ហុងកុង-ចិន

អ្នក​ប្រជាធិបតេយ្យ​ហុងកុង​ជាច្រើន​ពាន់​នាក់​ចុះ​ធ្វើ​បាតុកម្ម​ជាថ្មី

ក្រុម​សកម្ម​ជន​ប្រជាធិបតេយ្យ​ហុងកុង​​ ចេញធ្វើ​បាតុកម្ម​ជាថ្មី នៅថ្ងៃ ទី ១ កុម្ភៈ ២០១៥
ក្រុម​សកម្ម​ជន​ប្រជាធិបតេយ្យ​ហុងកុង​​ ចេញធ្វើ​បាតុកម្ម​ជាថ្មី នៅថ្ងៃ ទី ១ កុម្ភៈ ២០១៥ Reuters/Tyrone Siu

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១ កុម្ភៈ​នេះ ​ប្រជាជន​ហុងកុង​ ដែល​ជា​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​នាំគ្នា​ចុះ​ដើរ​ធ្វើ​បាតុកម្ម​សា​ជា​ថ្មី​ នៅ​ក្រុង​ហុងកុង។ ប៉ូលីស​ក្រុង​ហុងកុង​ បាន​តាមដាន ​និង​យាមកាម​យ៉ាង​ស្អិត ​ដើម្បី​ទប់ស្កាត់​ មិន​ឲ្យ​ក្រុម​បាតុករ ​នាំ​គ្នា​បោះ​ជំរុំ​ ដូច​កាល​ពី​លើក​មុន​ទៀត។ អ្នក​តំណាង​ក្រុម​បាតុករ បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួកគេ​មក​ធ្វើ​បាតុកម្ម​លើក​នេះ ​ដើម្បី​សំដែង​ពី​ការ​មិន​ពេញចិត្ត​ របស់​ពួក​គេ ​ព្រោះ​ការ​ធ្វើ​បាតុកម្ម​កន្លង​មក ​រដ្ឋបាល​ហុងកុង ​មិន​បាន​ផ្តល់​ដំណោះស្រាយ​ អ្វី​ទាំងអស់។

ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​ជាង​មួយ​ខែ​មកហើយ ​ដែល​ក្រុម​បាតុករ​ប្រជាធិបតេយ្យ​ហុងកុង បាន​រំសាយ​គ្នា​ បញ្ចប់​ការ​តវ៉ា​របស់​ខ្លួន ​បន្ទាប់​ពី​មាន​ការ​បង្រាប​យ៉ាង​ហិង្សា ​ពី​សំណាក់​អាជ្ញាធរ​ហុងកុង។ បន្តែ ​សកម្មជន​ប្រជាធិបតេយ្យ​ធ្លាប់​បាន​ប្រាប់​ហើយ​ថា ​​ដរាប​ណា​ពួក​គេ​ មិន​ទាន់​បាន​ទទួល​នូវ​ដំណោះ​ស្រាយ ​ពួក​គេ​នឹង​នៅ​តែ​បន្ត​ ការ​តវ៉ា​តទៅ​ទៀត ​ដើម្បី​ឲ្យ​ហុងកុង​បាន​ទទួល​ នូវ​ការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​ទូលំ​ទូលាយ។

 
ជាក់ស្តែង ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី ១ ​កុម្ភៈ​នេះ ​ក្រុម​ចលនា Mouvement Occupy ដែល​ជា​សកម្មជន​ប្រជាធិបតេយ្យ ​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​គ្នា សា​ជាថ្មី​ ​ដើម្បី​ចុះ​ដើរ​តាម​ផ្លូវ។ អ្នក​នាំ​ពាក្យ​របស់​ចលនា​នេះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យ៉ាង​ហោច​ណាស់ ​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ​៥ពាន់​នាក់។ ក្រុម​បាតុករ ​បាន​នាំគ្នា​ដើរ​យ៉ាង​ស្ងប់ស្ងាត់ ​ដោយ​ម្នាក់ៗ​ មាន​កាន់​ឆ័ត​ពណ៌​លឿង ​ដែល​ជា​និមិត្តរូប​ នៃ​ការ​តស៊ូ​របស់​ពួកគេ។

នគរបាល​ហុងកុង ប្រមាណ​ជា ២ពាន់​នាក់ ​បាន​ឈរ​ឃ្លាំមើល​ក្បួន​បាតុកម្ម​នេះ យ៉ាង​ជាប់​ស្អិត ​និង​ដោយ​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត ​ព្រោះ​ដើម្បី​ទប់ស្កាត់​ មិន​ឲ្យ​ក្រុម​បាតុករ ​ធ្វើ​ការ​បោះ​ទីតាំង ​ធ្វើ​ជា​ជំរុំ​ដូច​កាល​ពី​លើក​មុន។ តែ​ទោះ​បី​ជា​យ៉ាង​ណា ​លោក Alex Chow  ​ប្រធាន​ចលនា​និស្សិត បាន​បញ្ជាក់​ថា ​ពួក​គេ​គ្មាន​ចេតនា​ បោះ​ជុំរុំ​ ដូច​កាល​ពី​លើក​មុន នោះ​ទេ។

បាតុករ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ពួកគេ​មក​ធ្វើ​បាតុកម្ម​ដើម្បី​សម្តែង​ពី​ការ​មិន​ពេញចិត្ត ​ពី​ព្រោះ​ថា ​ពួកគេ​បាន​ធ្វើ​បាតុកម្ម​កន្លង​មក ​ប៉ុន្តែ​អាជ្ញាធរ​ទាំង​ហុងកុង ទាំង​ប៉េកាំង ​ធ្វើ​មិនដឹង​មិនឮ ​ហើយ​មិន​បាន​ផ្តល់​ដំណោះស្រាយ​អ្វី​ទាំងអស់។ ​មួយ​វិញទៀត យើង​សង្កេត​ឃើញ​ថា ​គ្រាន់​តែ​សកម្មជន​ប្រជាធិបតេយ្យ​ ប្រកាស​ថា​នាំគ្នា​តវ៉ា​សា​ជាថ្មី ​ក៏​មាន​អ្នក​ចូលរួម​ ​ដល់​ទៅ​៥ពាន់​នាក់។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​អំពី ​ការ​ស្រេកឃា្លន​ ចង់បាន​នូវ​សេរីភាព​នយោបាយ ​និង​លទ្ធិ​ប្រជាធិបតេយ្យ ​របស់​ប្រជាជន​ហុងកុង ដែល​នៅ​តែ​មាន​រស់​រវើក ​និង​មិន​ខ្លាច​ញញើត​នឹង​ការ​បង្ក្រាប​ របស់​អាជ្ញាធរ​ឡើយ។

សូម​រំលឹក​ថា ​មូលហេតុ​ដែល​អ្នក​ប្រជាធិបតេយ្យ​ហុងកុង ធ្វើ​ការ​តវ៉ា គឺ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​កុម្មុយនិស្ត​ប៉េកាំង ​ ផ្តល់​សេរីភាព​ពេញលេញ​ ដល់​ប្រជាជន​ហុងកុង ​ក្នុង​ការ​បោះឆ្នោត​ ជ្រើសរើស​ថ្នាក់​ដឹកនាំ​របស់​ខ្លួន។ ចិន​ប៉េកាំង បាន​ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ក៏​ប៉ុន្តែ​បេក្ខជន​ឈរឈ្មោះ​គឺ ​គណកម្មការ​មជ្ឈឹម​បក្ស​កុម្មុយនិស្ត​ប៉េកាំង​ ជា​អ្នក​តែង​តាំង។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ មិន​សុខចិត្ត ព្រោះ​ប៉េកាំង​តែង​តាំង ​មនុស្ស​របស់​គេ ដដែល​ជា​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI