ជប៉ុន

តំណាង​​រាស្ត្រ​​ជប៉ុន​​ជាង​​១០០​​នាក់​​ទៅ​​វិហារ​​យ៉ាស៊ុគុនី ដោយ​​មិន​​ខ្វល់​​ខ្វាយ​​ពី​​ប្រតិកម្ម​​របស់​​ចិន​

រដ្ឋមន្ត្រីជប៉ុន ទៅទស្សនកិច្ច​នៅវិហារយ៉ាស៊ូគូនី។
រដ្ឋមន្ត្រីជប៉ុន ទៅទស្សនកិច្ច​នៅវិហារយ៉ាស៊ូគូនី។ REUTERS/Yuya Shino

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​នាយករដ្ឋ​មន្ដ្រី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​ផ្ញើ​ដង្វាយ​ទៅ​កាន់​វិហារ​យ៉ាស៊ុគុនី ដ៏​ចម្រូង​ចម្រាស់​។ សកម្មភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​នេះ បាន​ធ្វើ​ឲ្យ​ចិន​ផ្ទុះ​កំហឹង និង​បាន​បញ្ចេញ​ប្រតិកម្ម​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ៗ​។ មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ គឺ​នៅ​ថ្ងៃ​ពុធ​នេះ​តែ​ម្ដង តំណាងរាស្ត្រ​ជប៉ុន​ជាង​១០០​នាក់ បាន​ទៅ​​គោរពវិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន នៅ​​វិហារ​យ៉ាស៊ុគុនី ដោយ​មិន​ខ្វល់​ខ្វាយ​ពី​ប្រតិកម្ម​របស់​ចិន​ឡើយ​។  

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​និទាឃរដូវ​ប្រចាំ​ឆ្នាំ​របស់​ជប៉ុន តំណាង​រាស្ត្រ​ជប៉ុន​ចំនួន​១០៦​នាក់ នៅ​ថ្ងៃ​ពុធ​ទី​២២​ខែ​មេសា​នេះ បាន​ទៅ​កាន់​វិហារ​យ៉ាស៊ុគុនី ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន​​ដែល​បាន​លះ​បង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​។ ទាហានជប៉ុន​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​សង្គ្រាម​ប្រមាណ​ជិត​២​លាន​៥​សែន​នាក់ ត្រូវ​បាន​កត់​ត្រា​ឈ្មោះ​ទុក​នៅ​វិហារ​យ៉ាស៊ុគុនី​​​។

 

មុន​នេះ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែ​មេសា លោក​នាយករដ្ឋ​មន្ដ្រី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​ផ្ញើ​ដង្វាយ​ទៅ​កាន់​វិហារ​យ៉ាស៊ុគុនី​។ សកម្មភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​នេះ បាន​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ប្រទេស​ចិន​​។ សម្រាប់​ចិន ប្រទេស​ជិត​ខាង​​​ដែល​ធ្លាប់​រង​ការ​ត្រួតត្រា​ឈ្លានពាន​​របស់​ជប៉ុន​ វិហារ​យ៉ាស៊ុគុនី​នេះ​ គឺ​ជា​តំណាង​អំពើ​ឈ្លានពាន​វាតទី​និយម​​របស់​ជប៉ុន ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Hong Lei បាន​ព្រមាន​លោក​ស៊ីនហ្សូ​អាបេ អំពី​សារៈ​សំខាន់​ជា​និមិត្តរូប នៃ​ខួប​ឆ្នាំ​នេះ។ ជា​ខួប​គម្រប់​៧០​ឆ្នាំ នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។ បើ​តាម​លោក Hong Lei មេ​ដឹក​នាំ​ជប៉ុន ត្រូវ​តែ​បង្ហាញ​ពី​ជំហាន​ដ៏​រឹង​មាំ​មួយ ដើម្បី​គោរព​ដល់​ការ​ប្ដេជ្ញាចិត្ត​ ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ប្រវត្តិសាស្ត្រ​នៃ​ការ​ឈ្លានពាន​​របស់​ខ្លួន​។ និង​ជា​ពិសេស ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពាក់ព័ន្ធ និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រទេស​ជិត​ខាង និង​សហគមន៍​អន្ដរជាតិ​។

គួរ​រំលឹក​ថា វិហារ​យ៉ាស៊ុគុនី​ដែល​ឋិត​នៅ​ក្នុង​ទីក្រុង​តូក្យូ គឺជា​ទី​កន្លែង​តម្កល់​ឈ្មោះ​ទាហាន​ ជប៉ុន​ដែល​បាន​ពលី​ជីវិត​ដើម្បី​មាតុភូមិ។ ប៉ុន្តែ នៅ​ទី​នោះ​ក៏​មាន​ដាក់​តម្កល់​ផង​​ដែរ ឈ្មោះ​របស់​ក្រុម​នាយ​ទាហាន ដែល​ជា​ឧក្រិដ្ឋជន​សង្គ្រាម​លោក​លើក​ទី​ពីរ ដូច​ជា​ឧត្តមសេនីយ៍​ Tojo Hideki ដែល​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ឆ្នាំ​១៩៤១​ដល់​ឆ្នាំ​១៩៤៤។ ដូច្នេះ​​ហើយ​បាន​ជា ប្រទេស​​ចិន​តែង​តែ​ផ្ទុះកំហឹង​​ជានិច្ច នៅ​ពេល​ដែល​ឃើញ​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ជប៉ុន​ទៅ​គោរព​នៅ​វិហារ​យ៉ាស៊ុគុនី​ម្ដង​ៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI