ភូមា

ភូមា​កំពុង​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ?

ឧត្តមសេនីយ៍ ថាន់ ស្វេ មេដឹកនាំ​របបសឹកភូមា
ឧត្តមសេនីយ៍ ថាន់ ស្វេ មេដឹកនាំ​របបសឹកភូមា ©AFP

របបសឹកភូមា​កំពុង​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​តាម​របាយការណ៍​​មួយ ដែល​ធ្វើ​ការសន្និដ្ឋាន​ដោយ​យោងទៅលើ​ភស្តុតាង ផ្តល់​ដោយ​វិស្វករ​យោធា​ភូមា​ម្នាក់ ដែល​លួចរត់​ភៀសខ្លួន​ពីភូមា។ កាល​ពី​ថ្ងៃព្រហស្បតិ៍ សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​លុបចោល​ដំណើរទស្សនកិច្ច​ទៅភូមា ក្រោយ​ពី​​ការ​ចេញផ្សាយ​របាយការណ៍​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ភូមា​នេះ។ តើ​ភូមា​ពិតជា​មានកម្មវិធីនុយក្លេអ៊ែរ​មែន​ឬ? តើ​ហេតុអ្វី​បាន​ជា​ប្រទេស​ក្រីក្រ​ដូចជា​ភូមា​ខំត្រដរ​ផលិត​អាវុធ​ នុយក្លេអ៊ែរ?

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

 របាយការណ៍​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ភូមា ត្រូវបាន​រៀបចំ​ធ្វើ​ និង​ចុះផ្សាយ​ដោយ​​​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​ន័រវែស ឈ្មោះ សំឡេងប្រជាធិបតេយ្យ​ភូមា។ របាយការណ៍​នេះ​ រៀបចំ​តាក់តែង និង​ស៊ើបអង្កេត​ដោយ​អតីតមន្រ្តី​ជាន់​ខ្ពស់​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) ដែល​ធ្លាប់​ដឹកនាំ​ការស៊ើបអង្កេត​កម្មវិធីនុយក្លេអ៊ែរ មុននឹង​ចូលនិវត្តន៍។

ភស្តុតាង និង​សាក្សី ដ៏សំខាន់​ជាង​គេ ក្នុងការស៊ើបអង្កេតនេះ គឺ​បានមកពី​វិស្វករ​យោធា​ភូមា​ម្នាក់ ឈ្មោះ សៃ ថាន់ វីន (Sai Thein Win)។ សៃ ថាន់ វីន គឺ​ជា​វិស្វករ​ជំនាញ​ខាង​បច្ចេកវិទ្យា​មីស៊ីល​ បញ្ចប់ការសិក្សា​ពី​ប្រទេស​រុស្ស៊ី។ មុននឹង​រត់ភៀសខ្លួន​ចេញ​ពី​ភូមា ថាន់ វីន​ ធ្វើ​ការ​ក្នុងកម្មវិធី​ផលិតមីស៊ីល និង​​នុយក្លេអ៊ែរ​របស់​ភូមា។ វិស្វកររូបនេះ​បាន​ផ្តល់​នូវ​រូបថត ព្រមទាំង​រូបគំនូរ​បច្ចេកទេស​មួយចំនួន ដែល​បង្ហាញ​ពី​​កម្មវិធី​នុយក្លេអ៊ែរ។

របាយការណ៍នេះ​បាន​សរសេរថា ភូមា​មាន​រ៉ែ​អ៊ុយរ៉ាញ៉ូម (Uranium) ហើយ​របបសឹកភូមា​​មាន​រោងចក្រ​ សម្រាប់​យក​រ៉ែនេះ មក​ចម្រាញ់​ជា​សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់​ប្រើ​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ ភូមា នៅមិនទាន់​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដើម្បី​ចម្រើន (បន្សុទ្ធ) សារធាតុ​អ៊ុយរ៉ាញ៉ូម​នេះ​នៅឡើយទេ។ ភូមា​ក៏មិនទាន់មាន​រោងចក្រ​នុយក្លេអ៊ែរ ដែល​អាច​ផលិត​សារធាតុ​ភ្លុយតូញ៉ូម (Plutonium) បាន​នៅឡើយដែរ។

មន្រ្តីជំនាញ​ខាង​នុយក្លេអ៊ែរ ដែល​សរសេរ​របាយការណ៍​នេះ​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជាចុងក្រោយថា ភូមា​នៅមិនទាន់​មាន​កម្មវិធី​នុយក្លេអ៊ែរ ដែល​មាន​ដំណើរការ​ពេញលេញ​នៅឡើយទេ។ ក៏ប៉ុន្តែ គេ​អាច​សន្និដ្ឋានបានថា របបសឹកភូមា​ពិតជា​មានគោលដៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ពិតមែន ហើយ​កំពុងតែ​ព្យាយាម​អភិវឌ្ឍ​កម្មវិធី​នេះ​បន្តិចម្តងៗ តាម​តែ​អាច​ធ្វើ​ទៅបាន។
 

មេដឹកនាំ​ប្រទេស​ខ្លះ​យល់ថា​អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​ផ្លូវកាត់​​ ដើម្បី​ក្លាយ​ជា​មហាអំណាច​បាន​ឆាប់
មេដឹកនាំ​ប្រទេស​ខ្លះ​យល់ថា​អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​ផ្លូវកាត់​​ ដើម្បី​ក្លាយ​ជា​មហាអំណាច​បាន​ឆាប់ ©រក្សាសិទ្ធិ

គេ​សង្ស័យថា កូរ៉េ​ខាងជើង​គឺ​ជា​អ្នក​ជួយ​ភូមា​ក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊េរ​នេះ។ កាល​ពី​ឆ្នាំ​ទៅមិញ មេដឹកនាំ​ភូមា​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង ហើយ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ ស្តីពី​កិច្ចសហប្រតិបត្តិការ​​ក្នុងការ​ផលិត​មីស៊ីល។ សហរដ្ឋ​អាមេរិក​មានការសង្ស័យថា កិច្ចសហប្រតិបត្តិការ​រវាង​កូរ៉េ​ខាងជើង និង​ភូមា មិនត្រឹមតែ​ក្នុង​ផ្នែក​មីស៊ីល​នេះ​មួយទេ ប៉ុន្តែ ក៏​​អាច​ក្នុង​ផ្នែក​​នុយក្លេអ៊ែរ​ផងដែរ។ លោក​ជីម វែប (Jim Webb) ព្រឹទ្ធសភា​អាមេរិក ដែល​គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ នៅភូមា កាល​ពីថ្ងៃ​ព្រហស្បតិ៍ បាន​ប្រកាស​លុបចោល​ដំណើរទស្សនកិច្ចនេះ​វិញ ដោយសារ​តែ​មាន​របាយការណ៍​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ភូមា។

បើ​សិន​ជា​ភូមា​ពិតជា​​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​មែន ភូមា​​ទំនងជា​ចង់​យក​តម្រាប់​តាម​កូរ៉េ​ខាងជើង ដែល​យក​កម្មវិធីនុយក្លេអ៊ែរ​មកធ្វើ​ភ្លៀង ធ្វើផ្គរ ដាក់​ប្រទេស​ជិតខាង និង​មហាអំណាច​ផ្សេងទៀត។ ជាទូទៅ មេដឹកនាំ​នៃ​ប្រទេស ដែល​គេមិនសូវ​រាប់រក តែងតែ​គិតថា អាវុធនុយក្លេអ៊ែរ គឺ​ជា​ផ្លូវកាត់ ដើម្បី​ក្លាយ​ជា​​ប្រទេស​មហាអំណាច​ ដែល​គេ​គោរព គេ​កោតខ្លាច និយាយ​អ្វី​ទៅ​មានគេស្តាប់។ នុយក្លេអ៊ែរ គឺ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ​ចរចា​ជាមួយ​ប្រទេស​មហាអំណាច​ផ្សេងទៀត។

ប្រសិន​បើ​ព័ត៌មាន​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ភូមា គឺ​ជា​រឿងពិត ភូមា​គឺ​ជា​ប្រទេស​ទីមួយ នៅ​អាស៊ី​អាគ្នេយ៍ ដែល​មាន​មហិច្ឆតា​នុយក្លេអ៊ែរ។ បើ​ភូមា​មាន​​កម្មវិធីនុយក្លេអ៊ែរ​មែន​ ទិដ្ឋភាព​យុទ្ធសាស្រ្ត និង​ភូមិសាស្រ្ត​នយោបាយ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​​ប្រទេស​ជាច្រើន ដូចជា ថៃ ហ្វ៊ីលីពីន និង​ឥណ្ឌូនេស៊ី សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធិ​របស់​អាមេរិក ប្រាកដ​ជា​​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទាំងស្រុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI