អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​នាវាចម្បាំង​អាមេរិក​ពិតជា​បាន​រំលោភ​អធិបតេយ្យ​ចិន​មែនឬ?

សំឡេង ០៤:១៣
នាវាពិឃាដ USS Lassen ដែល​អាមេរិក​បញ្ជូន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (រូបថតឯកសារ)
នាវាពិឃាដ USS Lassen ដែល​អាមេរិក​បញ្ជូន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (រូបថតឯកសារ) REUTERS/US Navy/CPO John Hageman/Handout via Reuters
ដោយ៖ សេង ឌីណា
២៧ នាទី

កាលពីថ្ងៃ​អង្គារ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​ឲ្យ​ចូល​ទៅ​ក្បែរ​កោះ ដែល​ចិន​បាន​សាងសង់​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង​ភ្លាមៗ ដោយ​ចោទ​អាមេរិក​ថា​បាន​រំលោភ​ចូល​ដោយ​ខុសច្បាប់ ក្នុង​ដែនទឹក​របស់​ចិន។ ក៏ប៉ុន្តែ អាមេរិក​វិញ​អះអាង​ថា ប្រតិបត្តិការ​​នាវាចម្បាំង​របស់​ខ្លួន​នេះ គឺ​ជាផ្នែកមួយ​នៃ​សិទ្ធិសេរីភាព​នាវាចរណ៍​​ ហើយ​ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ។ តើ​ច្បាប់​អន្តរជាតិ​ចែង​យ៉ាងដូចម្តេចខ្លះ អំពី​រឿងនេះ?

ផ្សាយពាណិជ្ជកម្ម

កោះ​ដែល​​​អាមេរិក​បញ្ជូន​នាវាចម្បាំង​ឲ្យ​ចូល​ទៅ​ក្បែរ កាល​ពីថ្ងៃ​អង្គារ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ប្រជុំកោះ Spratly។ ប្រជុំកោះ Spratly ក៏​ដូចជា​ប្រជុំ​កោះ Paracel គឺ​សុទ្ធសឹង​ជា​ចំណុច​ក្តៅ នៃ​ជម្លោះ​​ដែន​សមុទ្រ រវាង​ចិន និង​ប្រទេស​ចំនួន ៤ នៅ​អាស៊ាន គឺ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ ក៏ប៉ុន្តែ ខុសពី​ប្រជុំកោះ Paracel ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង ក្បែរ​កោះហៃណាន​របស់​ចិន ប្រជុំកោះ Spratly ដែល​ចិន​ទាមទារ​កម្មសិទ្ធិ​ដែរ​នោះ គឺ​ស្ថិត​នៅ​ចុងខាងត្បូង នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ពោលគឺ នៅ​ក្បែរ​ប្រទេស​ព្រុយណេ និង​ម៉ាឡេស៊ី ហើយ​ស្ថិត​នៅ​ចម្ងាយ​រាប់​ពាន់គីឡូម៉ែត្រ​ពី​ឆ្នេរ​របស់​ចិន។

កាលពីថ្ងៃ​អង្គារ មន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ច្បាស់ៗ​ដោយ​គ្មាន​លាក់​លៀម​ថា នាវាពិឃាដ USS Lassen ពិត​ជា​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​រង្វង់ ១២ម៉ាយល៍ ពី​កោះ​សិប្បនិម្មិត​របស់​ចិន​នៅ​ Spratly ហើយ​ថា ការ​បញ្ជូន​នាវា​ចម្បាំង​​​ចូល​​ទៅក្នុង​ដែនទឹក​នេះ គឺ​​មិន​បាន​សុំ​ការអនុញ្ញាត​ជាមុន​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះទេ។

យោងតាម​ច្បាប់​សមុទ្រ​អន្តរជាតិ ដែនទឹក​ក្នុង​រង្វង់ ១២ម៉ាយល៍​ពី​កោះ ត្រូវ​ចាត់បញ្ចូល​ជា​ដែនទឹក​របស់​ប្រទេស​ដែល​ជា​ម្ចាស់កោះ។ ដូច្នេះ នាវាចម្បាំង​អាមេរិក​ គឺ​ពិតជាបាន​រំលោភ​លើ​ដែនទឹក​របស់ចិន... ប្រសិន​បើ​អាមេរិក​ទទួលស្គាល់​កោះនោះ​ថា​ជា​កម្មសិទ្ធិ​របស់​ចិន។

តាមការពិត បើទោះបីជា​អាមេរិក​ទទួលស្គាល់​កោះ​នោះ​ថា​ជា​កោះ​របស់​ចិន ក៏​ដែនទឹក​ក្នុង​រង្វង់ ១២ម៉ាយល៍​ជុំវិញ​កោះ​នោះ​មិន​អាច​ចាត់បញ្ចូល​ជា​ដែន​ទឹក​របស់​ចិន​នោះដែរ ដោយសារ​តែ​កោះ​នោះ​ជា​កោះសិប្បនិម្មិត ដែល​ចិន​សង់​ឡើង តាមរយៈ​ការ​បូមដី​ចាក់​ពីលើ​កូនកោះ​តូចមួយ ដែល​លេចចេញ​ផុតពីទឹក​តែ​នៅពេល​ទឹកនាច​ប៉ុណ្ណោះ។

យោងតាម ​អនុសញ្ញា​អ.ស.ប​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ដី ថ្ម ឬ​ពំនូកខ្សាច់ ដែល​​ចេញ​ផុតពីទឹកតែ​នៅ​ពេលទឹកនាច ហើយ​លិចបាត់ទៅវិញ​នៅ​ពេល​ទឹកជោរ មិន​អាច​យក​មក​ធ្វើ​ជា​គោល ដើម្បី​កំណត់​ដែនទឹក​របស់​ប្រទេស​ជា​ម្ចាស់កោះ​បាន​ទេ ឬ​និយាយ​បាន​ម្យ៉ាងទៀត​ថា ដែនទឹក​​នៅ​ក្នុង​រង្វង់ ១២ម៉ាយល៍​ជុំវិញ​កោះនេះ​មិន​អាច​ចាត់បញ្ចូល​ជា​ដែនទឹក​របស់​ម្ចាស់កោះ​បានទេ ហើយ​បើទោះបីជា​ម្ចាស់កោះ​ខិតខំ​​​សាងសង់​ពង្រីក​បន្ថែម ដើម្បី​ឲ្យ​កោះ​នេះ​ចេញ​ផុតពីទឹក​ជាលក្ខណៈអចិន្រ្តៃយ៍​ក៏ដោយ ក៏​មិន​អាច​ទាមទារ​យក​ដែនទឹក ១២ម៉ាយល៍​ជុំវិញ​នេះ​បានដែរ។

ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ក្នុង​ចំណោម​កោះ​រាប់សិប នៅ​ក្នុង​ប្រជុំកោះ Spratly អាមេរិក​ជ្រើសរើស​យក​កោះ​សិប្បនិម្មិត ជា​ចំណុច​ល្បាត ដែល​ត្រូវ​បញ្ជូន​នាវាចម្បាំង​ឲ្យ​ចូល​ទៅ​ក្នុង​រង្វង់ ១២ម៉ាយល៍ កាល​ពីថ្ងៃ​អង្គារ។

តាមការពិត សកម្មភាព​របស់​នាវាចម្បាំង​អាមេរិក នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពីថ្ងៃ​អង្គារ មិនមែន​កើតឡើង​ដោយ​ចៃដន្យ ឬ​ដោយ​ឥតព្រាងទុក​នោះទេ តែ​វាជា​ប្រតិបត្តិការ ដែល​អាមេរិក​រៀបចំ​ធ្វើឡើង​ដោយ​ម៉ត់ចត់។

គេ​សង្កេតឃើញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​ធ្លាប់​បាន​ប្រកាស​ច្បាស់ៗ​រួចមកហើយ​ថា អាមេរិក​នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​គ្រប់តំបន់​ទាំងអស់ ដែល​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ ដោយ​ក្នុងនោះ​រាប់ទាំង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ផងដែរ។ បើទោះបីជា​ចិន​បាន​ព្រមាន​ទុកជាមុន​ជាច្រើន​ដង ​ដោយប្រើ​ពាក្យ​សម្តីធ្ងន់ៗ អាមេរិក​នៅតែ​បញ្ជូន​​នាវាចម្បាំង​ទៅ​​ក្បែរ​កោះសិប្បនិម្មិត​របស់​ចិន ដោយ​មិនសុំ​ការអនុញ្ញាត​​អ្វី​ទាំងអស់​ពី​រដ្ឋាភិបាល​ចិន សូម្បីតែ​ជូន​ដំណឹង​ជាមុន​ក៏​មិន​បាន​ធ្វើ​ផង។ ទាំងនេះ គឺ​ជា​ការ​បង្ហាញ​ឲ្យឃើញ​ច្បាស់​ថា គោលដៅ​ពិតប្រាកដ​របស់​អាមេរិក គឺ​​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​សកម្មភាព​វាតទី​របស់​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

តាមការពិត នៅក្នុងពេល​បច្ចុប្បន្ន​នេះ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង អ្វីដែល​ធ្វើ​ឲ្យ​អាមេរិក និង​ប្រទេស​ជាប់ជម្លោះ​ផ្សេងទៀត ព្រួយបារម្ភ​ខ្លាំង គឺ​នៅត្រង់​ថា ចិន​មិនមែន​មាន​មហិច្ឆតា​ត្រឹមតែ​ទាមទារ​យក​កោះ និង​ដែនទឹក ១២ម៉ាយល៍​ជុំវិញ​កោះ នៅ​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​ទេ តែ​ចង់​​ទាមទារ​សិទ្ធិ​បង្កើត​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ ដែល​លាតសន្ធឹង​រហូតដល់ ២០០ម៉ាយល៍​ពី​កោះ។ ប្រសិនបើ​ចិន​អាច​ទាមទារ​កម្មសិទ្ធិ​លើ​ទាំង​ប្រជុំកោះ​ Paracel និង​ប្រជុំកោះ Spratly ហើយ​អាច​បង្កើត​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ ២០០ម៉ាយល៍ ជុំវិញ​ប្រជុំកោះ​នេះ​បានពិតមែន មានន័យ​ថា តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរតែទាំងមូល​​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ហើយ​ធនធាន​ធ​ម្មជាតិ​ទាំងអស់​នៅ​ក្នុង​តំបន់​នេះ​ត្រូវ​បាន​ទៅ​ចិន​ដោយ​ផ្តាច់មុខ ស្រប​ទៅតាម​ លក្ខន្តិកៈ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​អ.ស.ប ស្តីពី​ច្បាប់​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ