អានតួអត្ថបទ
ប៉ាគីស្ថាន-អារ៉ាប៊ីសាអូឌីត-យេម៉ែន

ហេតុអ្វី​បាន​ជា​ប៉ាគីស្ថាន​បន្ត​អល់អែក​ក្នុង​ការ​គំាទ្រ​ផ្លូវយោធា​ដល់​អារ៉ាប៊ីសាអូឌីត​​នៅ​យេម៉ែន?

លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif
លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif Reuters/Larry Downing
៣៦ នាទី

នៅ​ប្រទេស​ប៉ាគីស្ថាន សភា​បាន​ផ្តើម​ជជែក​ក្នុង​ថ្ងៃ​ចន្ទ ទី៦ មេសា​នេះ​លើ​សំណើ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ផ្តល់​ជំនួយ​យោធា​នៅ​ក្នុង​អន្តរាគមន៍​វាយប្រហារ​ផ្លូវអាកាស​លើ​ក្រុម​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន។ គឺ​ជា​អន្តរាគមន៍​យោធា​ផ្លូវអាកាស​ដែល​ដឹក​នំា​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​រួម​ជាមួយ​នឹង​កម្លំាង​សម្ព័ន្ធមិត្ត​អារ៉ាប់​ចំនួន ១០ប្រទេស​ផ្សេង​ទៀត។ អ្វី​ជា​ការ​កត់សម្គាល់ អន្តរាគមន៍​យោធា​របស់​សម្ព័ន្ធអារ៉ាប់​ជាង ១០ថ្ងៃ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​កាន់​តែ​ច្រើន រីឯ​ក្រុម​ឧទ្ទាម​ហ៊ូទី្ស​ក៏​កាន់​តែ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លំាង​ឡើង​ទៅ​វិញ។ ដោយឡែក អារ៉ាប៊ីសាអីឌីត​ទើប​បាន​អនុញ្ញាត​ឲ្យ​អង្គការ​កាកបាទក្រហម​អន្តរជាតិ​អាច​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​ផ្គត់ផ្គង់​ជនស៊ីវិល​នៅ​យេម៉ែន។

ផ្សាយពាណិជ្ជកម្ម

ការ​កោះប្រជុំ​សភា​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ជា​ការ​កោះប្រជុំ​ពិសេស​មួយ​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្រ្តី​ណាវ៉ា ស្ហារី្វ​ដើម្បី​ជជែក​ដេញដោល​ជុំវិញ​សំណួរ​ដែល​ថា តើ​ប៉ាគីស្ថាន​គួរ ឬ​មិន​គួរ​ចូលរួម​ជាមួយ​កម្លំាង​សម្ព័ន្ធមិត្ត​អារ៉ាប់​ដឹកនំា​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​លើ​ក្រុមឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​នៅ​ក្នុង​ប្រទេស​យេម៉ែន។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ប៉ាគីស្ថាន​បាន​ថ្លែង​នៅ​ក្នុង​សភា​ថា អារ៉ាប៊ីសាអូឌីត​បាន​សុំជំនួយ​យោធា​ជា​កម្លំាងទ័ពថ្មើរជើង នាវាចម្បំាង និង​យន្តហោះចម្បំាង​ពី​ប៉ាគីស្ថាន។ សភា​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ទេ តែ​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ប៉ាគីស្ថាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ ទីក្រុង​អ៊ីស្លាម៉ាបាត​ចង់​បាន​ដំណោះស្រាយ​ឲ្យ​វិបត្តិ​យេម៉ែន​តាម​ផ្លូវ​នយោបាយ និង​សន្តិវិធី​ជាជាង​តាម​ផ្លូវ​យោធា។

ក្រៅ​ពី​ប៉ាគីស្ថាន ប្រទេស​តួកគី​ក៏​កំពុង​ខ្នះខ្នែង​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ឲ្យ​វិបត្តិ​យេម៉ែន​ដែរ។ នៅ​ក្នុង​បរិបទ​នេះ លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​បាន​ទៅ​ទស្សនកិច្ច​នៅ​តួកគី និង​គ្រោង​ទៅ​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ពុធ ទី៨ មីនា។ ចំណែក​លោក​ប្រធានាធិបតី​តួកគី​គ្រោង​នឹង​ទៅ​អ៊ីរ៉ង់​នៅ​ថ្ងៃ​អង្គារ ទី៧ មីនា។ គួរ​បញ្ជាក់​ជូន​ថា អ៊ីរ៉ង់​ដែល​ជាប់​ចោទ​ពី​បទ​គំាទ្រ​ពួក​ឧទ្ទាម​ហ៊ូទី្ស​បាន​ប្រឆំាង​នឹង​អន្តរាគមន៍​យោធា​ដឹកនំា​ដោយ​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន។ ដូច្នេះ ប៉ាគីស្ថាន និង​តួកគី​កំពុង​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​វិបត្តិ​នៅ​យេម៉ែន​សព្វថ្ងៃ។ តែ​ប៉ាគីស្ថាន​បាន​ប្តេជ្ញាចិត្ត​រួច​ហើយ​ថា ខ្លួន​ស៊ូស្លាប់​ដើម្បី​ជួយ​ការពារ​បូរណភាព​ដែនដី​អារ៉ាប៊ីសាអូឌីត បើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មួយ​នេះ​ទទួល​ការ​គំរាមកំហែង។

ហេតុផល​អ្វី​បាន​ជា​ប៉ាគីស្ថាន​ចេញ​មុខ​ការពារ​អារ៉ាប៊ីសាអូឌីត​យ៉ាង​ផ្កាប់​មុខ​របៀប​នេះ?

មាន​ហេតុផល​សំខាន់​ពីរ ទី១ គឺ​ជា​ការ​ដឹង​គុណ ឬ​និយាយ​ដោយ​សាមញ្ញ​ថា ជា​ការ​សងគុណ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។ គួរ​រម្លឹក​ជូន​ថា ប៉ាគីស្ថាន​ជា​ប្រទេស​អ៊ីស្លាម​តែ​មួយ​គត់​លើ​លោក​ដែល​មាន​បំពាក់​អាវុធ​បរមាណូ និង​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​ចំនួន​ទ័ព​ច្រើន​ជាង​គេ ពោល​មាន​ប្រមាណ​ជា ១លាន ៥សែននាក់។ ប៉ាគីស្ថាន​ជា​អ្នក​ដែល​បាន​ផ្តល់​បទពិសោធន៍ និង​ជំនាញ​យោធា​ឲ្យ​អារ៉ាប៊ីសាអូឌីត​ជា​យូរលង់​មក​ហើយ។ នៅ​ក្នុង​ទសវត្ស​ឆ្នំា ៦០ ប៉ាគីស្ថាន​បាន​ជួយ​ហ្វឹកហ្វឺន​កង​ពីឡុត​អារ៉ាប៊ីសាអូឌីត។ ក្នុង​ទសវត្ស​ឆ្នំា ៨០ អារ៉ាប៊ីសាអូឌីត​បាន​ជួយ​ចិញ្ចឹម​ចលនា​ម៉ូយ៉ៃឌីន​ដែល​មាន​មូលដ្ឋាន​ក្នុង​ទឹកដី​ប៉ាគីស្ថាន​ដើម្បី​ប្រឆំាង​នឹង​ការ​ឈ្លានពាន​របស់​សហភាព​សូវៀត​នៅ​អាហ្វហ្កានីស្ថាន។ នៅ​ក្នុង​ទសវត្ស​ឆ្នំា ៩០ ប៉ាគីស្ថាន​បាន​ចូល​ប្រឡូក​ក្នុង​សង្រ្គាម​នៅ​ឈូងសមុទ្រ​ពែរ្ស​ដើម្បី​ការពារ​អារ៉ាប៊ីសាអូឌីត​ពី​ការ​ឈ្លានពាន​ជា​យថាហេតុ​ពី​អ៊ីរ៉ាក់។

រហូត​មក​ដល់​សព្វថ្ងៃ អារ៉ាប៊ីសាអូឌីត​បាន​បន្ត​លក់​ប្រេង​ទៅ​ឲ្យ​ប៉ាគីស្ថាន​ក្នុង​តម្លៃថោក​ជាង​គេ និង​បាន​ជួយ​លុយកាក់​យ៉ាង​ច្រើន​សម្បើម​ជា​រៀង​រាល់ឆ្នំា​ដើម្បី​ជួយ​ចិញ្ចឹម​សេដ្ឋកិច្ច​ប៉ាគីស្ថាន។ គ្រាន់​តែ​ឆ្នំា ២០១៤ កន្លង​ទៅ ទីក្រុង​រីយ៉ាដ​បាន​ផ្តល់​លុយ​ឲ្យ​ទីក្រុង​អ៊ីស្លាម៉ាបាត​ដល់​ទៅ ១ ៥០០លានដុល្លារ។ ចំណែក​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ណាវ៉ា ស្ហារី្វ​បច្ចុប្បន្ន ក៏​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត​ទទួល​ឲ្យ​ជ្រកកោន​ដែរ បន្ទាប់​លោក​ស្ហារី្វ​ត្រូវ​បាន​ឧត្តមសេនីយ​ប៉ាគីស្ថាន Pervez Musharraf ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​ពី​អំណាច​ក្នុង​ឆ្នំា ១៩៩៩។

ចំណែក​ហេតុផល​ទី២ អាច​ថា​ជា​ហេតុផល​សាសនា ព្រោះ​ប៉ាគីស្ថាន​ក៏​ដូច​ជា​អារ៉ាប៊ីសាអូឌីត គឺ​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​រស់នៅ។ នៅ​ក្នុង​ចំណោម​ប្រជាជន​ប៉ាគីស្ថាន​ជិត ២០០លាននាក់ មាន ៨០% ជា​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង ២០% ជា​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត។ ដូច្នេះ ប៉ាគីស្ថាន ជា​ប្រទេស​កាន់​សាសនាអ៊ីស្លាម​និកាយ​ស៊ុយនីត​លំដាប់​ទី២ បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត និង​ក៏​ជា​ប្រទេស​កាន់​សាសនាអ៊ីស្លាម​និកាយ​ឈីអ៊ីត​លំដាប់​ទី២ បន្ទាប់​ពី​អ៊ីរ៉ង់។

ប៉ាគីស្ថាន​កំពុង​ស្ថិត​លើ​ស្ពាន​មួយ​ដែល​ម្ខាង​ជា​អ្នកជិតខាង និង​ម្ខាង​ជា​អ្នក​មាន​គុណលើ​ខ្លួន

ទោះ​បី​ជា​ប៉ាគីស្ថាន​នៅ​មិន​ទាន់​បាន​សម្រេច​ចិត្ត​ជា​ផ្លូវការ​យ៉ាង​ណា​ចំពោះ​សំណើ​របស់​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​ក៏​ដោយ ក៏​ទីក្រុង​អ៊ីស្លាម៉ាបាត​ធ្លាប់​បាន​ចេញ​មុខ​ប្រកាស​ជា​ផ្លូវការ​ការពារ និង​គំាទ្រ​អន្តរាគមន៍​របស់​អារ៉ាប៊ីសាអូឌីត​នៅ​យេនម៉ែន​តំាង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ។ តែ​ការ​ដែល​ប៉ាគីស្ថាន​មិន​ទាន់​សម្រេច​ចិត្ត​បញ្ជូន​ទ័ព​ទៅ​ចូលរួម​ជាមួយ​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​មក​ពី ទី១ ខ្លួន​ត្រូវ​គិត​ពី​ផលវិបាក​ផ្ទែក្នុង​ដែល​អាច​ទទួល នៅ​ពេល​ដែល​ខ្លួន​សម្រេច​បញ្ជូន​ទ័ព​ទៅ​ជួយ​អារ៉ាប៊ីសាអូឌីត​ដើម្បី​កំចាត់​ពួក​ឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​នៅ​យេម៉ែន។ ផលវិបាក​ផ្ទៃក្នុង​នោះ គឺ​កំណើន​ជម្លោះ​រវាង​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត។ ពួក​ឈីអ៊ីត​នៅ​ប៉ាគីស្ថាន​ពិត​ជា​មិន​ឃើញ​ទាហាន​ប៉ាគីស្ថាន​ទៅ​សម្លាប់​ពួក​ឈីអ៊ីត​នៅ​យេម៉ែន​ទេ។

ជា​ទូទៅ សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​ឈីអ៊ីត​នៅ​ប៉ាគីស្ថាន​ហាក់​ដូច​ជា​បាន​រស់នៅ​ដោយ​សុខដុម​រវាង​គ្នា តែ​ភាព​តានតឹង​ក៏​ច្រើន​​ផ្ទុះ​ឡើង​នៅ​តាម​តំបន់​មួយ​ចំនួន និង​ទី២ ប៉ាគីស្ថាន​ក៏​មិន​ចង់​ធ្វើ​ឲ្យ​អ៊ីរ់ង់​ដែល​ជា​ប្រទេស​ជិត​ខាង​ខ្លួន​អាក់អន់​ស្រពន់​ចិត្ត​ដែរ។ ចូរ​កុំ​ភ្លេច​ថា អ៊ីរ៉ង់​កំពុង​ប្រឆំាង​នឹង​ការ​វាយប្រហារ​របស់​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន។ ដូច្នេះ​ឃើញ​ថា ប៉ាគីស្ថាន​កំពុង​ស្ថិត​នៅ​លើ​​ស្ពាន​មួយ​ដែល​នៅ​ម្ខាង​ជា​អ្នក​ជិតខាង និង​នៅ​ម្ខាង​ទៀត​ជា​សម្ព័ន្ធមិត្ត​ដែល​មាន​គុណ​ច្រើន​លើ​ខ្លួន និង​ដែល​ខ្លួន​ត្រូវ​សងគុណ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ