ONU៖ អាស៊ីអាគ្នេយ៍ គឺជាជង្រុកនៃជំនួញថ្នាំញៀន មេតំហ្វេតាមីន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
របាយការណ៍មួយ ក្រោមការផ្តួចផ្តើមគាំទ្រ របស់អង្គការសហប្រជាជាតិ ស្តីពីបណ្តាញឧក្រិដ្ឋកម្មថ្នាំញៀន ត្រូវបានគេប្រកាសផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨កក្កដ នៅឯទៅក្រុងបាងកក។ យោងតាមការសន្និដ្ឋានរបស់របាយការណ៍នេះ គឺតំបន់អាស៊ីអាគ្នេយ៍ កំពុងតែក្លាយជាជង្រុកដ៏ធំ នៃការផលិត ការជួញដូរ និងការលាងលុយក្រខ្វក់ ដែលបានមកពីជំនួញនៃថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន។
ពីទីក្រុងបាងកក ការិយាល័យអង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានចេញរបាយការណ៍ដ៏ធំមួយ ដែលមានចំណងជើងថា ៖ “បណ្តាញឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍៖ ការវិវឌ្ឍន៍ ទំហំរីកចំរើន និងផលប៉ះពាល់ (Transnational Organized Crime in Southeast Asia : Evolution, Growth and Impact)”។
លោក Jeremy Douglas អ្នកតំណាងនៃការិយាល័យនេះ បានថ្លែងនៅក្នុងឱកាសធ្វើបទបង្ហាញរបាយការណ៍នេះថា តំបន់អាស៊ីអាគ្នេយ៍ គឺជាជង្រុក គឺជាស្នូលកណ្តាលនៃការជួញដូរថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន នៃសកលលោកទាំងមូល។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨ គេបានចាប់ឃាត់ ថ្នាំគ្រាប់ម៉េតំហ្វេតាមីន ចំនួន១២០តោន នៅទូទាំងអាស៊ីអាគ្នេយ៍។ ចំនួននេះ មានការកើនឡើង ដល់ទៅ១ជា៣ បើប្រៀបធៀបទៅឆ្នាំ២០១៣ ដែលកាលណោះ ការចាប់ឃាត់ស្ទាក់ បានចំនួន៤០តោន។
យោងតាមរបាយការណ៍ខាងលើ ការផលិត ការជួញដូរ ចែកចាយនៅទូទាំងអាស៊ីអាគ្នេយ៍ គឺជាប្រភពនៃលុយក្រខ្វក់ជាច្រើនសិបពាន់លានដុល្លារ។ ទីតាំងផលិតថ្នាំគ្រាប់ម៉េតំហ្វេតាមីន គឺភាគច្រើន ស្ថិតនៅតំបន់ភ្នំក្នុងរដ្ឋហ្សាន ភាគខាងជើងប្រទេសភូមា ហើយដែលស្ថិតនៅក្នុងតំបន់ត្រីកោណមាស ជាប់ព្រំដែនជាមួយថៃ និងឡាវ។
របាយការណ៍ដដែល បានស្រាវជ្រាវដឹងថា បណ្តាញផលិត និងបណ្តាញចែកចាយ មានលក្ខណៈកាន់តែចាក់ស្រែស ស្មុគស្មាញ និងមានទំហំកាន់តែធំ ដោយមានការសហការពីក្រុមទុច្ចចរិក អ្នកជំនាញផលិតមកពីតៃវ៉ាន់ជាដើម។ ថ្នាំញៀនម៉េតំហ្វេតាមីន ដែលផលិតបាន ត្រូវលក់ចែកចាយ ទៅកាន់ប្រទេសចិន ទៅកាន់ប្រទេសថៃ និងឡាវជាដើម។
ចំណែកចំណូលរាប់សិបពាន់លានដុល្លារ ដែលបានមកពីជំនួញឧក្រិដ្ឋគ្រឿងញៀននេះ ត្រូវគេយកទៅលាងសម្អាត ក្រោមរូបភាពផ្សេងៗ ដូចជា តាមរយៈកាស៊ីណូ និងការវិនិយោគសំណង់ អចលនទ្រព្យ នៅតាមប្រទេសមួយចំនួន ដូចជានៅកម្ពុជា និង ឡាវ។ របាយការណ៍ដដែល សន្និដ្ឋានថា នៅអាស៊ីអាគ្នេយ៍ ថៃគឺស្នូលកណ្តាល នៃបណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀន ព្រមទាំងបណ្តាញឧក្រិដ្ឋកម្មផ្សេងទៀត ដូចជាការជួញដូរផ្លូវភេទ ការជួញដូរសរីរាង្គមនុស្សជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ