ឥណ្ឌូនេស៊ី

តួកគី​ចាប់​ខ្លួន​ជនជាតិ​ឥណ្ឌូណេស៊ី​១៦​នាក់ ដែល​ព្យាយាម​ចូល​ទៅ​រស់​នៅ ជាមួយ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី

ច្បាប់​ឆារីយ៉ា ​អ៊ីស្លាម​ ត្រូវ​​បាន​​អនុវត្ត​ដោយ​ពួក​ជ្រុល​និយម​មួយ​​ចំនួន​​នៅ ឥណ្ឌូណេស៊ី ដូច​ជា​ការ​វាយ​​នឹង​រំពាត់​​លើ​​ស្រ្តី​​ជា​សាធារណៈ ព្រម​​ទាំង​​គប់ដុំ​ថ្មរហូតដល់​ស្លាប់
ច្បាប់​ឆារីយ៉ា ​អ៊ីស្លាម​ ត្រូវ​​បាន​​អនុវត្ត​ដោយ​ពួក​ជ្រុល​និយម​មួយ​​ចំនួន​​នៅ ឥណ្ឌូណេស៊ី ដូច​ជា​ការ​វាយ​​នឹង​រំពាត់​​លើ​​ស្រ្តី​​ជា​សាធារណៈ ព្រម​​ទាំង​​គប់ដុំ​ថ្មរហូតដល់​ស្លាប់

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​ឥណ្ឌូណេស៊ី ​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា ​នៅ​ក្នុង​សប្តាហ៍​នេះ ​អាជ្ញាធរ​តួកគី ​ពិត​ជា​បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ឥណ្ឌូនេស៊ី ​១៦នាក់ ​ដែល​ក្នុងនោះ​ ភាគ​ច្រើន​ជា​ស្រ្តី ​និង​កុមារ ​ដែល​មាន​ចេតនា ​ឆ្លងចូល​ទៅ​ក្នុង​ដី​ស៊ីរី ​ដើម្បី​បំរើ​ និង​រស់នៅ​ជាមួយ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ទន្ទឹម​នឹង​នេះ​ដែរ ​ថ្មីៗ​នេះ ​មាន​ជនជាតិ​ឥណ្ឌូណេស៊ី ​១៦នាក់​ផ្សេង​ទៀត ​ដែល​ទៅ​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​តួកគី​ ហើយ​បាន​​បាត់ខ្លួន​មិន​ឃើញ​ត្រឡប់​មកវិញ។ គេ​សង្ស័យ​ថា ​មនុស្ស​ទាំងនោះ​ អាច​នឹង​ចូល​ទៅ​បំរើ​ ពួក​ជីហាត​អ៊ីស្លាម​នៅ​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​តួកគី ​បាន​ធ្វើការ​ឃាត់​ខ្លួន ​ជនជាតិ​ឥណ្ឌូនេស៊ី ​១៦នាក់ ​នៅ​ក្រុង​ Gaziantep ​ច្រក​ព្រំដែន​រវាង​តួកកី និង​ស៊ីរី។ ព័ត៌មាន​នេះ ​ដំបូង​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ លោក​រដ្ឋមន្រ្តី ​ក្រសួង​សន្តិសុខ​ជាតិ​ឥណ្ឌូណេស៊ី ​ហើយ​បន្ទាប់​មកទៀត ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ​នេះ​គឺ​ជា​ព័ត៌មាន​ច្បាស់ការ។

 
តាម​ការ​ផ្តល់​ព័ត៌មាន ​ក្នុង​ចំណោម​មនុស្ស​ទាំង​១៦នាក់​នោះ ​មាន​​កុមារ ១១​នាក់ ​ស្រី​៤នាក់ ​និង​មនុស្ស​ប្រុស​ម្នាក់។ លោក​រដ្ឋមន្ត្រី ​សន្តិសុខ​ជាតិ​ឥណ្ឌូណេស៊ី ​បាន​បញ្ជាក់​ថា ​គេ​កំពុងតែ​ធ្វើការ​ស៊ើប​អង្កេត ​បន្តែ​អ្វី​ដែល​គេ​ច្បាស់​ប្រាកដ ​គឺ​មនុស្ស​ទាំង​១៦នាក់​នេះ ​មាន​បំណង​ឆ្លងចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី ដើម្បី​ទៅ​រួមរស់​ បំរើ​ក្នុង​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម។

សូម​បញ្ចាក់​ថា ​ព័ត៌មាន​នេះ ​បាន​បន្ថែម​ពីលើ​ដំណឹង​មួយ​ទៀត ​ដែល​បាន​អះអាង ​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន ដោយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ​ថា​មាន​ជនជាតិ​ឥណ្ឌូណេស៊ី ​១៦នាក់​ផ្សេង​ទៀត ​បាន​បាត់ខ្លួន​ ​នៅ​ប្រទេស​តួកគី។ អ្នក​ទាំង​១៦នាក់​ដែល​បាន​បាត់​ខ្លួន​នេះ ​បាន​ធ្វើ​ដំណើរ​ ទៅ​ទេសចរណ៍​ជាក្រុម​ ជាមួយ​គេ​ជាមួយ​ឯង​ផ្សេង​ទៀត ​នៅ​ប្រទេស​តួកគី ​បន្តែ​បាន​បាត់ខ្លួន​មិន​ឃើញ​ត្រឡប់​មក​វិញ ​ជាមួយ​គេ​ទេ។ តាម​ការ​សង្ស័យ មនុស្ស​ទាំង​១៦នាក់​នេះ ​ប្រហែល​ជាបាន​ចូល​ទៅ​ដល់​ ក្នុង​ទឹកដី​ស៊ីរី ក្រោម​ការ​កាន់​កាប់​ របស់​ពួក​អ៊ីស្លាម​ជីហាត​ បាត់​អស់​ទៅ​ហើយ។

គួរ​រំលឹក​ថា ​ឥណ្ឌូណេស៊ី ​ដែល​មាន​ភូមិសាស្ត្រ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ជា​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ច្រើន​ជាង​គេ​បំផុត​លើ​លោក។ ​បើតាម​តួលេខ​ផ្លូវការ ​មាន​ជនជាតិ​ឥណ្ឌូណេស៊ី ​មិនតិច​ជាង ​៥០០​​នាក់​ទេ ​ដែល​បាន​លួចរត់ ​ចូល​ទៅ​បំរើ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ក្នុង​ទឹកដី​ ស៊ីរី​ និង​អ៊ីរ៉ាក់។ ប្រជាជន​ទាំង​នោះ ជឿ​ស្លុង​តាម​ការ​អូសទាញ ​របស់​ពួក​ជីហាត​អ៊ីស្លាម ​ថា​មាន​តែ​ការ​តស៊ូ ​បំរើ​ឲ្យ​ពួកវា​ទេ ទើប​ពួកគេ ​បាន​ក្លាយ​ជា​បុព្វជិត​អ៊ីស្លាម​ពេញ​លក្ខណៈ ​ដែល​គោរព​ទៅ​តាម​ក្រិត្យក្រម​ របស់​ច្បាប់​ឆារីយ៉ា​អ៊ីស្លាម។ ប៉ុន្តែ​ធាតុ​ពិត ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ ​អារក​សម្លាប់​មនុស្ស ​ដូច​សត្វធាតុ​ ហើយ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន ​មិន​ខុស​ពី​ទាសករ​របស់​ពួក​វា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI