អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌូណេស៊ី៖ ​មួយឆ្នាំ​ក្រោយមក​ក្តីសង្ឃឹម​លើ​លោក​វីដូដូ​កំពុង​ក្លាយជា​ការ​ខកចិត្ត

សំឡេង ០៤:៣៤
លោក​ចូកូ វីដូដូ បាន​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី កាលពីថ្ងៃ​ទី២០ ខែតុលា ឆ្នាំ​២០១៥
លោក​ចូកូ វីដូដូ បាន​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី កាលពីថ្ងៃ​ទី២០ ខែតុលា ឆ្នាំ​២០១៥ REUTERS/Darren Whiteside/Files
ដោយ៖ សេង ឌីណា

គិត​ត្រឹមថ្ងៃ​អង្គារ​ ទី២០តុលា​នេះ គឺ​គម្រប់​មួយឆ្នាំ​គត់ដែល​លោក​ចូកូ​ វីដូដូ បាន​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។ នៅ​ពេល​ដែល​លោក​ជាប់ឆ្នោត កាល​ពី​ឆ្នាំ​ទៅមិញ ប្រជាជន​ឥណ្ឌូណេស៊ី​បាន​ដាក់​ក្តីសង្ឃឹម​លើ​រូបលោក​ថា​ជា​អ្នក​នយោបាយ​ជាន់ថ្មី ដែល​អាច​នឹង​នាំ​ឥណ្ឌូណេស៊ី​​ទៅ​កាន់​សករាជថ្មី។ ក៏ប៉ុន្តែ មួយឆ្នាំ​ក្រោយមក​ ក្តីសង្ឃឹម​នេះ​ហាក់ដូចជា​កំពុងតែ​ក្លាយ​ទៅ​ជា​ការ​ខកចិត្ត។

ផ្សាយពាណិជ្ជកម្ម

លោក​ចូកូ វីដូដូ អតីត​អ្នក​លក់​គ្រឿងសង្ហារឹម និង​ជា​អតីត​អភិបាល​ក្រុង​ហ្សាការតា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ដែល​មិន​ជាប់ពាក់ព័ន្ធ​នឹង​នយោបាយ​ចាស់គំរឹល ជាពិសេស មិន​ជាប់ពាក់ព័ន្ធ​នឹង​របប​យោធា​ផ្តាច់ការ នាសម័យកាល​លោក​ស៊ូហារតូ។

ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​លោក​វីដូដូ ​ឡើង​មក​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ថ្ងៃ​ទី២០ តុលា ឆ្នាំ​២០១៤ ប្រជាជន​ឥណ្ឌូណេស៊ី​ជាច្រើន​បាន​ដាក់​ក្តីសង្ឃឹមថា អ្នក​នយោបាយ​ជំនាន់​ថ្មី​រូបនេះ​នឹង​អាច​នាំ​ការ​ផ្លាស់ប្តូរ​ លុបបំបាត់​អំពើ​ពុករលួយ បង្កើន​ប្រសិទ្ធភាព​រដ្ឋាភិបាល ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​របស់​ប្រជាជន។

ក៏ប៉ុន្តែ មួយឆ្នាំ​ក្រោយមក ឥណ្ឌូណេស៊ី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ចូកូ វីដូដូ ហាក់ដូចជា​គ្មាន​អ្វី​ផ្លាស់ប្តូរ​ច្រើន​ប៉ុន្មាន​នោះទេ ឬ​យ៉ាងហោចណាស់​មិនច្រើន​ដូច​អ្វី​ដែល​គេ​រំពឹងទុក​កាល​ពី​មួយឆ្នាំមុន៖ សេដ្ឋកិច្ច​ក៏​មិនមាន​អ្វី​ជឿនលឿនទៅមុខ ហើយ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​​អំពើ​ពុករលួយ​ក៏​គ្មាន​បាន​លទ្ធផល​ជា​វិជ្ជមាន ផ្ទុយទៅវិញ​មានតែ​ជាប់រឿងអាស្រូវ​បន្ថែម។

​នៅលើ​ឆាកអន្តរជាតិ​វិញ មុខមាត់​របស់​លោក​វីដូដូ​ត្រូវ​ប្រឡាក់​ដិតដាម​ទៅដោយ​បញ្ហា​ចម្រូងចម្រាស​​ទាក់ទង​នឹង​ការ​ប្រហារ​ជីវិត​ជនបរទេស​ជាប់ទោស​ពី​បទ​រត់ពន្ធ​គ្រឿងញៀន ដោយ​បណ្តា​ប្រទេស​មួយចំនួន ព្រមទាំង​​អ.ស.ប និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ខ្លះ រិះគន់​ដំណើរការ​យុត្តិធម៌​នៅ​ឥណ្ឌូណេស៊ី ក៏ដូចជា រិះគន់​ការ​អនុវត្ត​ទោស​ប្រហារជីវិត ដែល​គេ​ព្យាយាម​លុបបំបាត់។ នេះ​នៅមិនទាន់​និយាយ​ដល់​ការ​រុញច្រាន​ទូក​ដឹកជនអន្តោប្រវេសន៍​ទៅវិញទៅមក ជាមួយ​ម៉ាឡេស៊ី និង​ថៃ។

​និយាយ​ពី​បញ្ហា​សេដ្ឋកិច្ច នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ចូកូ វីដូដូ អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី​បាន​ធ្លាក់​ចុះ​ដល់​កម្រិតមួយទាប​បំផុត​មិន​ធ្លាប់​មាន ក្នុងរយៈពេល ៦ឆ្នាំ​កន្លងទៅនេះ។ ចំណែក​ឯ​លុយរូពី​របស់​ឥណ្ឌូណេស៊ីវិញ​ក៏​ត្រូវ​ធ្លាក់ថ្លៃ​យ៉ាង​ខ្លាំង​ផងដែរ។ ជាការពិត​ថា បញ្ហា​សេដ្ឋកិច្ច និង​ភាពវឹកវរ​នៃ​ទីផ្សារ​មូលបត្រ​ពិភពលោក គឺ​ជាដើម​ហេតុដ៏សំខាន់ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី​ត្រូវ​ធ្លាក់ចុះ ហើយ​​​តាមពិត​ទៅ មិនមែន​តែ​ឥណ្ឌូណេស៊ី​មួយទេ​ដែល​ត្រូវ​ជួប​នឹង​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេ​នៅតែ​ទម្លាក់​កំហុស​ទៅលើ​លោក​វីដូដូ​ថា គ្មាន​សមត្ថភាព​ក្នុងការ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ដែល​ជា​គោលនយោបាយ​ដ៏​សំខាន់​បំផុតមួយ ដែល​លោក​បាន​សន្យា​នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ដូចគ្នា​ដែរ ចំពោះ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ អំពើ​ពុករលួយ ដែល​ជា​បញ្ហា​ដ៏ធំ​កំពុងតែ​ចោទឡើង​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ឥណ្ឌូណេស៊ី ហើយ​ដែល​គេ​បាន​ដាក់ក្តីសង្ឃឹម​ខ្លាំង​ទៅលើ​លោក​វីដូដូ​ថា​អាច​នឹង​លុបបំបាត់​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​នេះបាន ដោយសារ​តែ​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​ចាស់ៗ។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ​ មួយឆ្នាំ​ក្រោយ​ពី​បាន​ឡើង​កាន់អំណាច លោក​វីដូដូ​មិនត្រឹមតែ​មិនបាន​ទទួល​ការកោតសរសើរ​ពី​ប្រជាជន​ ផ្ទុយទៅវិញ មានតែ​ទទួល​រង​នូវការ​រិះគន់​ ទាក់ទង​នឹង​ការ​តែងតាំង​អ្នក​ជាប់សង្ស័យ​ពីបទ​ពុករលួយ​ឲ្យ​ធ្វើ​ជា​មេប៉ូលិស​ជាតិ។

ក្រោយ​ពី​ទទួលរងនូវ​ការ​រិះគន់ លោក​វីដូដូ​បាន​បញ្ឈប់​ការតែងតាំង​នេះ​វិញ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ​កេរ្តិ៍ឈ្មោះ​របស់​លោក​ត្រូវ​ខូចខាត​​​រួចទៅហើយ។ គេសង្កេតឃើញ​ថា ចាប់តាំង​ពី​មាន​រឿង​អាស្រូវ​នេះមក ប្រជាប្រិយភាព​របស់​លោក​វីដូដូ​ត្រូវ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ហើយ​ការស្ទាបស្ទង់មតិ​ កាល​ពីខែ​កញ្ញា​កន្លងទៅនេះ​បង្ហាញ​ថា ប្រជាជន​ឥណ្ឌូណេស៊ី​តែ ៤៦%​ប៉ុណ្ណោះ ដែល​គាំទ្រ​លោក​វីដូដូ គឺ​ធ្លាក់ចុះ​ពី ៥៧% កាល​ពី​ដើមឆ្នាំ​នេះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BBC កាល​ពីពេលថ្មីៗ​នេះ លោក​វីដូដូ​បាន​ឆ្លើយការពារខ្លួន​ថា ការធ្វើ​កំណែទម្រង់​ប្រទេស​ដ៏ធំមួយ​ដូចជា​ឥណ្ឌូណេស៊ី​នេះ គឺ​ជា​ដំណើរការ​ដ៏​វែងអន្លាយ ហើយ​​ត្រូវការ​ពេលវេលា​យូរ ដូច្នេះ គេ​មិនគួរ​វាយតម្លៃ​លើ​ការដឹកនាំ​​ទូទៅ​របស់​លោក ដោយ​មើល​តែ​ទៅលើ​សកម្មភាព​នៅ​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងទៅនេះ​ទេ។

អ្នកវិភាគឯករាជ្យ​មួយចំនួន​​ក៏​បាន​ធ្វើការ​កត់សម្គាល់​ដែរ​ថា ថ្វីដ្បិត​តែ​ការដឹកនាំ​របស់​លោក​វីដូដូ​មួយឆ្នាំ​កន្លងទៅនេះ​មាន​បញ្ហា​ចោទឡើងច្រើន ក៏ប៉ុន្តែ អ្វីៗ​ហាក់​មាន​ភាព​ប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ការរុះរើ​គណៈរដ្ឋមន្រ្តី ដោយ​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី​សំខាន់ៗ​ខាង​សេដ្ឋកិច្ច ព្រមទាំង​ការ​ដាក់ចេញ​នូវ​វិធានការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​លោក​វីដូដូ​បាន​ធ្វើ កាល​ពីខែ​សីហា​កន្លងទៅ ក៏​បាន​ទទួល​នូវការ​​កោតសរសើរ​​មិនតិចដែរ។

ក្នុងន័យនេះ គេ​អាច​និយាយ​បាន​ថា ការដឹកនាំ​របស់​លោក​វីដូដូ​មិនជា​អន់ណាស់ណ៎ា​ទេ​ នៅ​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងទៅនេះ ក៏ប៉ុន្តែ ដោយសារ​តែ​មាន​ក្តីរំពឹង​លើ​រូបលោក​ខ្លាំងពេក ទើប​ធ្វើ​ឲ្យ​មាន​ការខកចិត្ត នៅ​ពេល​មិនឃើញ​លទ្ធផល​ឆាប់ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ