ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង្គការ​ក្រៅរដ្ឋាភិបាល​ជា​អំបែងក្នុង​កែវភ្នែក​របស់​រដ្ឋាភិបាល​ឥណ្ឌា

អង្គការ​ការពារ​បរិស្ថាន Greenpeace​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការកាប់​ឈើ នៅ​ឥណ្ឌា
អង្គការ​ការពារ​បរិស្ថាន Greenpeace​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការកាប់​ឈើ នៅ​ឥណ្ឌា AFP PHOTO/ PUNIT PARANJPE
ដោយ៖ ឈាង បុប្ផា
២៣ នាទី

រដ្ឋាភិបាល​ឥណ្ឌា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​សម្រេច​លុប​ចោល អាជ្ញាប័ណ្ណ របស់​អង្គការ​Greenpeace ប្រចាំ​ក្រុង​ញូវដេលី។ អាជ្ញាប័ណ្ឌ ដែល​ធ្លាប់​តែ​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល ទទួល​បាន​មូលនិធិ​ជំនួយ​ពី​បរទេស។ សម្រាប់​​អង្គការ​ការពារ​បរិស្ថាន ដែល​មាន ស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​អាំស្ទែរដាម ប្រទេស​ហូឡង់ នេះជាចំណាត់ការ​ចុងក្រោយ​មួយទៀត របស់​រដ្ឋាភិបាល ដើម្បី​ប្រឆាំង បន្ទុចបង្អាក់សកម្មភាព​​របស់​អង្គការ​ដែល​ផ្តោត​ចំបង​ទៅលើ​ការការពារ​បរិស្ថាន នៅ​ប្រទេស​ឥណ្ឌា។

ផ្សាយពាណិជ្ជកម្ម

អង្គការ​ការពារ​បរិស្ថាន Greenpeace​បាន​ហៅ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​ញូវដេលី ថា ជា​ការប៉ុនប៉ង​បិទខ្ទប់ សំលេង​រិះគន់ រដ្ឋាភិបាល។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន ចេញផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ​ Greenpeace​បាន​សរសេរ​ថា ដោយ​បិទ​ខ្ទប់ មិន​ឲ្យ​អង្គការ​ទទួល​ប្រាក់​ជំនួយ​ពី​បរទេស រដ្ឋាភិបាល​ឥណ្ឌា ចង់​រុញ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្ស័យធន និងបិទបញ្ចប់​សកម្មភាព​រិះគន់​រដ្ឋាភិបាល​តទៅទៀត។ ប៉ុន្តែ សំណាង​ល្អ អង្គការ​ Greenpeace​នឹងមិន​ដួល​រលំ នោះទេ ព្រោះថា បីភាគបួន​នៃ​កញ្ចប់​ថវិកា​របស់​អង្គការ​បាន​មកពី​ជំនួយក្នុងស្រុក​ឥណ្ឌា។

 
ការសម្រេច​លុបចោល​អាជ្ញាប័ណ្ណ របស់​អង្គការ​ Greenpeace មិនឲ្យ​ទទួល​ហិរញ្ញវត្ថុ​ពី​បរទេស​ជា​វិធានការ​ចុងក្រោយ ដែល​រដ្ឋាភិបាល​ឥណ្ឌា ប្រើ​ប្រឆាំង​នឹង​អង្គការ​ក្រៅរដ្ឋាភិបាល​មួយនេះ។ កាលពី​ខែ មេសា​កន្លងទៅ ក្រសួងមហាផ្ទៃ​ឥណ្ឌា​ធ្លាប់​បាន​ប្រកាស​ផ្អឹប បិទ​គណនី​ធនាគារ​របស់​អង្គការ Greenpeace ក្នុង​បទចោទប្រកាន់​ថា អង្គការ​មួយនេះ បាន​រំលោភ​ច្បាប់​ពន្ធ និងហើយ​សកម្មភាព​របស់​អង្គការ​ Greenpeace​ទៀតសោត ធ្វើឡើង ដើម្បី​ប្រឆាំង​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ឥណ្ឌា។

អង្គការ​ Greenpeace​អាច​ជា​ជនរងគ្រោះ​មួយទៀត ដែល​រង​ការដាក់​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​ញូវដេលី​តែប៉ុណ្ណោះ។ រដ្ឋាភិបាល​ឥណ្ឌា​បាន​បង្កើន​វិធានការ​កាន់ច្រើន ដើម្បី​បិទខ្ទប់ កុំ​ឲ្យ​អង្គការ សមាគម​ដែល​ធ្វើសកម្មភាព​សង្គម ការពារ​បរិស្ថាន មាន​ដំណើរការ។ អំណះអំណាង​ដែល​រដ្ឋាភិបាល​ឥណ្ឌា​លើក​យក​មក​ប្រើ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​បាន​ប្រើ​លុយជំនួយ​បរទេស ដើម្បី​បំផ្លាញ​ឥណ្ឌា។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​សត្រូវ​នឹង​ការអភិវឌ្ឍន៍ ជា​ឧបសគ្គ រារាំង​កំណើន​សេដ្ឋកិច្ច​ឥណ្ឌា។ នេះមិនមែន​ជាពាក្យ​ដែល​គេ​និយាយ​ចោល​នោះទេ។ ពាក្យ​ទាំងនេះ មាន​សរសេរ​យ៉ាងច្បាស់ នៅក្នុង​របាយការណ៍​មួយ របស់​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល​ឥណ្ឌា (ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ផ្ទៃក្នុង)។ របាយការណ៍​សម្ងាត់​នេះ ត្រូវ​បាន​បែកខ្ចរខ្ចាយ​ចូល​ទៅក្នុង​កាសែត ឥណ្ឌា កាលពីពាក់​កណ្តាល​ឆ្នាំមុន ពោល​គឺ បន្ទាប់​ពី​វា​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​តុ​របស់​នាយករដ្ឋមន្រ្តី ថ្មី​របស់​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី។

នៅក្នុង​របាយការណ៍​កម្រាស ២១​ទំព័រ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ផ្ទៃក្នុង​ឥណ្ឌា បាន​ចោទប្រកាន់ អង្គការ​ក្រៅរដ្ឋាភិបាល​ថា ជា​ប្រភពគំរាមកំហែង​ដ៏ចម្បង​សម្រាប់​សន្តិសុខ​សេដ្ឋកិច្ច​ជាតិ​ឥណ្ឌា។ យោងតាម​របាយការណ៍​ខាងលើ សកម្មភាព ឃោសនា របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ប្រឆាំង​នឹង​ការវិនិយោគ​ផ្នែករ៉ែ កសិកម្ម និង​ថាមពល បាន​ធ្វើ​ឲ្យ​ឥណ្ឌា ខាតបង់ ថវិកា​ពី ២៥ និង​៣៧ពាន់​លាន​អឺរ៉ូ នៅ​ចន្លោះ​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១២ គឺ​ស្មើ​នឹង​២ ឬ​៣​ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ឥណ្ឌា។

ផ្ទុយ​មក​វិញ គេរកឃើញថា អង្គការ សមាគម​ជាង ១ម៉ឺន ៣ពាន់ នៅ​ឥណ្ឌា បាន​ទទួល​ថវិកា ប្រមាណ ១ពាន់ ៤រយ​លាន​អឺរ៉ូ ពី​មូលនិធិ​បរទេស។ ជាការសន្និដ្ឋាន ចារកិច្ច​ឥណ្ឌា​បរិហារ​ថា អង្គការ​សមាគម ទាំងនោះ ជា​ឧបករណ៍ ទាញ​យក​ប្រយោជន៍ របស់​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច។ នៅក្នុង​បញ្ជី​ខ្មៅ របស់​រដ្ឋាភិបាល Greenpeace​នាំមុខ គេ បន្ទាប់​មាន​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International Action Aid និង​អង្គការ​ក្នុង​ស្រុក​ផ្សេងទៀត ដែល​ទទួល​ប្រាក់ជំនួយ ពី​អឺរ៉ុប និង​អាមេរិក​ខាងជើង។

វា​មិនមែន​ចៃដន្យ​ដែល​អង្គការ​ Greenpeace​ស្ថិតនៅ​ជួរ​មុខ ប្រឈម​ខ្លាំង ជាងគេ​ទៅ​នឹង​ការដាក់​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​ញូវដេលី។ Greenpeace​ប្រៀបបាន​នឹង​បន្លា​ក្នុង​កែវភ្នែក របស់​រដ្ឋាភិបាល​ឥណ្ឌា ព្រោះថា អង្គការ​ការពារ​បរិស្ថាន​មួយនេះ​តែងតែ​ធ្វើ​យុទ្ធនាការ បរិហារ ចាត់ទុក ការធ្វើ​អាជីវកម្ម​រ៉ែ ឬ​ការសាងសង់​រោងចក្រ​នុយក្លេអ៊ែរ នៅ​ឥណ្ឌា ថា ជាសកម្មភាព ប៉ះពាល់​បរិស្ថាន និង​ជីវិត​រស់នៅ​របស់​ប្រជាជន។

តើ​មិន​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា មិន​ក្នាញ់ ក្តៅស្លឹក​ត្រចៀក ម្តេច​មិនបាន? រាល់​ការស្រែក​ឃោសនា​របស់​អង្គការ​ការពារ​បរិស្ថាន តែងតែ​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជាប់គាំងស្ទះ។ គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើ​អាជីវកម្ម​ជីកធ្យូងថ្ម​របស់​ក្រុមហ៊ុន​គ្រាក់ៗ​របស់​ឥណ្ឌា​ត្រូវ​បាន​ផ្អាក ឬ​បិទ​ទៅវិញ ដោយសារ​តែ​មាន​ការទាមទារ​ប្រឆាំង​របស់​ប្រជាជន​ឥណ្ឌា។ ឥណ្ឌា​ប្រទេស​ប្រជាធិបតេយ្យ និង​បាន​ទទួល​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស ដោយ​មកពី​សកម្មភាព​តស៊ូ​មតិ ដឹកនាំ​ដោយ​មហាត្មះ គន្ធី។ ប៉ុន្តែ នៅក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ណារិនដ្រា ម៉ូឌី ដែល​ឲ្យ​សារៈសំខាន់​ទៅ លើ​កំណើន​សេដ្ឋកិច្ច ដោយ​មិនខ្វល់​ពី​បញ្ហា​បរិស្ថាន ឬ​ប្រយោជន៍​ប្រជាជន​មូលដ្ឋាន ឥណ្ឌា ទំនង​ជា​ចង់​ដកឃ្លា ចេញ​ពី​ផ្នត់គំនិត​តស៊ូមតិ ដើម្បី​ស្វែងរក​ដង្ហើម ផលប្រយោជន៍​សេដ្ឋកិច្ច សម្រាប់​ខ្លួន ក្នុង​នាម​ជា​ប្រទេស​មហាយក្ស​មួយ​ដែរ នៅ​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI