ហុងកុង

ហុងកុង៖​បាត់​ខ្លួន​អ្នក​ទទួលខុសត្រូវ​រោងពុម្ព​បោះសៀវភៅ​ម្នាក់​ទៀត

បាតុករ​រាប់ម៉ឺននាក់​នៅ​ហុងកុង​ទាមទារ​ឲ្យលោក Leung Chun-Ying ​អភិបាល​ថ្មី​លាលែង​ចេញ​ពី​តំណែង
បាតុករ​រាប់ម៉ឺននាក់​នៅ​ហុងកុង​ទាមទារ​ឲ្យលោក Leung Chun-Ying ​អភិបាល​ថ្មី​លាលែង​ចេញ​ពី​តំណែង REUTERS/Bobby Yip

នៅ​ហុងកុង លោក លី បូ អ្នក​ទទួល​ខុស​ត្រូវ​មា្នក់​នៃ​រោងពុម្ព​មួយ​ឈ្មោះ Mighty Current បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ពុធ ទី៣០ ធ្នូ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​ភរិយា​របស់​លោក​លី បូ។ មុន​លោក​លី បូ នៅ​មាន​មិត្ត​រួម​ការងារ​ចំនួន ៤នាក់​ទៀត​របស់​លោក​ក៏​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​មក​ដល់​សព្វថ្ងៃ​ដែរ។ គួរ​ជម្រាប​ជូន​ថា រោងពុម្ព Mighty Current ជាប់​ឈ្មោះ​ខាង​បោះ​ពុម្ព​សៀវភៅ​ដែល​រិះគន់ ទិតៀន​របប​កុម្មុយនិស្ត​ចិន​ដី​គោក។

ផ្សាយពាណិជ្ជកម្ម

ការ​បាត់ខ្លួន​អ្នក​មាន​ភាគហ៊ុន​នៅ​ក្នុង​រោងពុម្ព Mighty Current បាន​បំផុស​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ពួក​គេ​ទាំង ៥នាក់​មិនមែន​ត្រូវ​បាន​ប៉ូលិស​សម្ងាត់​ចិន​ប៉េកាំង​ចាប់​ខ្លួន​ទៅ​ឃុំ​ទេ ឬ​យ៉ាង​ណា ព្រោះ​រោងពុម្ព Mighty Current ជាប់​ឈ្មោះ​ខាង​បោះ​ពុម្ព​សៀវភៅ​ដែល​រិះគន់ ទិតៀន​របប​កុម្មុយនិស្ត​ចិន​ដី​គោក។

គួរ​ជម្រាប​ជូន​ថា មាន​អាយុ ៦៥ឆ្នាំ លោក​លី បូ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើក​ចុង​ក្រោយ​នៅ​រោងពុម្ព​ក្នុង​ថ្ងៃ​ពុធ ទី៣០ ធ្នូ តែ​ស្រាប់​តែ​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​នោះ​មក។ ភរិយា​របស់​លោក​លី បូ គឺ​លោកស្រី​សូហ្វី ចយ​បាន​រៀបរាប់​ប្រាប់ AFP ថា ស្វាមី​របស់​លោកស្រី​ពិត​ជា​មាន​វត្តមាន​ក្នុង​ទឹកដី​ហុងកុង​នា​ថ្ងៃ​ពុធ ទី៣០ ធ្នូ តែ​បានបាត់​ខ្លួន​នៅ​ពេល​យប់​ក្នុង​ថ្ងៃ​ដដែល​នោះ។

លោកស្រី​ចយ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា លោក​លី បូ​បាន​ទូរស័ព្ទ​ឲ្យ​លោកស្រី​នៅ​វេលា​ម៉ោង ១០យប់​ក្នុង​ថ្ងៃ​ពុធ ទី៣០ ធ្នូ​ដោយ​ប្រាប់​លោកស្រី​ថា លោក​សុខសប្បាយ​ធម្មតា​ទេ តែ​លោកស្រី​ថា លេខ​ទូរស័ព្ទ​ដែល​ហៅ​លោកស្រី​មិនមែន​ជា​លេខ​របស់​ស្វាមី​ទេ តែ​ជា​លេខ​ហៅ​មក​ពី​ចិន​ដីគោក​ក្នុង​ទីក្រុង Shenzhen។ គឺ​ទើប​តែ​នៅ​ថ្ងៃ​សុក្រ ទី១ មករា ឆ្នាំ ២០១៦ ដែល​លោកស្រី​ចយ​បាន​ប្រាប់​ដំណឹង​ស្វាមី​ដល់​ប៉ូលិស​ហុងកុង ហើយ​ប៉ូលិស​ហុងកុង​ក៏​បាន​ចាត់​ទុក​រឿង​នោះ​ថា ជា​ការ​បាត់ខ្លួន។

នៅ​ក្រោយ​ការ​បាត់ខ្លួន​មិត្តរួម​ការងារ​ក្នុង​ខែ​តុលា​កន្លង​ទៅ លោក​លី បូ​ធ្លាប់​បាន​ថ្លែង​ប្រាប់ AFP ថា ការ​បាត់ខ្លួន​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បោះពុម្ព​សៀវភៅ​នយោបាយ​ហាម​ឃាត់​នៅ​ចិន​ដីគោក។ គួរ​រម្លឹក​ជូន​ថា ទឹកដី​ហុងកុង​ត្រូវ​បាន​ប្រទេស​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​ដីគោក​ក្នុង​ឆ្នាំ ១៩៩៧ និង​ដែនដី​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​បាន​ទទួល​សិទ្ធិសេរីភាព​មួយ​ចំនួន​ដែល​នៅ​កន្លែង​ផ្សេង​មិន​អាច​ទទួល​បាន​ទេ ពិសេស​សិទ្ធិសេរីភាព​សារព័ត៌មាន។

តែ​ខណៈ​នេះ គ្រប់​គ្នា​កំពុង​បារម្ភ​ពី​ការ​ដែល​រដ្ឋអំណាច​ប៉េកាំង​បាន​ព្យាយាម​យក​ហុងកុង​មក​ក្តាប់​ណែង​ក្នុង​ដៃ ដោយ​កម្រិត​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ធ្លាប់​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​បាត់ខ្លួន​មនុស្ស​នៅ​ក្នុង​រោងពុម្ព រោងពុម្ព Mighty Current។ អង្គការ Human Rights Watch បាន​បរិហារ​លើ​ចេតនា​របស់​ចិន​ដី​គោក​ក្នុង​ការ​រារាំង​កុំ​​ឲ្យ​សៀវភៅ​និយាយ​ពី​នយោបាយ​ឆ្លង​ពី​ហុងកុង​ចូល​ទៅ​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI