ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ណាអូតូ កាន់ នាយករដ្ឋមន្រ្តី​ជប៉ុន​ទី៥ ក្នុង​រយៈពេល​មិន​ដល់​៤ឆ្នាំ

សំឡេង ០៩:៣២
លោក​ ណាអូតូ កាន់ (Naoto Kan) នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន
លោក​ ណាអូតូ កាន់ (Naoto Kan) នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន ©Reuters / Issei Kato

នៅថ្ងៃ​សុក្រ ទី៤ មិថុនា ២០១០​នេះ គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន បាន​សម្រេច​ជ្រើសរើស​លោក​ណាអូតូ កាន់ (Naoto Kan) ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ ឲ្យ​ឡើង​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ ជំនួស​លោក​ហាតូយ៉ាម៉ា (Hatoyama)​ ដែល​បាន​លាលែង។ លោក​​ហាតូយ៉ាម៉ា គឺ​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ទី៤ហើយ ដែល​បាន​លាលែង​ពី​តំណែង ក្នុង​រយៈពេល​មិនដល់​៤ឆ្នាំផង។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ទទួល​បាន​ការគាំទ្រ​ពី​គណបក្ស និង​ការបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា លោក​ណាអូតូ កាន់ បាន​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន ជំនួស​លោក​យូគីយ៉ូ ហាតូយ៉ាម៉ា ដែល​បាន​ប្រកាស​លាលែង​ពីតំណែង កាល​ពី​ថ្ងៃ​ពុធ។ លោក​ហាតូយ៉ាម៉ា ដែល​បាន​ឡើង​មក​កាន់​អំណាច​ កាល​ពី​ ៨ខែ​មុន​នេះ​សោះ បាន​លាឈប់​ពីតំណែង ក្រោយ​ពី​​ខកខាន​មិនបាន​បំពេញ​តាម​ពាក្យសន្យា ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជាពិសេស ការសន្យា​រើ​បន្ទាយ​ទ័ព​អាមេរិក​ចេញ​ឲ្យ​ផុត​ពី​កោះអូគីណាវ៉ា ដែល​រដ្ឋាភិបាល​របស់​លោក​ហាតូយ៉ាម៉ា មិនអាច​សម្រេច​បាន។

នាយករដ្ឋមន្រ្តី៤​លាឈប់​ក្នុងពេល​មិនដល់​៤ឆ្នាំ

ចាប់​តាំង​ពី​លោក​កូអ៊ីហ្ស៊ូមី (Koizumi) លាឈប់​ពីតំណែង កាល​ពី​​ឆ្នាំ​២០០៦ ជប៉ុន​បាន​ផ្លាស់ប្តូរ​នាយករដ្ឋមន្រ្តី​ស្ទើរតែ​រៀងរាល់​ឆ្នាំ។ ក្នុងរយៈពេល​មិនដល់​ ៤ឆ្នាំ​ផង នាយករដ្ឋមន្រ្តី​ដល់​ទៅ​៤រូប បាន​លាឈប់​ពីតំណែង៖ ស៊្ហីនហ្សូ អាបេ (Shinzo Abe) យ៉ាស៊ូអូ ហ្វ៊ូគូដា (Yasuo Fukuda) តារ៉ូ អាសូ (Taro Aso) ហើយ​នៅចុងក្រោយ​នេះ​គឺ​លោក​ហាតូយ៉ាម៉ា។

ភាគច្រើន​ ការចុះចេញ​ពីមុខតំណែង​នៃ​នាយករដ្ឋមន្រ្តី​ទាំងនេះ គឺ​បណ្តាល​មក​ពី​​បរាជ័យ​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល និង​ការ​ជាប់​រឿង​អាស្រូវនានា ដែល​បណ្តាល​ឲ្យ​ប្រជាប្រិយភាព​ធ្លាក់ចុះ​ខ្លាំង។ គេ​សង្កេត​ឃើញ​ថា អ្នកនយោបាយ​ជប៉ុន​ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ​ តែងតែ​រក្សា​នូវ​ផ្នត់គំនិត​នយោបាយ​មួយ គឺ​យក​ការ​លាលែង​ពី​តំណែង​ ដើម្បី​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ ចំពោះ​បរាជ័យ ឬ​​ការ​ខុសឆ្គង​ក្នុង​ការ​ដឹកនាំ​ប្រទេស។

ម្យ៉ាងវិញ​ទៀត នាយករដ្ឋមន្រ្តី​ជប៉ុន ដែល​បាត់បង់​ប្រជាប្រិយភាព សុខចិត្ត​លាឈប់​ពីមុខ​តំណែង គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​ធ្លាក់ចុះ​តាម ដែល​អាច​នាំ​ឲ្យ​ចាញ់​ឆ្នោត របូត​អំណាច​ទៅ​ក្នុង​ដៃ​គណបក្ស​ផ្សេង។ ជាក់ស្តែង លោក​ហាតូយ៉ាម៉ា លាឈប់​ពីមុខតំណែង​នៅពេលនេះ គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​អប្រជាប្រិយភាព​របស់​គាត់​ជះឥទ្ធិពល​អាក្រក់​ដល់​ គណបក្ស នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា នៅខែ​កក្កដា ខាងមុខនេះ។

ក្នុងករណី​ខ្លះទៀត នាយករដ្ឋមន្រ្តី​ជប៉ុន​ត្រូវ​បង្ខំ​ចិត្ត​លាឈប់​ពីមុខ​តំណែង គឺ​មក​ពី​មាន​ការ​​ប្រឆាំង​ នៅ​ក្នុង​ជួរ​គណបក្ស​ខ្លួន​ឯង។ គួរ​បញ្ជាក់ថា នៅ​​ជប៉ុន នាយករដ្ឋមន្រ្តី​ មិនប្រាកដ​ថា​អាច​ទទួល​បាន​ការ​គាំទ្រ​ជាស្វ័យប្រវត្តិ​ពី​តំណាង​រាស្រ្ត​មក ​ពី​គណបក្ស​ជាមួយ​គ្នា​នោះទេ។ គេធ្លាប់​បាន​ឃើញ​ករណី​ជាច្រើន ដែល​សមាជិក​សភា​មក​ពី​គណបក្ស​កាន់អំណាច បោះឆ្នោត​ប្រឆាំង​នឹង​នាយករដ្ឋមន្រ្តី​​។ ក្នុងករណី​មាន​ការ​ប្រឆាំង​ខ្លាំងក្លា​ពី​​គណបក្ស​ខ្លួនឯង​បែបនេះ នាយករដ្ឋមន្រ្តី​ត្រូវ​បង្ខំ​ចិត្ត​ចុះចេញ​ពី​តំណែង ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដកសេចក្តី​ទុកចិត្ត។

អម្រែក​ដ៏ធ្ងន់​របស់​​ ​ណាអូតូ កាន់៖ ស្តារប្រជាប្រិយភាព​គណបក្ស​

លោក​ណាអូតូ កាន់ ដែល​ឡើង​មក​កាន់​តំណែង​ជំនួស​លោក​ហាតូយ៉ាម៉ា នៅពេលនេះ នឹង​ត្រូវ​ទទួល​នូវ​អម្រែក​យ៉ាងធ្ងន់​មួយ គឺ​ធ្វើ​យ៉ាងណា​ស្តារ​ប្រជាប្រិយភាព​គណបក្ស​ប្រជាធិបតេយ្យ​មកវិញ។ នៅថ្ងៃ​សុក្រ​នេះ លោក​ណាអូតូ កាន់ បាន​សន្យាថា នឹង​រក្សា​គោលដៅ​ចម្បង​របស់​គណបក្ស​របស់​លោក​ឲ្យ​នៅ​ដដែល គឺ​ការ​ស្តារ​សេដ្ឋកិច្ច​ជប៉ុន​ឲ្យ​ចេញ​ពី​វិបត្តិ​ឲ្យ​បាន។ លោក​បាន​សន្យាថា​នឹង​ធ្វើ​យ៉ាងណា ដោះស្រាយ​​ឲ្យ​បាន​នូវ​បញ្ហា​​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​ពីរ​របស់​ជប៉ុន៖ សេដ្ឋកិច្ច​គ្មាន​កំណើន និង​បំណុល​របស់​រដ្ឋ​មាន​ទំហំ​ធំហួសហេតុ។

និយាយ​ដល់​រឿង​បន្ទាយ​ទ័ព​អាមេរិក ដែល​ជា​បញ្ហា​ចម្បង​ធ្វើ​ឲ្យ​លោក​ហាតូយ៉ាម៉ា​ធ្លាក់​ពី​អំណាច លោក​ណាអូតូ កាន់​ បាន​​ថ្លែងថា លោក​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​ ដែល​ជប៉ុន​បាន​ចុះ​ជាមួយ​អាមេរិក​រួចហើយ ពោល​គឺ រើ​បន្ទាយ​ទ័ព​អាមេរិក​​ចេញ​ឲ្យ​​​ឆ្ងាយ​ពី​ទីប្រជុំជន ទៅតាំង​នៅ​កន្លែង​ថ្មី ក៏ប៉ុន្តែ នៅក្នុង​ទឹកដី​ជប៉ុន​ដដែល។ លោក​ណាអូតូ កាន់​ ក៏បាន​សន្យា​ផងដែរ​ថា​នឹង​ស្តារ​ទំនុកចិត្ត​ឡើងវិញ​​រវាង​ជប៉ុន និង​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត។ ក៏ប៉ុន្តែ ជប៉ុន​ក៏​នឹង​ផ្តោត​ជាអាទិភាព​ទៅលើ​ទំនាក់ទំនង​ជាមួយ​ចិន​ផងដែរ ព្រោះ​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​ជប៉ុន។

អ្នកវិភាគ​ជាច្រើន​យល់ថា លោក​ណាអូតូ កាន់ គឺ​ជា​អ្នក​នយោបាយ​​​និយាយ​ស្តី​មិនចេះ​សំចៃមាត់ ​ប៉ុន្តែ មាន​ភាព​ប្រាកដ​និយម និង​មាន​ភាព​ម៉ឺងម៉ាត់ ក្នុង​ការ​សម្រេច​ការងារ មិនដូច​លោក​ហាតូយ៉ាម៉ា ដែល​ជា​មនុស្ស​សូញសាញ​ អល់អែក រារែក ក្នុង​ការ​សម្រេច​ចិត្ត។ គេរំពឹង​ថា ភាព​ម៉ឺងម៉ាត់​របស់​លោក​ណាអូតូ កាន់ អាច​នឹង​ជួយ​ឲ្យ​គាត់​​មាន​អំណាច​ច្រើន ក្នុងការ​គ្រប់គ្រង ​ទាំងមន្រ្តី​រដ្ឋាភិបាល និង​មន្រ្តី​បក្ស។

ទោះជា​យ៉ាងណា គេនៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយទេ​ថា តើ​លោក​ណាអូតូ កាន់​ នឹង​​​ទទួល​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដែរ​ឬ​ក៏​យ៉ាងណា ពីព្រោះ​ថា ពេលនេះ គឺ​ នៅ​ឆាប់​ពេក។ សូម្បី​តែ​សមាសភាព​រដ្ឋាភិបាល​ថ្មី ក៏​គេ​នៅ​មិនទាន់​ដឹង​នៅឡើយផង។ លោក​ណាអូតូ កាន់ គ្រោង​នឹង​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី នៅថ្ងៃ​ចន្ទ សប្តាហ៍ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI