌា​ជា​ដើម ​ ត្រូវ​យល់​ពី​បញ្ហា​នេះ ​ហើយ​ធ្វើការ​សហការ​គ្នា ​ដោយ​គ្មាន​នរណា​ចាំមើល​បំណាំ​អ្នក​ណាទេ​។ សរុប​ជារួម ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​នេះ ​មាន​តម្លៃ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ ជា​បន្ទាត់​ដែល​គេ​គូស​វាស​ប្រាប់​ប្រទេស​ហត្ថលេខី ​ថា​គួរ​តែ​ដើរ​តាម ​ មិនមែន​ជា​អត្ថបទ​ច្បាប់ ​ដែល​ចាប់​បង្ខំ​ប្រទេស​ហត្ថលេខី​ទេ។

ចុះបើ​លោក​ដូណាល់ ត្រាំ ​ឈ្នះឆ្នោត ​វាសនា​កិច្ចព្រមព្រៀង​នេះ​នឹង​ទៅជា​យ៉ាងណា?
លោក​ដូណាល់ ត្រាំ ​ធ្លាប់​បាន​ប្រកាស​ថា​​ បើ​លោក​ជាប់ឆ្នោត ​ លោក​នឹង​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ។ តើ​អាច​ធ្វើ​ទៅ​រួច​ដែរ​រឺទេ? អ្វីៗ​អាច​ទៅ​រួច​ទាំងអស់ ​គ្រាន់តែ​ថា​វា​អាច​ងាយ​ស្រួល ​ ​រឺ​លំបាក។ ជា​ការពិត ​លោក​ដូណាល់ ត្រាំ ​ដែល​មាន​ទស្សនវិស័យ​បែប​សួនតួ​និយម ​ អត្មានិយម​នោះ ​គិត​ថា​កិច្ច​ព្រមព្រៀង​នេះ ​ធ្វើ​ឲ្យ​អាមេរិក​ខាត ​ព្រោះ​ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ថាមពល​ដែល​បញ្ចេញ​ឧស្ម័ន​ពុល។ គាត់​គិត​ថា ​បើ​ធ្វើ​អញ្ចឹង ​គឺ​អាមេរិក​និង​ខ្យោយ ​ ព្រោះ​បាត់បង់​ចរន្ត​នៃ​ការ​ផលិត​ទំនិញ ​រឺ​មួយ​ក៏​ផលិត​មិន​ទាន់​គេ។

បើ​វិភាគ​មែនទែន ​ មិនមែន​សហរដ្ឋ​អាមេរិក​តែ​ម្នាក់​ឯង​ទេ ​ដែល​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នពុល ​ គេ​ឯង​ផ្សេងទៀត​ ក៏​គេ​ធ្វើ​អញ្ចឹង​ដែរ។ អញ្ចឹង​បើ​ខាត ​ គឺ​ខាត​ទាំង​អស់គ្នា។ មួយវិញ​ទៀត ​លោក​ត្រាំ​និយាយ​បែប​នេះ ​ ប្រហែល​ជា​គាត់​ភ្លេច​គិត ​ថា​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន ​ទាំង​ក្រុមហ៊ុន​សហគ្រាស ​អ្នក​ផលិត ​ ទាំង​អ្នក​វិនិយោគ ​គឺ​គេ​នាំគ្នា​កាច់​ចង្កូត ​ទៅ​ផ្នែក​បៃតង ​ពោល​ផ្នែក​ការពារ​បរិស្ថាន ​និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​នេះ​ច្រើន​ណាស់។ មិនឃើញ​សេដ្ឋកិច្ច​អាមេរិក​អន់​ថយ​អី​ផង ​ ​គឺ​នៅ​តែ​ដើរ​ទៅមុខ​ដដែល ​ ហើយ​អាច​ល្អ​ជាង​មុន​ផង។
 

លោក​អូបាម៉ា និងលោកស៊ី ជីនពីង​ ក្នុង​​ពេល​​ប្រកាស​​រួម​គ្នា​​ថាបាន​​ផ្តល់​សច្ចាប័ន​​ដល់​​កិច្ច​ព្រមព្រៀង​​COP21
លោក​អូបាម៉ា និងលោកស៊ី ជីនពីង​ ក្នុង​​ពេល​​ប្រកាស​​រួម​គ្នា​​ថាបាន​​ផ្តល់​សច្ចាប័ន​​ដល់​​កិច្ច​ព្រមព្រៀង​​COP21 ®REUTERS/Jonathan Ernst

ចំណុច​មួយទៀត ​គឺ​លោក​អូបាម៉ា ​បាន​រៀបចំ​ចងជើង​សហរដ្ឋ​អាមេរិក​រួច​ហើយ ​ ដើម្បី​ការពារ ​ក្រែង​លោក​រដ្ឋាភិបាល​អាមេរិក​ អាណត្តិ​ក្រោយ​ ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ។ លោក​អូបាម៉ា ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពិសេស​ទ្វេរ​ភាគី​ជាមួយ​ចិន​ ស្តីពី​ការ​កាត់​បន្ថយ​ឧស្ម័ន​ពុល​នេះ។ ដូច្នេះ​បើ​អាមេរិក ​ចង់​ដក​ខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​វា​មាន​ន័យ​ថា​សហរដ្ឋ​អាមេរិក​នឹង​បោកប្រាស់​ចិន។ សួរថា​តើ​រដ្ឋាភិបាល​ចិន​សុខ​ចិត្ត​ទេ? តើ​រដ្ឋាភិបាល​ថ្មី​របស់​ដូណាល់ ​ត្រាំ​ ហ៊ាន​ប្រឈម​មុខ​ជាមួយ​ចិន​ទេ?

 
ចិន​គេចុះ​កិច្ច​ព្រមព្រៀង ​និង​ផ្តល់​សច្ចាប័ន​គ្រប់​បែប​យ៉ាង ​ ព្រោះគេ​យល់​ពី​ភាព​ចាំបាច់ ​និង​គ្រោះថ្នាក់​របស់​ប្រទេស​គេ ​បើ​សិន​ជា​ផែនដី​ឡើង​កំដៅ​កាន់​តែ​ខ្លាំង ​ មិនមែន​គេ​ព្រម​ចុះ​ ដោយ​គេ​យល់​មុខ​លោក​អូបាម៉ា​ទេ។​ ដូច្នេះ​បើ​ថ្ងៃ​មុខ​លោក​ដូណាល់ ត្រាំ ​បំផ្លាញ​កិច្ច​ព្រមព្រៀង​ទាំងនេះ ​ គឺ​វា​មិន​ខុស​ពី​ប្រកាស​សង្រ្គាម​ការ​ទូត​ជាមួយ​ចិន​ទេ។ មួយ​វិញ​ទៀត ​ អ្វី​ដែល​អ្នក​នយោបាយ​សន្យា​ក្នុង​ពេល​បោះឆ្នោត ​ មិនមែន​មាន​ន័យ​ថា​គេ​នឹង​ធ្វើ​ទាំងអស់​នោះ​ទេ។

បើក្នុង​ករណី​លោក​ដូណាល់ ​ត្រាំ​ជាប់​ជា​ប្រធានាធិបតី ​ហើយ​ធ្វើ​មែន ​ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ដែរ ​ព្រោះ​តាម​នីតិវិធី​ដកខ្លួន​ គឺ​ត្រូវ​ប្រាប់​មុន​យ៉ាង​ហោច​ណាស់​៣ឆ្នាំ។ តែ​យ៉ាងណា ​ មនុស្ស​លោក​ដូណាល់ ត្រាំ ​យើង​មិន​អាច​ស្មាន​ចិត្ត​បាន​ទេ។ កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ​នេះ ​ អាច​ត្រូវ​រង្គោះរង្គើរ​ របរាជ័យ​ ដោយសារ​លោក​ដូណាល់ ត្រាំ។ អញ្ចឹង​ហើយ ​បាន​ជា​ថ្នាក់​ដឹក​នាំ​ពិភពលោក​នានា ​គេ​ប្រាថា្ន​ចង់ឲ្យ​លោកស្រី​គ្លីនតុន​ជាប់​ឆ្នោត ​ជាជាង​លោក​ដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ