កូរ៉េខាងត្បូង-កូរ៉េ​ខាង​ជើង

គ្លីនតុន​នៅ​កូរ៉េ​ខាង​ត្បូង​ព្រមាន​កូរ៉េ​ខាង​ជើង​ឲ្យ​ឈប់​បង្កហេតុ

លោកស្រី​គ្លីនតុន​ក្នុងសន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង
លោកស្រី​គ្លីនតុន​ក្នុងសន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង ©Reuters

នៅថ្ងៃ​ពុធនេះ លោកស្រី​ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​​កូរ៉េ​ខាង​ត្បូង ក្នុង​ពេល​ដែល​ភាពតានតឹង​រវាង​កូរ៉េ​ទាំង​ពីរ​បាន​កើន​ឡើង​ដល់​កម្រិត​ កំពូល។ លោកស្រី​គ្លីនតុន​បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ​ដោយ​ឥតងាករេ​ចំពោះ​កូរ៉េ​ខាង​ ត្បូង ហើយ​​ព្រមាន​កូរ៉េ​ខាង​ជើង​ឲ្យ​បញ្ឈប់​ការ​ប្រើ​នយោបាយ​គំរាមកំហែង និង​បង្ក​ហេតុ​ជាមួយ​កូរ៉េ​ខាងត្បូង។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ក្រោយ​ពី​បាន​ជួប​ជាមួយ​លោក​លី ម្យ៉ុងបាក់ (Lee Myung-bak) ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោកស្រី​គ្លីនតុន​បាន​ថ្លែង​ថា អាមេរិក​មាន​ជំហរ​រឹងមាំ​ឥតងាករេ ក្នុង​ការ​ជួយ​ការពារ​សន្តិសុខ​​កូរ៉េ​ខាងត្បូង។ លោកស្រី​ក៏បាន​ព្រមាន​ផង​ដែរ​ដល់​កូរ៉េ​ខាង​ជើង​ឲ្យ​បញ្ឈប់​រាល់​ការ​គំរាម​កំហែង និង​ទង្វើ​បង្កហេតុ​​ចំពោះ​កូរ៉េ​ខាង​ត្បូង។

វត្តមាន​របស់​លោកស្រី​គ្លីនតុន នៅ​កូរ៉េ​ខាង​ត្បូង គឺ​នៅ​ចំពេល​ដែល​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត។ ក្រោយ​ពី​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ ចំពោះ​ការ​បាញ់​ពន្លិច​នាវាចម្បាំង កូរ៉េ​ខាង​ជើង​​ក៏​បាន​តបតវិញ ដោយ​ប្រកាស​ផ្តាច់​រាល់​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េ​ខាង​ត្បូង ហើយ​បិទ​​ឈប់​ឲ្យ​នាវា និង​យន្តហោះ​កូរ៉េ​ខាង​ត្បូង​​បើក​កាត់​ដែនទឹក និង​ដែន​អាកាស​កូរ៉េ​ខាង​ជើង​តទៅទៀត។

ក្នុងពេលជាមួយ​គ្នា​នេះ ប្រភព​​ពី​​មន្រ្តី​យោធា​កូរ៉េ​ខាង​ត្បូង​ឲ្យ​ដឹង​ថា នាវាមុជទឹក​ចំនួន ៤គ្រឿង​របស់​កូរ៉េ​ខាង​ជើង​បាន​​ចាក់ចេញ​ពីបន្ទាយ ហើយ​បាត់​ពី​ប្រព័ន្ធរ៉ាដា តាំងពី​​ថ្ងៃ​ចន្ទ​មក ដោយ​មិនដឹង​ថា​នៅទីណា។ ការ​ណ៍​ដែល​​កូរ៉េ​ខាង​ជើង​បញ្ចេញ​នាវាមុជទឹក​ម្តង​ដល់​ទៅ៤គ្រឿង ដោយ​មិនត្រឡប់​មក​បន្ទាយវិញ ដល់​ទៅពីរ-បី​ថ្ងៃ​ជាប់គ្នា​បែបនេះ គឺ​ជា​រឿង​ដ៏កម្រ ដែល​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ត្បូង​មាន​ការ​បារម្ភ​ខ្លាច​កូរ៉េ​ខាងជើង​​មានផែនការ​ធ្វើ​អ្វី​មួយ។ កូរ៉េ​ខាង​ត្បូង​កំពុង​ព្យាយាម​ប្រើ​គ្រប់​បច្ចេកវិទ្យា ដើម្បី​ស្វែងរក​ទីតាំង​នាវាមុជទឹក​ទាំង​៤គ្រឿងនេះ។
 

រថក្រោះ​កូរ៉េ​ខាង​ត្បូង​កំពុង​ហាត់សម​បាញ់​ កាល​ពី​ថ្ងៃ​អង្គារ ទី២៥ ឧសភា ២០១០
រថក្រោះ​កូរ៉េ​ខាង​ត្បូង​កំពុង​ហាត់សម​បាញ់​ កាល​ពី​ថ្ងៃ​អង្គារ ទី២៥ ឧសភា ២០១០ ©Reuters

គួររំឭក​ឡើងវិញ​ថា គឺ​នាវាមុជទឹក​របស់កូរ៉េ​ខាង​ជើង​ប្រភេទ​នេះ​ហើយ ដែល​គេ​សង្ស័យថា បាន​បាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី២៦ មីនា កន្លងទៅ បណ្តាល​ឲ្យ​នាវិក​ចំនួន ៤៦​នាក់​បាត់បង់ជីវិត។ កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​គ្រោង​បើក​​ធ្វើ​សមយុទ្ធ​ប្រឆាំង​​នាវាមុជទឹក​រួមគ្នា​មួយ នៅថ្ងៃ​ព្រហស្បតិ៍​ស្អែក។

លោកស្រី​គ្លីនតុន​បាន​​ថ្លែង​នៅ​ទីក្រុង​សេអ៊ូល​ថា ភស្តុតាង​គឺ​មាន​​យ៉ាង​ជាក់ច្បាស់​ដោយ​ឥតប្រកែក​បាន​ថា កូរ៉េ​ខាង​ជើង​គឺ​ជា​អ្នក​បាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េ​ខាង​ត្បូង។ ដូច្នេះ សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​តែ​ដាក់ទោស​កូរ៉េ​ខាង​ជើង ចំពោះ​ទង្វើ​បង្កហេតុ​នេះ។ ក៏ប៉ុន្តែ រហូត​មកទល់ពេលនេះ ចិន​នៅតែ​មាន​ជំហរ​រារែក​ក្នុង​ការ​ដាក់ទណ្ឌកម្ម​​កូរ៉េ​ខាង​ជើង បើទោះជា​លោកស្រី​គ្លីនតុន​ខិតខំ​បញ្ចុះបញ្ចូល​យ៉ាងណា​ក៏ដោយ។ ចិន​បាន​ត្រឹមតែ​សន្យាថា​នឹង​យក​លទ្ធផល​ស៊ើបអង្កេត​លើ​ការលិចនាវា​នេះ​ទៅ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ប៉ុន្តែ នៅតែ​​អំពាវនាវ​ឲ្យ​គ្រប់ភាគី​មាន​ការអត់ធ្មត់​ ចៀសវាង​​ការ​ប្រឈមមុខ​ដាក់​គ្នា។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ គេ​ឃើញ​កងរថក្រោះ​កូរ៉េ​ខាង​ត្បូង​ធ្វើ​ការ​ហាត់សម​បាញ់ ដើម្បី​ត្រៀម​ចាំទប់ទល់​ ក្រែង​កូរ៉េ​ខាង​ជើង​លបលួច​​វាយលុក​ចូល​កូរ៉េ​ខាង​ត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI