ចិនបង្ហាញសាច់ដុំយោធានៅក្នុងមហាក្បួនព្យុះហយាត្រាយោធាក្នុងក្រុងប៉េកំាង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃព្រហស្បតិ៍ ទី៣ កញ្ញានេះ ប្រទេសចិនបានរៀបចំមហាក្បួនព្យុះហយាត្រាយោធានៅទីលានធានអាន់មេន ក្នុងទីក្រុងប៉េកំាងដើម្បីចូលរួមអបអរសាទរខួបទី៧០ឆ្នំានៃជ័យជំនះលើប្រទេសជប៉ុនក្នុងសង្រ្គាមលោកលើកទី២។ នៅក្នុងមហាក្បួនព្យុះហយាត្រាយោធាថ្ងៃនេះ គេឃើញមានវត្តមានចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលបរទេសប្រមាណជា ២០នាក់ ដែលភាគច្រើនជាសម្ព័ន្ធមិត្តស្និទ្ធនឹងចិន ដូចជាលោកប្រធានាធិបតីរុស្ស៊ីពូទីន ឬមួយក៏លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ គុនហេជាដើម។ ចំណែកថ្នាក់ដឹកនំាបស្ចិមលោកមានត្រឹមប្រមុខការទូត ឬមួយក៏ថ្នាក់ឯកអគ្គរដ្ឋទូត។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីចិនស៊ី ជីនពីងបានបញ្ជាក់ពីមហិច្ឆតារបស់ចិនដែលស្រឡាញ់សន្តិភាព និងមិនដែលស្វែងរកអនុត្តរភាព និងការវាតទី។
រូបភាពដ៏អស្ចារ្យជាងគេ និងដែលមិនអាចលាក់បំាងបាននៅក្នុងទីក្រុងប៉េកំាងថ្ងៃនេះ គឺការដែលចិនបានបង្ហាញសាច់ដុំយោធាចំពោះពិភពលោក។ នៅក្នុងមហាក្បួនព្យុះហយាត្រាយោធាថ្ងៃនេះ ចិនបានដង្ហែទ័ពចម្រុះជាង ១២ ០០០នាក់ដែលបំពាក់ដោយអាវុធទំនើបៗក្នុងដៃ ក្បួនរថក្រោះ គ្រាប់មីស៊ីលអន្តរទ្វីបឈ្មោះ « Dongfeng ២១D »។ « Dongfeng ២១D » អាចរត់បានក្នុងល្បឿនជិត ៣ ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបាញ់បានចម្ងាយពី ៩០០ ទៅ ១ ០០០គីឡូម៉ែត្រ។ « Dongfeng ២១D » មានបំពាក់ដោយគ្រឿងអេឡិចត្រូនិចទំនើបៗដែលអាចហោះទៅកម្ទេចគោលដៅបាន ១០០%។ នៅលើអាកាសវិញ ចិនបានបញ្ចេញយន្តះហោះចម្បំាង យន្តហោះទម្លាក់គ្រាប់បែក និងឧទ្ធម្ភាគចក្រជំនាន់ក្រោយសរុបទំាងអស់ជាង ២០០គ្រឿង។
គ្រឿងសព្វាវុធដែលចិនបានសម្តែងនៅក្នុងក្បួនព្យុះហយាត្រាថ្ងៃនេះ មានភាគច្រើនជាគ្រឿងសព្វាវុធថ្មីស្រឡាងដែលគេមិនធ្លាប់បានឃើញ និងដែលចិនបានបញ្ចេញឲ្យឃើញជាសាធារណៈជាលើកទី១។ គួររម្លឹកជូនថា ចិនជាប្រទេសដែលមានចំនួនទ័ពច្រើនជាងគេ ពោលមាន ២លាន ៣សែននាក់។ តែនៅក្នុងសុន្ទរកថានាឱកាសខួបទី៧០ឆ្នំានៃបរាជ័យរបស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ ថ្ងៃនេះ លោកប្រធានាធិបតីចិនស៊ី ជីនពីងបានប្រាប់ឲ្យដឹងពីគម្រោងកាត់បន្ថយកម្លំាងទ័ពចិនចំនួន ៣០០ ០០០នាក់នៅពេលខាងមុខ។
កាត់បន្ថយបរិមាណដើម្បីបង្កើនគុណភាព
គេអាចនិយាយបានទេថា ការដែលលោកស៊ី ជីនពីងបានប្រកាសពីការកាត់បន្ថយចំនួនទ័ពចិន ជារឿងគួរឲ្យភ្ញាក់ផ្អើល និងមិនភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល ព្រោះចិនដែលកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងសមុទ្រចិននោះ បែរជាប្រកាសកាត់បន្ថយចំនួនទ័ពរបស់ខ្លួន។ ចូរកុំភ្លេចថា មានប្រទេសអាស៊ីជាច្រើនកំពុងប្រឈមមុខទល់នឹងចិនទាក់ទងនឹងជម្លោះដំណ្តើមទីប្រជុំកោះនៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត ហើយជានិច្ចកាល រដ្ឋអំណាចចិនបានប្រើអំណាចសេដ្ឋកិច្ច និងយោធារបស់ខ្លួនដើម្បីព្រមានកំញើញបណ្តាប្រទេសទំាងនោះ។ តែជារឿងមិនភ្ញាក់ផ្អើល ព្រោះការកាត់បន្ថយចំនួនទ័ពត្រូវបានចិនដាក់ជំនួសវិញនូវគ្រឿង សព្វាវុធទំនើបៗទាន់សម័យ។
គួរជម្រាបជូនថា ការកាត់បន្ថយចំនួនទ័ពចិនមិនមែនទើបតែមាននៅក្នុងសម័យលោកប្រធានាធិបតីស៊ី ជីនពីងទេ តែមានតំាងពីសម័យលោកប្រធានាធិបតី Jiang Zemin។ តែស្របនឹងការកាត់បន្ថយចំនួនទ័ព ចិនតែងតែបានដំឡើងថវិកាយោធាដើម្បីធ្វើទំនើបកម្មកងទ័ព ឬអាចនិយាយបែបម្យ៉ាងទៀតថា បង្កើនគុណភាពកងទ័ព និងធ្វើទំនើបកម្មគ្រឿងសព្វាវុធ។ សម្រាប់ក្រុងប៉េកំាង ការបង្កើនគុណភាពនឹងអាចធ្វើបាន លុះត្រាណាតែមានការកាត់បន្ថយបរិមាណ។
ចិនចំាបាច់ធ្វើទំនើបកម្ម និងអភិវឌ្ឍន៍វិស័យយោធារបស់ខ្លួន
បន្ទាប់ពីបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក ចិនក៏ចង់ក្លាយជាមហាអំណាចយោធានៅថ្ងៃខាងមុខ។ តែគោលដៅនៅចំពោះមុខរបស់ចិនមាន ៣ ទី១ ការពារខ្លួនទប់នឹងការវាយប្រហារពីអ្នកដទៃ មានដូចជាអាមេរិក ទី២ ដើម្បីទប់ទល់នឹងដង្កូវចេញពីសាច់ឯង ពោលទប់ទល់នឹងចលនាបះបោររបស់អ្នកទាមទារផ្តាច់ទឹកដីនិយម ដូចជានៅទីបេ នៅស៊ីងជាំង ឬក៏ទប់តៃវ៉ាន់កុំឲ្យប្រកាសឯករាជ្យជាដើម និងទី៣ដែលចិនមិនដែលនិយាយជាចំហនោះ គឺចង់ធ្វើឲ្យមានជញ្ជីងតុល្យភាពក្នុងពិភពលោក ពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដោយធ្វើយ៉ាងណា កុំឲ្យផ្អៀងទៅតែខាងអាមេរិកខ្លាំងពេក។
ចិនយល់យ៉ាងច្បាស់ថា ដើម្បីអាចមានទឹកមាត់ប្រៃបាន ទាល់តែខ្លួនមានកងទ័ពខ្លាំង និងបំពាក់ដោយគ្រឿងសព្វាវុធទំនើបទាន់សម័យ។ គឺក្នុងន័យនេះហើយបានជាចិនមិនញញើតនឹងបង្កើនថវិកាយោធារបស់ខ្លួនពី១ឆ្នំាទៅ១ឆ្នំា។ ជាផ្លូវការ ចិនជាប្រទេសឋិតនៅលំដាប់ទី ៤ ក្នុងលោកដែលមានកញ្ចប់ថវិកាយោធាធំជាងគេ។ ចំណាត់ថ្នាក់លេខ១ គឺអាមេរិក លេខពីរ គឺអង់គ្លេស និងប្រទេសបារាំងជាប់ចំណាត់ថ្នាក់លេខ៣។ តែក្រៅផ្លូវការត្រូវបានក្រុមអ្នកជំនាញអះអាងថា ចិនជាប្រទេសស្ថិតចំណាត់ថ្នាក់ទី២ បន្ទាប់ពីអាមេរិកដែលចាយប្រាក់ច្រើនជាងគេនៅក្នុងវិស័យការពារជាតិ។
លោកស៊ី ជីនពីង៖ ចិនជាប្រទេសស្រឡាញ់សន្តិភាព និងគ្មានបំណងវាតទី
ទោះបីជាចិនមានមហិច្ឆតាយោធាកម្រិតណាក៏ដោយ ក៏ចិនមិនអាចនិយាយថា ខ្លួនជាអ្នកស្រឡាញ់សង្រ្គាមដែរ។ សម្រាប់លោកស៊ី ជីនពីង វាជារឿងមួយធម្មតាដែលលោកត្រូវតែនិយាយថា ពលរដ្ឋចិនជាអ្នកស្រឡាញ់សន្តិភាព ហើយចិននឹងមិនស្វែងរកអនុត្តរភាព និងការវាតទីជាដាច់ខាត។ ការថ្លែងរបស់ប្រមុខរដ្ឋចិនរបៀបនេះ គឺចង់និយាយសំដៅទៅកាន់ប្រទេសជប៉ុនដែលបានធ្វើអាណានិគមនៅអាស៊ី និយាយជារួម និងនៅប្រទេសចិន និយាយដោយឡែកកាលពីជាង ៧០ឆ្នំាមុន។ តែនាឱកាសប្រារព្ធខួបទី៧០ឆ្នំានៃជ័យជំនះរបស់ចិនលើជប៉ុន ឬបរាជ័យរបស់ជប៉ុននៅក្នុងសង្រ្គាមលោកលើកទី២ ថ្ងៃនេះ លោកស៊ី ជីនពីងមិនភ្លេចនិយាយទេថាចិនបានរកឃើញជាថ្មីនៅកន្លែងរបស់ខ្លួនក្នុងនាមជាមហាប្រទេសមួយនៅក្នុងពិភពលោក។
ក្នុងន័យនេះ លោកស៊ី ជីនពីងក៏បានឆ្លៀតបញ្ជាក់ជាថ្មីពីគោលការណ៍នៃអំណាចដាច់ខាតរបស់គណបក្សកុម្មុយនិស្តចិន និងថា ចិនត្រូវតែបោះជំហានទៅមុខក្រោមការដឹកនំារបស់គណបក្សកុម្មុយនិស្តតែមួយដូចដែលបុរសម្នាក់បានដើរទៅមុខដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ជារួមគេសង្កេតឃើញថា សុន្ទរកថារបស់លោកស៊ី ជីនពីងហាក់ដូចជាមិនសូវមានលក្ខណៈយោធានិយមដូចដែលគេបានគិតទេ ពិសេសលោកបានសង្កត់ធ្ងន់លើផ្លូវអភិវឌ្ឍន៍ដើម្បីសន្តិភាពនៅលើពិភពលោក។
ប្រសាសន៍លោកស៊ី ជីនពីងប្រែសម្រួលដោយ គួច គន្ធារ៉ា
« ផលប៉ះពាល់ ការរើសអើង ការស្អប់គ្នា និងសង្រ្គាមបានត្រឹមតែបង្កឲ្យមានវិនាសកម្ម និងទុក្ខសោក។ ចំណែកការគោរពគ្នាទៅវិញ ទៅមក សមភាព ការអភិវឌ្ឍន៍ដោយសន្តិវិធី និងសេចក្តីរុងរឿង គឺជាផ្លូវដ៏ល្អដែលត្រូវជ្រើសយក។ ប្រទេសទំាងអស់ក្នុងលោកត្រូវតែគោរពគ្នាដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបង្កើតឲ្យមានទំនាក់ទំនងល្អដោយផ្អែកលើគោលការណ៍ឈ្នះៗដើម្បីធ្វើដំណើររួមគ្នាក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍន៍រួមគ្នា »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ