ថៃ

អ្នកជំនាញ​អន្តរជាតិ៖ ថៃ​អាច​នឹង​ធ្លាក់ចូល​ក្នុង​សង្រ្គាម​ស៊ីវិល

ការប៉ះទង្គិចគ្នា​រវាង​អាវក្រហម និង​ទាហានថៃ បាន​បណ្តាល​ឲ្យ​ស្លាប់​ ជាង​២៧​នាក់ និង​របួស​ជិត​១០០០​នាក់
ការប៉ះទង្គិចគ្នា​រវាង​អាវក្រហម និង​ទាហានថៃ បាន​បណ្តាល​ឲ្យ​ស្លាប់​ ជាង​២៧​នាក់ និង​របួស​ជិត​១០០០​នាក់ ©Reuters

វិបត្តិនយោបាយ​ថៃ ដែល​អូសបន្លាយ​ពេល​យូរ ហើយ​កាន់តែ​មាន​ភាព​ហិង្សា​ឡើង​នោះ អាច​នឹង​រាលដាល​ទៅជា​សង្រ្គាម​ស៊ីវិល។ នេះ​បើ​យោងតាម​របាយការណ៍​របស់​​អង្គការ International Crisis Group ដែល​ល្បី​​ខាង​វិភាគ​លើ​វិវាទ​​ធំៗ នៅលើ​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

“ប្រព័ន្ធនយោបាយថៃ​បច្ចុប្បន្ន​ត្រូវ​ជាប់គាំង មិនអាច​នាំប្រទេស​ចេញ​ពី​វិបត្តិ។ ការ​ប្រឈមមុខ​​ដាក់គ្នា​ ​រវាង​រដ្ឋាភិបាល និង​បាតុករ​អាវក្រហម​ មាន​ទំហំ​កាន់តែ​ធំធេងឡើង ហើយ​អាច​នឹង​រាលដាល​ទៅ​ជា​សង្រ្គាម​ស៊ីវិល”។ នេះ គឺ​ជា​សេចក្តី​សន្និដ្ឋាន ក្នុង​របាយការណ៍​របស់​អង្គការ International Crisis Group ចុះផ្សាយ​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ម្សិលមិញ។

 
គួរ​បញ្ជាក់ថា International Crisis Group (ហៅកាត់ថា ICG)គឺ​ជា​អង្គការ​ក្រៅរដ្ឋាភិបាល ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ខាង​វិភាគ និង​ផ្តល់​អនុសាសន៍ ក្នុងការ​ដោះស្រាយ​វិវាទ​ធំៗ​​នានា នៅលើ​ពិភពលោក។

សម្រាប់​វិបត្តិ​នយោបាយថៃ​ពេលនេះ អង្គការ International Crisis Group បាន​ផ្តល់​អនុសាសន៍ថា ថៃ​គួរ​គិតគូរ​រក​ជំនួយ​ពី​​សហគមន៍អន្តរជាតិ ជាពិសេស ពី​ឥស្សរជន​អព្យាក្រឹត​ណាមួយ ដូចជា ជ័យលាភី​ពាន់រង្វាន់​ណូបែល​សន្តិភាព ជាដើម ដើម្បី​​ជួយ​សម្រុះសម្រួល ដោះស្រាយ​វិបត្តិ​ ដោយសន្តិវិធី ចៀសវាង​ការរីករាលដាល​បន្តទៀត។
 

បាតុករ​អាវក្រហម​កាន់រូប​របស់​មេដឹកនាំ​បដិវត្តន៍​ដ៏ល្បីល្បាញម្នាក់ នៅអាមេរិក​ឡាទីន
បាតុករ​អាវក្រហម​កាន់រូប​របស់​មេដឹកនាំ​បដិវត្តន៍​ដ៏ល្បីល្បាញម្នាក់ នៅអាមេរិក​ឡាទីន ©Reuters

អង្គការនេះ​បាន​ធ្វើ​ការ​កត់សម្គាល់​អំពី​វត្តមាន​របស់​ប្រធានាធិបតី​ទីម័រខាង​កើត ដែល​ជា​​ជ័យលាភី​ណូបែល​សន្តិភាព ហើយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅទីក្រុង​បាងកក នៅ​ក្នុង​សប្តាហ៍នេះ ហើយ​ថា មាន​ឥស្សរជន​អន្តរជាតិ​ផ្សេងទៀត ដែល​អាច​ទៅចូលរួម​ជួយ​ដោះស្រាយ​វិបត្តិថៃ។

International Crisis Group ក៏បាន​ឲ្យ​ជា​យោបល់​ផងដែរ​ថា រដ្ឋាភិបាល​ថៃ និង​ក្រុមប្រឆាំង គួរ​ចាប់​ផ្តើម​ចរចា​គ្នា ​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​បណ្តោះ​អាសន្នមួយ ដើម្បី​ត្រៀម​រៀបចំ​ការ​បោះឆ្នោត។

ក៏ប៉ុន្តែ នៅ​ថ្ងៃ​សៅរ៍នេះ អ្នកនាំពាក្យ​របស់​លោក​អាភិស៊ីត នាយករដ្ឋមន្រ្តីថៃ ទើប​តែ​បាន​ច្រានចោល​ការ​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ ដែល​ស្នើឡើង​ដោយ​គណបក្ស​ប្រឆាំង។

ចំណែក​ការធ្វើ​អន្តរាគមន៍​ធ្វើ​សំណាក់​សហគមន៍អន្តរជាតិ ក៏​រដ្ឋាភិបាល​ថៃ​រឹតតែ​ប្រឆាំង​ខ្លាំង​ទៅទៀត។ គួរ​រំឭកថា ប៉ុន្មាន​ថ្ងៃ​មុននេះ រដ្ឋមន្រ្តី​ការបរទេស​ថៃទើប​តែ​បាន​បដិសេធ​មិន​ព្រម​ឲ្យ​សហគមន៍​អន្តរជាតិ​លូកដៃ​ចូល​ក្នុង​វិបត្តិ​នយោបាយថៃ ដោយ​លើកឡើង​ថា នេះ​គឺ​ជា​​កិច្ចការ​​ផ្ទៃក្នុង​របស់​ថៃ។ ការលើក​ឡើងនោះ គឺ​ធ្វើ​ឡើង​ ក្រោយពី​តំណាង​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​​នឹង​មេដឹកនាំ​អាវក្រហម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI