អានតួអត្ថបទ
ចិន

២០១៤ ជា​ឆ្នំា​ដែល​ចិន​មាន​កំណើន​សេដ្ឋកិច្ច​ទាប​មិន​ធ្លាប់​មាន គិត​ក្នុង​រយៈពេល​ជិត ២៥ឆ្នំាចុង​ក្រោយ​នេះ

រោងចក្រ​នៅ​ស្រុក​ចិន
រោងចក្រ​នៅ​ស្រុក​ចិន REUTERS/Aly Song/Files
1 នាទី

នៅ​ថ្ងៃ​អង្គារ ទី២០ មករា រដ្ឋាភិបាល​ចិន​នឹង​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​នូវ​តួលេខ​នៃ​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចំា​ឆ្នំា ២០១៤ កន្លង​ទៅ។ តែ​បើ​យោង​តាម​ក្រុម​អ្នកវិភាគ​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នំា ២០១៤ នឹង​មាន​អត្រា​ទាប​ខ្លំាង​ដែល​ចិន​មិន​ធ្លាប់​មាន​ទេ បើ​គិត​ជិត ២៥ឆ្នំា​កន្លង​ទៅ​នេះ។ សម្រាប់​ឆ្នំា ២០១៥ នេះ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​វាយតម្លៃ​ថា ក៏​មិន​សូវ​ជា​គ្រាន់​បើ​ប៉ុន្មាន​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ នេះ​មិនមែន​មាន​ន័យ​ថា ចិន​កំពុង​មាន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​ដំណើរ​ថយ​ក្រោយ​ទេ គឺ​គ្រាន់​តែ​ជា​ការ​ថយ​ចុះ​បន្តិចបន្តួច​ប៉ុណ្ណោះ ពោល​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នំា ២០១៤ មាន ៧,៣% ទល់​នឹង ៧,៧% ក្នុង​ឆ្នំា ២០១៣ នេះ​ជា​ការ​សន្និដ្ឋាន​របស់​ក្រុម​អ្នកវិភាគ។ តែ​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច​នោះ គឺ​មាន​កម្រិត​ទាប​ខ្លំាង​បើ​គិត​តំាង​ពី​ឆ្នំា ១៩៩០ ពោល​តំាង​ពី​ក្រោយ​កងទ័ព​ចិន​បាន​បើក​ការ​វាយប្រហារ​លើ​ហ្វូងបាតុករ​សិស្ស និស្សិត​ចិន​នៅ​ទីលាន Tiananmen។ គួរ​រម្លឹក​ជូន​ថា រដ្ឋាភិបាល​បាន​កំណត់​អត្រា​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នំា ២០១៤ ប្រមាណ​ជា ៧,៥%។ តែ​នេះ​ជា​លើកទី១ ដែល​ខ្លួន​មិន​អាច​សម្រេច​បាន បើ​គិត​តំាង​ពី​ឆ្នំា ១៩៩៨ និង​ក្រោយ​វិបត្តិសេដ្ឋកិច្ច​នៅ​អាស៊ី។ ដោយឡែក​សម្រាប់​ឆ្នំា ២០១៥ នេះ ក្រុម​អ្នកវិភាគ​បាន​ប្រមើលមើល​ថា អាច​មាន​ក្នុង​រង្វង់​តែ ៧% ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចំា​ដល់​ថ្ងៃ​អង្គារ ទី២០ មករា​ទើប​អាច​ដឹង​តួលេខ​ផ្លូវការ​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង។

មាន​កត្តា​សំខាន់​ពីរ​ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ស្រុត​ចុះ ទី១ គឺ​ទីផ្សារ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ និង​ទី២ គឺ​វិស័យ​នំា​ចេញ​មាន​ការ​ថយ​ចុះ​ខ្លំាង​ដោយសារ​តែ​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មិន​ទៀងទាត់។ តែ​កត្តា​ដែល​បាន​ធ្វើ​ឲ្យ​ចិន​នៅ​តែ​មាន​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​គ្រាន់​បើ​ជាង​អ្នក​ផ្សេង​នោះ គឺ​ការ​កើន​ឡើង​តម្រូវ​ការ​ក្នុង​ស្រុក មាន​ន័យ​ថា គឺ​ការ​ដែល​ពលរដ្ឋ​ចិន​ហ៊ាន​ចាយ​វាយ​ច្រើន​ជាង​មុន ហើយ​គឺ​ការ​ចាយ​វាយ​របស់​ពលរដ្ឋ​ចិន​នេះ​ឯង​ដែល​ជា​ចរន្ត​ជួយ​ជំរុញ​ក្បលម៉ាស៊ីន​សេដ្ឋកិច្ច​ជាតិ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​បាន​ទទួល​ស្គាល់​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ចំនួន​ពីរ​ខ្ទង់​ប្រហែល​ជា​គ្មាន​ទៀត​ឡើយ និង​ធានា​ថា អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ គឺ​ចិន​ត្រូវ​តែ​ប្រឹងប្រែង​ដោយ​ខ្លួន​ជាមួយ​នឹង​នយោបាយ​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់ ដោយ​សម្របសម្រួល​ខ្លួន​ទៅ​តាម​បរិបទ​សេដ្ឋកិច្ច​ពិភលោក​បច្ចុប្បន្ន។

សម្រាប់​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង លោក​បាន​ថ្លែង​ថា អត្រាកំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% នឹង​មិន​បង្ក​ហានិភ័យ​ធំដុំ​សម្រាប់​ស្ថិរភាព​ទីផ្សារកាងារ​របស់​ចិន​ទេ និង​ថា រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជាង ៧% សម្រាប់​ឆ្នំា ២០១៥។ ឆ្នំា ២០១៥ ដែល​លោក​លឺ ខឺជំាង​បាន​គូស​បញ្ជាក់​ថា ជា​ឆ្នំា​ដែល​រដ្ឋាភិបាល​អាច​នឹង​ផ្តើម​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​មួយ​ដើម្បី​ឲ្យ​ចិន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ឋិតឋេរ និង​យូរអង្វែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ