ម៉ាឡេស៊ី

ម៉ាឡេស៊ី រឹត​បន្តឹង​ច្បាប់ប្រឆាំង​ការងើប​បះបោរ

កូនស្រី​របស់​មេបក្ស​ប្រឆាំង លោក​អាន់វ៉ា​ដែល​ត្រូវអាជ្ញាធរ​ប្រើ​ច្បាប់​ប្រឆាំង​ការបះបោរ​ចាប់ខ្លួន​
កូនស្រី​របស់​មេបក្ស​ប្រឆាំង លោក​អាន់វ៉ា​ដែល​ត្រូវអាជ្ញាធរ​ប្រើ​ច្បាប់​ប្រឆាំង​ការបះបោរ​ចាប់ខ្លួន​ ©REUTERS/Olivia Harris

នៅ​ម៉ាឡេស៊ី រដ្ឋាភិបាល​​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី រឹតបន្តឹង​​សិទ្ធិ​សេរីភាព បញ្ចេញមតិ។ នៅ​មួយ​សប្តាហ៍​ក្រោយ​ធ្វើ​ច្បាប់​ប្រឆាំង​ភេរវកម្ម ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​និង​ក្រុមប្រឆាំង​ចាត់ទុក​ជា​ឧបករណ៍​នយោបាយ​សម្រាប់​បង្រ្កាប​ក្រុមអ្នកប្រឆាំង សភា​ម៉ាឡេស៊ី កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​បោះឆ្នោត អនុម័ត​លើ​វិសោធនកម្ម​ច្បាប់ប្រឆាំង​នឹង​ការងើបបះបោរ។ 

ផ្សាយពាណិជ្ជកម្ម

សេរីភាព​បញ្ចេញមតិ​របស់​ម៉ាឡេស៊ី​កាន់តែ​រួមតូច និង​កំពុង​ធ្លាក់​ចូល​ក្នុង​អន្ធការ។ គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី និង​អង្គការ​សិទ្ធិមនុស្ស​បាន​ទាញ​សញ្ញា​អាសន្ន​មួយទៀត ពីការរំលោភ​បិទ​សិទ្ធិសេរីភាព ក្នុង​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​សភា​ម៉ាឡេស៊ី ដែល​កាន់កាប់​ភាគច្រើន​ដោយ​គណបក្ស​កាន់អំណាច​បាន​បោះឆ្នោត ពង្រឹង​ច្បាប់​ប្រឆាំង​នឹង​ការងើប​បះបោរ។

 
Zeid Ra'ad Al Hussein ឧត្តម​ស្នងការ​ជាន់ខ្ពស់ ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​រិះគន់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី លុប​ចោល​វិសោធនកម្ម​ច្បាប់ ដែល​អាក្រក់​រួច​ទៅ​ហើយ​នោះ។ មួយ​រយៈចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​ប្រើ​ច្បាប់​ប្រឆាំង​នឹង​ការងើបបះបោរ​នេះ ដើម្បី​ចាប់សមាជិក​គណបក្ស​ប្រឆាំង គ្រូ និស្សិត ដែល​បាន​បញ្ចេញ​មតិរិះគន់​រដ្ឋាភិបាល។

ច្បាប់​ប្រឆាំង​នឹង​ការបះបោរ ត្រូវ​បង្កើត​ឡើង នៅ​ឆ្នាំ ១៩៥៧ ដោយ​អាណានិគមនិយម​អង់គ្លេស ដើម្បី​បង្រ្កាប​ចលនា​បះបោរ​របស់​ប្រជាជន នៅក្នុង​អំឡុង​​កាន់កាប់​របស់​ខ្លួន។

នៅ​ឆ្នាំ ២០១២ ឆ្លើយតប​នឹង​មតិតវ៉ា និង​សំពាធ​ពី​សហគមន៍​អន្តរជាតិ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាហ្ស៊ីប រ៉ាហ្ស៉ាក់ ធ្លាប់​បាន​សន្យា​លុបចោល​ច្បាប់​ប្រឆាំង នឹង​ការបះបោរ។ ប៉ុន្តែ នៅមួយឆ្នាំ ក្រោយលោក​បាន​ក្រឡាស់​សំដី ដោយ​ប្រកាស​រក្សា​ច្បាប់​នេះ​ឲ្យ​នៅ​ដដែល។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ក្នុង​ស្រុក កាលពីថ្ងៃ​ព្រហស្បតិ៍ លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​រក្សា​បន្ត​ប្រើ​ច្បាប់​ប្រឆាំង​នឹង​ការងើប​បះបោរ ដើម្បី អាច​កសាង​រដ្ឋ​ស្ថិរភាព សន្តិភាព និង​សុខដុមរមនា ទៅតាម​ទិសដៅ​របស់​រដ្ឋាភិបាល។

មិនត្រឹម​តែ​មិន​លុបចោល ប៉ុន្តែ ច្បាប់ ប្រឆាំង​ការបះបោរ​ត្រូវ​បាន​ពង្រឹង កាន់តែខ្លាំង។ អំណើះ​តទៅ អ្នកដែល​ដែល​ត្រូវ​ចោទប្រកាន់ ទៅតាម​ច្បាប់​ប្រឆាំង​នឹង​ការបះបោរ អាច​ប្រឈម​នឹងជាប់​ពន្ធនាគារ ២០ ឆ្នាំ ក្នុង​ពេល​ដែល​ច្បាប់​ចាស់​មាន​ចែង​ទោស អតិបរមា ៣​ឆ្នាំ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI