ជប៉ុន

នាយករដ្ឋមន្រ្តី​ជប៉ុន​បង្ហាញ​មុខ​សមាសភាព​រដ្ឋាភិបាល​ថ្មី

លោក​ ណាអូតូ កាន់ (Naoto Kan) នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន
លោក​ ណាអូតូ កាន់ (Naoto Kan) នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន ©Reuters

លោក​ណាអូតូ កាន់ (Naoto Kan) ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន បាន​បង្ហាញ​មុខ​សមាសភាព​​រដ្ឋាភិបាល​ថ្មី​របស់​លោក​ នៅថ្ងៃ​អង្គារនេះ មុននឹង​​ទៅ​ស្បថ​ចូល​​កាន់តំណែង នៅចំពោះ​មុខ​អធិរាជ​ជប៉ុន។ ក្នុង​ចំណោម​សមាជិក​រដ្ឋាភិបាល​ថ្មី ទាំង ១៧រូប មាន​មុខថ្មីៗ​តែ ៦រូប​ប៉ុណ្ណោះ។ ចំណែក ១១​រូប​ផ្សេង​ទៀត គឺ​ជា​សមាសភាព​ចាស់។ នេះ​បញ្ជាក់ថា នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នឹង​មិនសូវ​មាន​អ្វី​ខុសប្លែក​ខ្លាំង​ពី​ រដ្ឋាភិបាល​ចាស់​ប៉ុន្មាន​នោះទេ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

នៅក្នុង​​ចំណោម​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​របស់​ជប៉ុន គេ​សង្កេត​ឃើញ​​ថា ការផ្លាស់ប្តូរ​ដែល​សំខាន់​ជាងគេ គឺ​​អវត្តមាន​របស់​​​ឥស្សរជន​ពីររូប​តែ​ប៉ុណ្ណោះ​ គឺ​លោក​ហាតូយ៉ាម៉ា អតីត​នាយករដ្ឋមន្រ្តី ដែល​សន្យា​ច្រើន តែ​ធ្វើ​បាន​តិច និង​លោក​អូហ្សាវ៉ា អគ្គលេខាធិការ​គណបក្ស​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​នយោបាយ​របស់​រដ្ឋាភិបាល ប៉ុន្តែ មាន​ជាប់​រឿងអាស្រូវ​​ពាក់ព័ន្ធ​នឹង​លុយកាក់។ ក្រៅពីនេះ​ សមាជិក​រដ្ឋាភិបាល​ចាស់​ភាគច្រើន ត្រូវបាន​លោក​ណាអូតូ កាន់ រក្សា​ទុក​ឲ្យ​នៅ​កាន់​តំណែង​ដដែល ក្នុង​នោះ មាន​​រដ្ឋមន្រ្តី​ក្រសួង​សំខាន់​ពីរ គឺ​លោក​កាត់ស៊ូយ៉ា អូកាដា (Katsuya Okada) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​លោក​តូស្ហ៊ីមី គីតាហ្សាវ៉ា (Toshimi Kitazawa) រដ្ឋមន្រ្តី​ក្រសួងការពារជាតិ។

ការ​រក្សា​ទុក​រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តីការពារជាតិ​ដដែលនេះ គឺ​បង្ហាញ​ថា​​នយោបាយការបរទេស​របស់​រដ្ឋាភិបាល​ថ្មី នឹង​មិន​មាន​អ្វី​ប្រែប្រួល​ធំដុំ​ពី​រដ្ឋាភិបាល​ចាស់​នោះទេ។ លោក​ណាអូតូ កាន់​ ធ្លាប់​បាន​ប្រកាស​រួចមក​ហើយថា អាទិភាព​របស់​រដ្ឋាភិបាល​ថ្មី គឺ​ធ្វើ​យ៉ាងណា​​បង្កើន​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ ក្រោយ​ពី​បាន​ប្រេះស្រាំ​អស់រយៈពេល​ជិត​១ឆ្នាំ។ លោក​ណាអូតូ កាន់ បាន​សន្យា​ជាមួយ​លោក​អូបាម៉ា​រួចហើយ​ថា​នឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​លោក​ហាតូយ៉ាម៉ា ដែល​មុននឹង​ចុះចេញ​ពីតំណែង​បាន​ព្រមព្រៀង​ថា​នឹង​រក្សា​ទុក​បន្ទាយ​ទ័ព​អាមេរិក​ឲ្យ​នៅ​លើ​កោះ​អូគីណាវ៉ា​ដដែល។

ស្រប​នឹង​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​អាមេរិក ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាស់​ឆ្នាំ លោក​ណាអូតូ កាន់​ក៏​​បាន​បង្ហាញ​ពី​ជំហរ​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន​ផងដែរ ពីព្រោះ​ចិន គឺ​ជា​​មហាអំណាច​ជាន់ថ្មី និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​ជប៉ុន។ លោក​ណាអូតូ កាន់ បាន​តែងតាំង​មនុស្ស​ជំនិត​របស់​លោក​ម្នាក់ គឺ​លោក យ៉ូស្ហ៊ីតូ សេនហ្កូគូ (Yoshito Sengoku) ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ទទួលបន្ទុក​​ទីស្តីការគណៈរដ្ឋមន្រ្តី។ លោក​សេនហ្កូគូ គឺ​ជា​​អ្នក​ដែល​តែងតែ​ជំរុញ​ឲ្យ​ជប៉ុន​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន និង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត នៅ​អាស៊ី។
 

លោកស្រី រេនហូ (Renho) អតីត​អ្នក​បង្ហាញ​ម៉ូដ ដើមកំណើត​តៃវ៉ាន់ ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កំណែទម្រង់​រដ្ឋបាល
លោកស្រី រេនហូ (Renho) អតីត​អ្នក​បង្ហាញ​ម៉ូដ ដើមកំណើត​តៃវ៉ាន់ ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កំណែទម្រង់​រដ្ឋបាល ©Reuters

នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ដែល​ជា​វិស័យ​ជាអាទិភាព​ទីមួយ​របស់​រដ្ឋាភិបាល​ថ្មី ​លោក​ណាអូតូ កាន់ បាន​តែងតាំង​លោក ​យ៉ូស្ហ៊ីហ៊ីតូ ណូដា (Yoshihito Noda) ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ។ លោក​ណូដា គឺ​ជា​អតីត​អនុ​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ ហើយ​ជា​អ្នក​ដែល​មាន​នយោបាយ​ដូច​លោក​ណាអូតូ កាន់​ដែរ គឺ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​បំណុល​របស់​រដ្ឋ​​ដោយ​បង្កើន​ពន្ធដារ និង​បន្ថយ​ការចំណាយ​​របស់​រដ្ឋ។

ដើម្បី​កាត់បន្ថយ​ការចំណាយ​​របស់​រដ្ឋ​នេះ លោក​ណាអូតូ កាន់ បាន​តែងតាំង​លោកស្រី​រេនហូ (Renho) ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ទទួលបន្ទុក​កំណែទម្រង់​រដ្ឋបាល។ លោកស្រី​រេនហូ បាន​ចាប់​ល្បីឈ្មោះ កាល​ពី​ឆ្នាំ​ទៅមិញ ក្រោយ​ពី​បាន​​រិះគន់​ធ្ងន់ៗ​ ទៅលើ​ការ​ចាយលុយ​ខ្ជះខ្ជាយ​ពីសំណាក់​មន្រ្តី​រដ្ឋបាល​សាធារណៈ។

ជារួម បើ​មើល​ទៅ​លើ​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ គេ​អាច​សន្និដ្ឋាន​បានថា អ្វី​ដែល​ថ្មី​នៅ​ក្នុង​នយោបាយ​របស់​​លោក​ណាអូតូ កាន់​ គឺ​នយោបាយ​សេដ្ឋកិច្ច ជាពិសេស គឺ​នយោបាយ​សារពើពន្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI