ម៉ាឡេស៊ី

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ប្រកាស​ក្ស័យធន និង​រុះរើ កាត់បន្ថយ​បុគ្គលិក

យន្តហោះ​របស់​ក្រុមហ៊ុនម៉ាឡេស៊ី អ៊ែរឡាញ
យន្តហោះ​របស់​ក្រុមហ៊ុនម៉ាឡេស៊ី អ៊ែរឡាញ ©REUTERS/Damir Sagolj/Files

ថ្ងៃ​ទី ១​មិថុនា ត្រូវ​ចាត់​ទុក​ជាថ្ងៃ​ងងឹត​អន្ធកាល​សម្រាប់​បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី អ៊ែរឡាញ Malaysia Arilines។ កាលពីថ្ងៃ​ចន្ទ ម្សិលមិញ លោក Christoph Mueller អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​បាន​និយាយ​ប្រាប់​អ្នកកាសែតថា ក្រុមហ៊ុន​Malaysia Arilines​ដែល​កំពុង​ជួបក្ស័យធន ត្រូវ​កាត់បន្ថយ​បុគ្គលិក ប្រមាណ ៦​ពាន់​នាក់ នៅក្នុង​ផែនការ​រុះរើ រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​របស់​ក្រុមហ៊ុន​អាស៊ី​មួយនេះ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្រោម​ការគ្រប់គ្រង​របស់​មេដឹកនាំ​ថ្មី ជនជាតិ​អាល្លឺម៉ង់ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី អ៊ែរឡាញ​បាន​បង្ហាញ​ជា​លើកទីមួយ ផែនការ​រុះរើ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន ក្នុង​ទ្រង់ទ្រាយ​ធំ។ កាលពី​ថ្ងៃ ចន្ទ ប្រធាន​ក្រុមហ៊ុន​លោក​ Christoph Mueller បាន​ប្រកាស​ផ្លូវការ ពី​ដំណឹង​កាត់បន្ថយ​បុគ្គលិក រាប់ពាន់​នាក់។ គោលដៅ​ហោះហើរ​របស់​យន្តហោះ​ម៉ាឡេស៊ី អ៊ែរឡាញ ក៏​ត្រូវ​កាត់បន្ថយ ចំណែក​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ក៏​ត្រូវ​រៀបចំ សា​ជាថ្មី​ឡើងវិញ។

 
តាម​លោក​ Christoph Mueller ម៉ាឡេស៊ី​អ៊ែរឡាញ​ក្ស័យធន និង​​ដំណើរការ​ល្អមិន​សូវ តាំង ពី​មុន​ពេល​ដែល​យន្តហោះ​របស់​ក្រុមហ៊ុន (MH 370 MH 17) ជួប​គ្រោះថ្នាក់​ពីរលើក នៅ​ឆ្នាំ ២០១៤ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស ៥៣៧​នាក់ ទៅទៀត។

នៅថ្ងៃ​ចន្ទ សំបុត្រ​បញ្ឈប់ពី​​ការងារ​ត្រូវ​បាន​ផ្ញើ​ទៅ​ដល់​ដៃ​បុគ្គលិក​២​ម៉ឺននាក់​របស់​ក្រុមហ៊ុន។ ជាមួយគ្នានេះ កិច្ចសន្យា​ការងារ​ថ្មី​ត្រូវ​បាន​ស្នើ​ទៅ​ឲ្យ​បុគ្គលិក​តែ​ចំនួន ១ម៉ឺន ៤ពាន់​នាក់​ប៉ុណ្ណោះ។ មានន័យថា មនុស្ស​៦ពាន់​នាក់​នឹង​ត្រូវ​កាត់ចេញ​ពី​បញ្ជីរ​​បុគ្គលិក​របស់​ក្រុមហ៊ុន។ សម្រាប់​លោក​Mueller ការកាត់បន្ថយ​ចំនួន​បុគ្គលិក​គឺ​ជារឿង​ចាំបាច់ ព្រោះថា ក្រុមហ៊ុន​ត្រូវ​រ៉ាប់រង​ចំណាយ​ខ្ពស់ ដល់​ទៅ ២០% ច្រើនជាង​ក្រុមហ៊ុន​ប្រកួតប្រជែង។ តាមរយៈ ការរុះរើ រៀបចំ​ក្រុមហ៊ុន​ឡើងវិញ លោក​ Christoph Mueller​សង្ឃឹមថា នឹង​អាច​រក​ស្ថិរភាព​ឲ្យ​ក្រុមហ៊ុន​នៅ​ឆ្នាំ​ក្រោយ ហើយ​នឹង​កំណើន​សេដ្ឋកិច្ច​ចាប់​ពី​ពេលនេះ ដល់​ចុងឆ្នាំ ២០១៧។
 

លោក​Christoph Mueller អគ្គនាយក​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ នៅ​ទីស្នាក់ការរបស់​ក្រុមហ៊ុន​ក្នុង​ក្រុង​គូឡាឡាំពួរ​
លោក​Christoph Mueller អគ្គនាយក​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ នៅ​ទីស្នាក់ការរបស់​ក្រុមហ៊ុន​ក្នុង​ក្រុង​គូឡាឡាំពួរ​ REUTERS/Al-Zaquan Amer Hamzah

លោក​ Christoph Mueller​ដែល​ចូល​ដឹកនាំ​ក្រុមហ៊ុន​ម៉ាឡេស៊ី អ៊ែរឡាញ តាំងពី​ដើម​ខែ ឧសភា បាន​និយាយ​ដែរថា ទៅ​តាម​ផែនការ​ថ្មី ឈ្មោះ​របស់​ក្រុមហ៊ុន​ក៏​អាច​ត្រូវ​ផ្លាស់ប្តូរ​ដែរ។ ផែនការ​រុះរើ​របស់​លោក​ Christoph Mueller​បាន​ទទួល​ការរិះគន់​យ៉ាងខ្លាំង​ពី​ក្រុម​សហជីព​បុគ្គលិក​បម្រើការ​លើ​យន្តហោះ ដែល​អះអាងថា ពួកគេ​ទទួល​ថ្មបាក់ ដោយសារ​ការគ្រប់គ្រង​មិនល្អ​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​កន្លងមក។

តាម​អ្នកវិភាគ​មួយចំនួន ក្រុមហ៊ុន​ម៉ាឡេស៊ី អ៊ែរឡាញ​ខាតបង់​ថវិកា អស់​ជាច្រើន​ឆ្នាំ ដោយសារ​តែ​ការគ្រប់គ្រង​មិនល្អ និង​អសមត្ថភាព​របស់​ថ្នាក់ដឹកនាំ ដើម្បី​ប្រឈមមុខ​នឹង​ក្រុមហ៊ុន​ប្រកួតប្រជែង​អន្តរជាតិ។ ក្រៅពី​មុខមាត់ និង​កេរ្តិ៍​ឈ្មោះ ក្រុមហ៊ុន​ម៉ាឡេស៊ី អ៊ែរឡាញ ជួប​ការខាតបង់​កាន់តែ​ច្រើន ដោយសារ​តែ​គ្រោះថ្នាក់ ធ្លាក់យន្តហោះ នៅ​អ៊ុយក្រែន ក្នុង​ពេល​ដែល​គេ​នៅ​មិនទាន់​រកឃើញ នៅឡើយ យន្តហោះ 370​ដែល​ធ្លាក់​បាត់ ស្រមោល ទៅក្នុង​សមុទ្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI