អានតួអត្ថបទ
អ៊ីរ៉ង់-កូរ៉េខាងជើង

ក្រុមប្រឆាំង​អ៊ីរ៉ង់៖ អ៊ីរ៉ង់ និង​កូរ៉េខាងជើង​នៅ​បន្ត​ចាប់ដៃ​គ្នា ផលិត​អាវុធ​នុយក្លេអ៊ែរ

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Arakស្ថិតនៅ​ចម្ងាយ ៣៦០​គ.ម ពីទីក្រុង​តេអេរ៉ង់​ជា​ចំណុច​សំខាន់​ដែល​គេ​លើក​និយាយ​នៅក្នុង​ការចរចា​៦ភាគីស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Arakស្ថិតនៅ​ចម្ងាយ ៣៦០​គ.ម ពីទីក្រុង​តេអេរ៉ង់​ជា​ចំណុច​សំខាន់​ដែល​គេ​លើក​និយាយ​នៅក្នុង​ការចរចា​៦ភាគីស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ REUTERS/Stringer/Files
ដោយ៖ ឈាង បុប្ផា
១៤ នាទី

ក្រុមប្រឆាំង​អ៊ីរ៉ង់ ដែល​និរទេស​ខ្លួន នៅ​បរទេស បាន​ចោទប្រកាន់ រដ្ឋាភិបាល​អ៊ីរ៉ង់ ថា កំពុង​បន្ត​ធ្វើការ ជាមួយ​ប្រទេស​កូរ៉េខាងជើង នៅក្នុង​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ នៅក្នុង​របាយការណ៍ របស់ខ្លួន ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្រុមប្រឹក្សា​ជាតិ នៃ​ក្រុម​អ្នកតស៊ូ អ៊ីរ៉ង់ ក្នុង​ប្រទេស​បារាំង បាន​បង្ហាញ​ថា តេអេរ៉ង់ និង​ព្យុងយ៉ាង​កំពុង​សហការ​គ្នា ក្នុង​ផ្នែក​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ និង​ផលិត​គ្រាប់​មីស៊ីល​បាញ់​រយៈ​ចម្ងាយឆ្ងាយ។ 

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​បរិហារ​សកម្មភាព​នុយក្លេអ៊ែរ​យោធា​របស់​អ៊ីរ៉ង់ សរសេរ​ចងក្រង​ដោយ​ក្រុមប្រឆាំង អ៊ីរ៉ង់ នៅ​បរទេស ដោយ​ផ្អែក​ទៅលើ​ប្រភព​ក្នុង​ស្រុក ដែល​មួយចំនួន ជា​មន្រ្តី​រដ្ឋាភិបាល​អ៊ីរ៉ង់។ តាម​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៥ នេះ គណៈប្រតិភូ​កូរ៉េខាងជើង​ខាង​កម្មវិធី នុយក្លេអ៊ែរ​បាន​ធ្វើដំណើរ​បីដង ទៅ​ប្រទេស​អ៊ីរ៉ង់។ កាលពី​ចុងខែ មេសា ក្រុមអ្នកជំនាញ​ខាង​នុយក្លេអ៊ែរ និង​អាវុធ​បាញ់​ចម្ងាយឆ្ងាយ បាន​ធ្វើ​ទស្សនកិច្ច នៅ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ មួយ ក្នុង​ទីក្រុង​តេអេរ៉ង់ ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។

 
តាម ក្រុមប្រឹក្សា​ជាតិ នៃ​ក្រុម​អ្នកតស៊ូ អ៊ីរ៉ង់ នៅ​បរទេស ដែល​បាន​អះអាងថា ខ្លួន​ធ្វើការ​ស៊ើបអង្កេត អស់​២​ឆ្នាំ មន្រ្តី​ជាន់ខ្ពស់ សំខាន់ៗ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា​អ៊ីរ៉ង់ ធ្លាប់​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ ដើម្បី ចូលរួម មើល​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ លើក​ទី​៣​របស់​កូរ៉េខាងជើង កាលពី​ឆ្នាំ​២០១៣។ សម្រាប់​ក្រុមប្រឆាំង​អ៊ីរ៉ង់ ទស្សនកិច្ច​របស់​មន្រ្តី ជាន់ខ្ពស់​អ៊ីរ៉ង់ ទៅ​កូរ៉េខាងជើង និង​វត្តមាន​របស់​អ្នកជំនាញ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ក្នុង​ទឹកដី​អ៊ីរ៉ង់ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា រដ្ឋាភិបាល​អ៊ីរ៉ង់ គ្មាន​ចេតនា​លះបង់​ចោល​មហិច្ឆតា ចង់​មាន​អាវុធ នុយក្លេអ៊ែ ដែល​ជា​អាវុធ​យុទ្ធសាស្រ្ត​របស់ខ្លួន នោះទេ។

រហូតមកដល់​ម៉ោងនេះ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AF¨P និង​អង់គ្លេស​Reuters ដែល​ជា​រាយការណ៍​បន្ត​របាយការណ៍ របស់​ក្រុមប្រឆាំង​អ៊ីរ៉ង់ បាន​និយាយ​ថា ខ្លួន​នៅ​មិនទាន់​បាន​ដំណឹង​ពី​ប្រភព​ផ្សេងទៀត ដើម្បី​យក​មក​បញ្ជាក់​ការអះអាង​របស់​ក្រុមប្រឆាំង​អ៊ីរ៉ង់ នៅឡើយទេ។ អ្នកវិភាគ​វាយតម្លៃថា ក្រុមប្រឆាំង​បញ្ចេញ​របាយការណ៍​បរិហារ​រដ្ឋាភិបាល​អ៊ីរ៉ង់ នៅពេលនេះ ដើម្បី​ផលប្រយោជន៍​នយោបាយ​របស់ខ្លួន។ ដំណឹង​នេះ​បាន​លេចចេញ ឡើង នៅតែ​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​អ៊ីរ៉ង់ កំពុង​ព្យាយាម​រក​ឲ្យ​ឃើញ កិច្ចព្រមព្រៀង ចុងក្រោយ ជាមួយ​ប្រទេស​មហាអំណាច ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ