កូរ៉េខាងជើង

កូរ៉េ​ខាង​ជើង​បង្អួត​ឧបករណ៍​សង្គ្រាម ក្នុង​ឱកាស​ខួប​កំណើត​លោក គីម អ៊ីល ស៊ុង

មីស៊ីលបាលីស្ទីក BM-25 Musudan ដែល​កូរ៉េ​ខាង​ជើង​បង្អួត​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា ថ្ងៃ​កំណើត​លោក គីម អ៊ីល ស៊ុង ថ្ងៃ​ទី​១៥ មេសា ២០១៧
មីស៊ីលបាលីស្ទីក BM-25 Musudan ដែល​កូរ៉េ​ខាង​ជើង​បង្អួត​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា ថ្ងៃ​កំណើត​លោក គីម អ៊ីល ស៊ុង ថ្ងៃ​ទី​១៥ មេសា ២០១៧

កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​សៅរ៍​នេះ បាន​រៀបចំ​ក្បួន​ព្យុហយាត្រា​បង្អួត​ឧបករណ៍​សង្គ្រាម​ដ៏​ធំ​មួយ ដើម្បី​អបអរ​ខួប​កំណើត​ទី​១០៥​របស់​លោក គីម អ៊ីលស៊ុង ត្រូវ​ជា​ជីតា​នៃ​ លោក គីម ជុងអ៊ុន ប្រមុខ​ដឹក​នាំ​របប​ក្រុង​ព្យុងយ៉ាង​។ នៅ​ក្នុង​ឱកាស​នេះ លោក ឆ យ៉ុង ហេ បង​ធំ​ទី​២​នៃ​របប​ក្រុង​ព្យុងយ៉ាង បាន​សង្កត់​ធ្ងន់​ថា កូរ៉េ​ខាង​ជើង​បាន​ត្រៀម​ខ្លួន​ឆ្លើយ​តប​តាម​គ្រប់​ទម្រង់​វាយ​ប្រហារ ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ក្បួន​ព្យុហយាត្រា​នា​ឱកាស​ខួប​កំណើត​ទី​១០៥​របស់​លោក គីម អ៊ីល ស៊ុង នៅ​ឆ្នាំ​នេះ មាន​ការ​ចូល​រួម​ពី​កង​កម្លាំង​យោធា​រាប់​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​ត្រូវ​បាន​បែង​ចែក​ជា​ផែន៖ ដឹក​នាំ​ដោយ​ផែន​តន្ត្រី​យោធា និង​តាម​ពី​ក្រោយ​ដោយ​កង​ទាហាន​ទាំង​ស្រី​ទាំង​ប្រុស ប្រដាប់​ដោយ​ឧបករណ៍​សង្គ្រាម រួម​មាន​កាំភ្លើង​តូច កាំភ្លើង​ធំ រ៉ុកកែត រថពាសដែក និង​មីស៊ីលបាលីស្ទីក​ជា​ច្រើន​ប្រភេទ​ ដូច​ជា KN-08, KN-14, SLBM, និង ICBM​។ មីស៊ីល​ពីរ​ប្រភេទ​ចុង​ក្រោយ​នេះ គឺ SLBM សម្រាប់​បំពាក់​លើ​នាវា​មុជ​ទឹក និង ICBM មីស៊ីល​បាលីស្ទីកអន្ដរ​ទ្វីប ​ត្រូវ​​គេ​ជឿ​ថា ជា​ប្រភេទ​មីស៊ីល​ថ្មី​ចុង​ក្រោយ​បង្អស់​ដែល​កូរ៉េ​ខាង​ជើង​ផលិត​បាន​។

ប្រមុខ​ដឹក​នាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន ដែល​ជា​ចៅ​បង្កើត​របស់​លោក គីម អ៊ីល ស៊ុង បាន​ចូល​រួម​ជា​អធិបតី​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ គេ​ឃើញ​លោក គីម ជុងអ៊ុន ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​មួយ​កំប្លេ ឈរ​សម្លឹង​មើល​ក្បួន​ព្យុហយាត្រា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ម្ដង​ៗ លោក​ទះ​ដៃ​និង​ញញឹម​យ៉ាង​មោទនៈ សម្រាប់​ការ​​បង្អួត​យុទ្ធភណ្ឌ​សង្គ្រាម​លើក​នេះ​។

 
បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​នៃ​របប​ក្រុង​ព្យុងយ៉ាង នេះ​គឺជា​ក្បួន​ព្យុហយាត្រា​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាង​ជើង ដែលធ្វើ​ឡើង​ដើម្បី​អបអរ​ខួប​កំណើត​ស្ថាបនិក​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​លោក គីម អ៊ីល ស៊ុង។ វា​ក៏​ជា​​​ឱកាស​បង្ហាញ​ពី​អានុភាពនៃ​អំណាច​យោធា​របស់​កូរ៉េ​ខាង​ជើង ទៅ​កាន់​ពិភពលោក ជា​ពិសេស​អាមេរិក​​​។ លោក ឆ យ៉ុង ហេ បង​ធំ​ទី​២​នៃ​របប​ក្រុង​ព្យុងយ៉ាង បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​ឱកាស​នេះ​ថា កូរ៉េ​ខាង​ជើង​បាន​ត្រៀម​ខ្លួន​ឆ្លើយ​តប​តាម​គ្រប់​ទម្រង់​វាយ​ប្រហារ ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរផង​ដែរ​។

ឥឡូវ​នេះ អាមេរិក​និង​ពិភពលោក​​កំពុង​តែ​រង់​ចាំ​មើល​ការ​សម្រេច​ចិត្ត​របស់​លោក គីម ជុង អ៊ុន ថា​តើ​មេ​ដឹក​នាំ​ជំនាន់​ទី​៣​នៃ​កូរ៉េ​ខាង​ជើង​នេះ ហ៊ាន​ធ្វើ​តេស្តន៍​នុយក្លេអ៊ែរ​លើក​ទី​៦​ ឬ​បាញ់​មីស៊ីល​អន្ដរ​ទ្វីប ICBM ដ៏​ថ្មី​ស្រឡាង​ដែរ​ឬ​ទេ? ការ​សម្រេច​ចិត្ត​​ណា​មួយ​ក៏​ដោយ​ក្នុង​ចំណោម​ជម្រើស​ទាំង​ពីរ​នេះ នឹង​ជំរុញ​ឲ្យ​​អាមេរិក​វាយប្រហារ​កូរ៉េខាងជើង។ គិត​ត្រឹម​ពេល​នេះ អាមេរិក​បាន​បញ្ជូន​នាវា​ដឹកយន្តហោះ​ចម្បាំង​មួយ​គ្រឿង​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​ដោយ​អម​ជាមួយ​​នាវា​បាញ់​គ្រាប់មីស៊ីល​ចំនួន ៣គ្រឿង។ នាវា​ដឹកយន្តហោះ​ចម្បាំង​នោះ​អាច​ផ្ទុក​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ពី ៧០ ទៅ ៨០គ្រឿង។ បន្ទាប់​មក ក៏​មាន​ការ​បញ្ជូន​នាវាមុជទឹក​បន្ថែម​ទៀត ហើយ​នៅ​ថ្ងៃ​សុក្រ ទី១៤ មេសា ទីប្រឹក្សា​ម្នាក់​ទទួល​បន្ទុក​នយោបាយ​ការបរទេស​របស់​សេតវិមាន​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អាមេរិក​កំពុង​សិក្សា​ផ្លូវយោធា​ចំពោះ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI