ក្រុមអង្គការក្រៅរដ្ឋាភិបាលបរិហារលើការពង្រឹងអំណាចកងទ័ពនៅថៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារ ទី៥ មេសានេះ ក្រុមអង្គការការពារសិទ្ធិមនុស្សបានចេញមុខបរិហារពីការពង្រឹងអំណាចយោធានៅក្នុងប្រទេសថៃ តាមរយៈរាជក្រឹត្យថ្មីមួយ។ គឺជារាជក្រឹត្យដែលរបបសឹកបានប្រគល់សិទ្ធិឲ្យទាហាន និងប៉ូលិសអាចឃាត់ និងចាប់ខ្លួនជនសង្ស័យដោយមិនចំាបាច់មានដីការពីតុលាការ។ ក្រុមអង្គការការពារសិទ្ធិមនុស្សបានអំពាវនាវរបបសឹកឲ្យដករាជក្រឹត្យនោះចេញវិញជាបន្ទាន់។
ការទាមទាររបស់ក្រុមអង្គការការពារសិទ្ធិមនុស្សត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នារបស់អង្គការក្រៅរដ្ឋាភិបាលចំនួន ៦អង្គការ ក្នុងនោះមាន Human Rights Watch Amnesty International និងគណៈកម្មការអ្នកច្បាប់អន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃនេះ ក្រុមអង្គការការពារសិទ្ធិមនុស្សបានថ្កោលទោស និងបានចាត់ទុករាជក្រឹត្យអនុម័តដោយរបបសឹកថានឹងនាំថៃឲ្យរំលោភបំពានលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងបញ្ហាសិទ្ធិមនុស្ស។
លោកប្រាដ អាដាំ នាយកអង្គការ Human Rights Watch នៅអាស៊ីបានបញ្ជាក់ថា របបសឹកថៃបាន និងកំពុងធ្វើដំណើរនៅលើផ្លូវបព្រ្ចាស់នឹងលទ្ធិប្រជាធិបតេយ្យ។ សម្រាប់លោកអាដាំ រាជក្រឹត្យថ្មីបានអនុញ្ញាតឲ្យរបបសឹកធ្វើអ្វីស្រេចតែចិត្ត រួមទាំងការប្រព្រឹត្តបទល្មើសផ្សេងៗដោយគ្មានទទួលទោសព័យអ្វីទាំងអស់។ សូមជម្រាបជូនថា កាលនាសប្តាហ៍កន្លងទៅ របបសឹកបានអនុម័តរាជក្រឹត្យមួយដោយអនុញ្ញាតឲ្យកងទ័ពមានសិទ្ធិចាប់ និងឃុំខ្លួនជនសង្ស័យដោយមិនបាច់មានដីការតុលាការ ព្រមទាំងមានសិទ្ធិរឹបអូសទ្រព្យសម្បតិ និងរារាំងជនសង្ស័យមិនឲ្យចាកចេញពីប្រទេសទៀតផង។
លោកវីលដ័រ តៃល័រ អគ្គលេខាធិការគណៈកម្មការអ្នកច្បាប់អន្តរជាតិបានកត់សម្គាល់ឃើញជារួមថា ទង្វើរំលោភសិទ្ធិមនុស្សនៅថៃបានកើតមានសឹងតែរាល់ថ្ងៃតាំងពីក្រោយរដ្ឋប្រហារយោធាក្នុងថ្ងៃទី២២ ឧសភា ឆ្នាំ ២០១៤។ អ្វីដែលជាការព្រួយបារម្ភរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាល គឺការដែលរបបសឹកបានប្រើរាជក្រឹត្យថ្មីនោះដើម្បីបំបិតមាត់ពួកប្រឆាំង រួមទាំងសកម្មជនអ្នកការពារសិទ្ធិមនុស្សផង។
ចំណែករបបសឹកបានចេញមុខពន្យល់បកស្រាយថា ការបង្កើតឲ្យមានរាជក្រឹត្យថ្មីពិសេសមួយជារឿងចាំបាច់ដើម្បីបង្រ្កាបក្រុម Mafia។ គួររម្លឹកជូនថា តាំងពីបានឡើងកាន់អំណាចមក របបសឹកបានបង្កើតច្បាប់ថ្មីមួយចំនួនក្នុងគោលដៅរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ពិសេសមតិនយោបាយណាដែលប្រឆាំងខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ