ចិន៖ទីផ្សារភាគហ៊ុនបានស្គាល់ភាពវឹកវរជាថ្មី និងបានបិទទ្វារជាបន្ទាន់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងប្រទេសចិន ទីផ្សារភាគហ៊ុនបានបង្កឲ្យមានចលាចលជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី៧ មករានេះ។ បន្ទាប់ពីបានបើកទ្វារឲ្យដំណើរការមិនដល់ ១ម៉ោងផង ក៏ស្រាប់តែបានបិទទ្វារវិញយ៉ាងទាន់ហន់។ នេះក៏ដោយសារតែតម្លែភាគហ៊ុនបានដាំក្បាលចុះដល់ទៅ ៧% និងបានឆ្លងរាលដាលចូលទៅដល់ទីផ្សារភាគហ៊ុនផ្សេងៗទៀតក្នុងលោក។ គួរជម្រាបជូនថា នេះជាលើកទី២ ក្នុងសប្តាហ៍ដដែលដែលទីផ្សារភាគហ៊ុនចិនបានស្គាល់ភាពច្របូកច្របល់ និងសម្រេចបិទទ្វារភ្លាមៗ។
មានវិធានការសំខាន់ចំនួនពីរដែលរដ្ឋអំណាចចិនបានអនុម័តតាំងពីថ្ងៃចន្ទ ទី៤ មករាដើមសប្តាហ៍ ចំថ្ងៃទី១ នៃការធ្លាក់ថ្លៃតម្លែភាគហ៊ុនយ៉ាងគំហុកនៅផ្សារភាគហ៊ុនក្រុងសៀងហៃ និងក្រុងស្ហ៊ែនហ្សែន ទី១ ផ្អាកការទិញ ដូររយៈពេល ១៥នាទី ប្រសិនបើតម្លៃភាគហ៊ុនធ្លាក់ថ្លៃត្រឹម ៥% និងទី២ បិទទ្វារផ្សារភាគហ៊ុនពេញមួយថ្ងៃតែម្តង ប្រសិនបើតម្លៃភាគហ៊ុនធ្លាក់ថ្លៃដល់ទៅ ៧%។ នេះហើយជាករណីដែលបានកើតមានឡើងនៅក្នុងថ្ងៃនេះ និងថ្ងៃចន្ទ ទី៤ មករាដើមសប្តាហ៍។
ភាពជ្រួលច្របល់នៅផ្សារភាគហ៊ុនចិនចំនួន ២ដងក្នុងសប្តាហ៍តែមួយត្រូវបានគេមើលឃើញថា មកពីក្រុមអ្នកវិនិយោគបានបារម្ភកាន់តែខ្លាំងពីស្ថានភាពសុខភាពសេដ្ឋកិច្ចចិន។ នៅថ្ងៃនេះ រដ្ឋាភិបាលបានចេញអន្តរាគមន៍ដោយសម្រេចបញ្ចុះតម្លៃប្រាក់យ័នជាថ្មីម្តងទៀតដែលជាលើកទី៨ ជាប់ៗគ្នា។ គោលដៅ គឺដើម្បីធ្វើឲ្យតម្លៃទំនិញចិនថោកងាយស្រួលនាំចេញទៅប្រកួតប្រជែងនឹងទំនិញបរទេស។ ខណៈនេះ គ្រប់គ្នាកំពុងរងចាំតួលេខកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០១៥ ដែលប្រហែលមានតែ ៦,៩% ប៉ុណ្ណោះ។ គឺជាអត្រាមួយដ៏ទាបដែលចិនមិនធ្លាប់មានទេគិតក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ។
តម្លៃភាគហ៊ុននៅចិនធ្លាក់ថ្លៃបានធ្វើឲ្យទីផ្សារភាគហ៊ុនក្នុងលោករំជើបរំជួលយ៉ាងខ្លាំង។ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តម្លៃភាគហ៊ុនធ្លាក់ចុះ ២,៣៣% និងជាង ៣% នៅហុងកុងនាពេលបិទទ្វារ។ នៅអឺរ៉ុបក៏ដូចគ្នាដែរ គឺធ្លាក់ចុះតាំងពីពេលបើកទ្វារដំបូង គឺ ២,៥% នៅក្នុងទីក្រុងប៉ារីស ជាង ៣% នៅក្នុងទីក្រុងមីឡង់ ប្រទេសអ៊ីតាលី និងជិត ២% នៅទីផ្សារភាគហ៊ុនក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ