កូរ៉េទាំងពីររកឃើញកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយភាពតានតឹង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅបានសម្រេចរកឃើញ កិច្ចព្រមព្រៀង មួយនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ ដើម្បី ឈានទៅបន្ធូរបន្ថយភាពតានតឹង ដែលប្រទេសទាំងពីរកំពុងមានជាមួយគ្នា។ ទាំង លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងទីក្រុងវ៉ាស៊ីនតោនបានស្វាគម ដំណឹងនេះ។
បន្ទាប់ពីបើកការចរចា យ៉ាងស្វិតស្វាញ តាំងពីថ្ងៃសៅរ៍ ប្រទេសបងប្អូនសត្រូវនឹងគ្នា កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្វែងរកឃើញ កិច្ចព្រមព្រៀងមួយនឹងគ្នា ដែលនៅក្នុងនោះ កូរ៉េខាងជើងបានសំដែងការសោកស្តាយ ចំពោះព្រឹត្តិការណ៍ ផ្ទុះគ្រាប់មីន ដែលបានធ្វើឲ្យរបួសឆ្មាំព្រំដែនកូរ៉េខាងត្បូង ពីរនាក់ កាលពីថ្ងៃទី ៤សីហាកន្លងទៅ។ នៅក្នុងភាសាការទូត ការសោកស្តាយរបស់កូរ៉េខាងជើង មានន័យស្មើនឹងការសុំទោស ដែលកូរ៉េខាងត្បូង ធ្លាប់បានទាមទារចង់បានពីកូរ៉េខាងជើង។ ការសំដែងការសោកស្តាយពីសំណាក់កូរ៉េខាងជើង នេះ ក៏ជារឿងមិនធ្លាប់មានពីមុនមក ព្រោះថា ទីក្រុងព្យុងយ៉ាងតែងបដិសេធ ជានិច្ច នឹងការចោទប្រកាន់របស់ របស់កូរ៉េខាងត្បូងដែលថា កូរ៉េខាជើង បានប្រើទាហានឲ្យលួច ចូលទៅបង្កប់គ្រាប់មីន ក្បែរកន្លែងល្បាតរបស់ទាហានកូរ៉េខាងត្បូង នៅក្នុងតំបន់គ្មានកងទ័ព ដែលស្ថិតនៅចន្លោះប្រទេសទាំងពីរ។
នៅក្នុងកិច្ចព្រមព្រៀង កូរ៉េខាងជើង សុខចិត្តសំដែងការសោកស្តាយ ប៉ុន្តែ ជាថ្នូរនឹងការសន្យាពីកូរ៉េខាងត្បូង ដែលថា នឹងឈប់ចាក់ផ្សព្វផ្សាយសំឡេងឃោសនា បែបញុះញង់ នៅតាមព្រំដែនកូរ៉េតទៅទៀត។ ឧឃោសនស័ព្ទឃោសនា នៅតាមព្រំដែន ត្រូវបានកូរ៉េខាងត្បូង ផ្អាកសកម្មភាពរាប់ឆ្នាំមកហើយ ប៉ុន្តែ ទើបនឹងកម្រើកធ្វើសកម្មភាពឡើងវិញ នៅ២សប្តាហ៍ចុងក្រោយនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះគ្រាប់មីន ដែលធ្វើឲ្យរបួសទាហានកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ នៅក្នុងកិច្ចព្រមព្រៀង ទីក្រុងព្យុងយ៉ាង និងសេអ៊ូលបានយល់ស្របគ្នាផងដែរ ថា នឹងបើកឡើងវិញ នៅខែកញ្ញាក្រោយ ឲ្យមានការជួបជុំគ្រួសារកូរ៉េ ដែលបែកបាក់គ្នា ដោយសារតែសង្រ្គាមកូរ៉េចន្លោះឆ្នាំ ១៩៥០ និងឆ្នាំ ១៩៥៣។
តាមក្រសួងការពារជាតិកូរ៉េខាងត្បូង សេអ៊ូលសុខចិត្តផ្អាក ឈប់ចាក់ផ្សាយ សំឡេងឃោសនា នៅតាមព្រំដែនមែន ប៉ុន្តែ ទាហានកូរ៉េខាងត្បូង នៅតែបន្ត ឈរ ប្រុងជើង ជានិច្ច នៅតាមព្រំដែន ដើម្បី តាមដាន ឃ្លាំមើលសកម្មភាពទ័ពរបស់កូរ៉េខាងជើង។ កិច្ចព្រមព្រៀង រកឃើញ នៅថ្ងៃអង្គារត្រូវបានគេមើលឃើញថា នឹងជួយកាត់បន្ថយ ភាពតានតឹង មួយកម្រិត នៅខណៈពេលដែលកូរ៉េទាំងពីរកំពុងតែត្រៀមខ្លួន ធ្វើសង្រ្គាមដាក់គ្នារួចទៅហើយនោះ។
ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានកើនឡើងខ្លាំង នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពី ក្រសួងការពារជាតិកូរ៉េខាងត្បូងបានរកឃើញ ថា ទៅតាមបញ្ជាធ្វើសង្រ្គាមរបស់មេដឹកនាំគីម ជុងអ៊ុន កូរ៉េខាងជើងបានបញ្ចេញ នាវាមុជទឹក ជាង១០គ្រឿង ទៅក្នុងសមុទ្រកូរ៉េ និងបង្កើនកម្លាំងទ័ព នៅតាមព្រំដែន។ កូរ៉េខាងត្បូង និងអាមេរិក ដែលមានកងទ័ពរបស់ខ្លួនប្រចាំការនៅកូរ៉េខាងត្បូង ប្រមាណ ៣ម៉ឺននាក់បានឆ្លើយតបវិញ ដោយបានពង្រាយទ័ព កាន់តែច្រើន និង បញ្ជូនយន្តហោះចម្បាំង ទៅហោះឆ្វែល នៅតាមព្រំដែនកូរ៉េ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ