ថៃ

ថៃ៖លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​អាច​នឹង​ជាប់គុក​ចំនួន ១០ឆ្នាំ

លោកស្រី​យីងឡាក់​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកកាសែត​នៅ​មុខ​តុលាការ ថ្ងៃទី១៥ មករា ២០១៥
លោកស្រី​យីងឡាក់​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកកាសែត​នៅ​មុខ​តុលាការ ថ្ងៃទី១៥ មករា ២០១៥ REUTERS/Chaiwat Subprasom

នៅ​ក្នុង​ប្រទេស​ថៃ សវនាការ​កាត់ទោស​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​បាន​បើក​ធ្វើ​នា​ថ្ងៃ​សុក្រ ទី១៥ មករា​នេះ​ក្នុង​ទីក្រុង​បាងកក។ លោកស្រី​យីងឡាក់​បាន​ជាប់ចោទ​ពី​បទ​ធ្វើ​ប្រហែស​នៅ​ក្នុង​ការ​អនុវត្តន៍​កម្មវិធី​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ​ដែល​អតីត​រដ្ឋាភិបាល​លោកស្រី​បាន​បង្កើត​ឡើង។ តែ​ក្រុម​អ្នកគំាទ្រ​លោកស្រី ពិសេស​ក្រុម​អាវក្រហម និង​ក្រុម​អ្នកវិភាគ​នយោបាយ​ថៃ​ខ្លះ​បាន​យល់​ឃើញ​ថា សវនាការ​កាត់ទោស​លោកស្រី​យីងឡាក់​មាន​បង្កប់​ដោយ​រឿង​នយោបាយ​ដែល​របបសឹក​ចង់​កំចាត់​ត្រកូល​គ្រួសារ​ថាក់ស៊ីន​ចេញ​ពី​ឆាក​នយោបាយ​ថៃ​តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ត្រូវ​បាន​របបសឹក​ទម្លាក់​ចេញ​ពី​អំណាច​ក៏​ដោយ ក៏​លោកស្រី​យីងឡាក់​នៅ​មិន​ទាន់​រួច​ខ្លួន​ពី​ក្រញាំដៃ​តុលាការ​ដែរ។ តែ​លោកស្រី​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ក្នុង​ពេល​ទៅ​ដល់​តុលាការ​នា​ព្រឹកមិញ​ថា លោកស្រី​មាន​ទំនុកចិត្ត​នៅ​ក្នុង​សវនាការ​កាត់ទោស​លោកស្រី។ ក្រៅ​ពី​វត្តមាន​ក្រុម​អ្នកកាសែត​ដ៏​ច្រើន​កុះករ ក៏​មាន​វត្តមាន​សកម្មជន​គំាទ្រ​លោកស្រី​ជា​ច្រើន​នាក់​ជាមួយ​នឹង​ផ្កា​កូលាប​ក្នុង​ដៃ​ដែល​បាន​ស្រែក​ថា យើង​ស្រឡាញ់​យីងឡាក់។ បើ​លោកស្រី​យីងឡាក់​ត្រូវ​ជាប់ចោទ​ដូច​ការ​ចោទ​ប្រកាន់​មែន លោកស្រី​អាច​នឹង​ទទួល​ទោស​ជាប់​គុក​ចំនួន ១០ឆ្នាំ។

គួរ​ជម្រាប​ជូន​ថា តាំង​ពី​ត្រូវ​បាន​របបសឹក​ទម្លាក់​ពី​អំណាច​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ មក លោកស្រី​យីងឡាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ពី​បទ​ធ្វេសប្រហែស​ទាក់ទង​កម្មវិធី​ឧបត្ថម្ភធន​ដែល​លោកស្រី​បាន​បង្កើត​ឡើង​នា​ពេល​កាន់​អំណាច។ កម្មវិធី​ឧបត្ថម្ភធន គឺ​ជា​វិធានការ​ដែល​រដ្ឋាភិបាល​ចេញ​អន្តរាគមន៍​ទិញ​អង្ករ​ពី​ប្រជាកសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ។ គោលដៅ​របស់​លោកស្រី​យីងឡាក់​កាល​ណោះ គឺ​ដើម្បី​ជួយ​គាំទ្រ និង​ទំនុបបម្រុង​ដល់​ប្រជាកសិករ​ក្រីក្រ​ដែល​លោកស្រី​យល់​ឃើញ​ថា មិន​សូវ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ប៉ុន្មាន​ទេ។

តែ​បញ្ហា​នៅ​ត្រង់​ថា វិធានការ​របស់​លោកស្រី​យីងឡាក់​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​ថៃ ពិសេស​រដ្ឋាភិបាល​បាន​ប្រឈម​នឹង​បរិមាណ​អង្ករ​យ៉ាង​ច្រើន​សម្បើម​ដែល​លក់​មិន​ចេញ។ នៅ​ក្នុង​ន័យ​នេះ តុលាការ​នៃ​របបសឹក​បាន​ស្តីបន្ទោស​លោកស្រី​ពី​បទ​មើលស្រាល​លើ​វិធានការ​នោះ ព្រម​ទាំង​ចោទ​លោកស្រី​ពី​បទពុករលួយ​ដោយ​ស៊ុមគ្រលំ​ជាមួយ​ក្រុម​ឈ្មួញ​នៅ​ក្នុង​កម្មវិធី​នោះ។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រុម​សកម្មជន​អាវក្រហម​គំាទ្រ​លោកស្រី​បាន​ចាត់​ទុក​សវនាការ​នោះ​ថា មាន​លក្ខណៈ​នយោបាយ​ដែល​របបសឹក​មាន​ឆន្ទៈ​ក្នុង​ការ​កំចាត់​លោកស្រី​យីងឡាក់ និង​គ្រួសារ​ត្រកូល​ថាក់ស៊ីន​ចេញ​ពី​ឆាកនយោបាយ​ថៃ។

គួរ​រម្លឹក​ជូន​ថា តាំង​ពី​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នាំ ២០០៦ មក ប្រទេស​ថៃ​បាន និង​កំពុង​ឆ្លង​កាត់​វិបត្តិ​នយោបាយ​មក​ដល់​សព្វថ្ងៃ។ សង្គម​ថៃ​កំពុង​បន្ត​ប្រេះឆា​កាន់​តែ​ខ្លាំង​រវាង​ក្រុម​អាវក្រហម និង​ក្រុម​អាវលឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI