កូរ៉េខាងជើង៖អ្នកទោសគ្រូគង្វាលជនជាតិកាណាដារៀបរាប់ពីជីវិតក្នុងគុក
នៅក្នុងទឹកដីកូរ៉េខាងជើង អ្នកទោសគ្រូគង្វាលជនជាតិកាណាដាដើមកំណើតកូរ៉េលោក Hyeon Soo Lim បានផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍ CNN។ នៅក្នុងបទសម្ភាសន៍នោះ លោក Lim បានរៀបរាប់ពីជីវិតរបស់លោកនៅក្នុងពន្ធនាគារ ពិសេសពីការងារជីករណ្តៅប្រចាំថ្ងៃនៅក្នុងគុកមួយដែលលោកជាអ្នកទោសតែម្នាក់ឯងគត់នៅក្នុងគុកនោះ។ គួរជម្រាបជូនថា លោក Lim ត្រូវបានតុលាការកូរ៉េខាងជើងកាត់ទោសកាលពីធ្នូ ឆ្នាំ ២០១៥ ឲ្យធ្វើការងារដោយបង្ខំអស់មួយជីវិតពីបទមានបំណងផ្តួលរំលំរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គឺជាបទសម្ភាសន៍មួយដែលត្រូវបានរៀបចំឡើងនៅក្នុងសណ្ធាគារមួយស្ថិតក្នុងទីក្រុងព្យុងយ៉ាង។ មានអាយុ ៦០ឆ្នាំ និងមានស្រុកកំណើតក្នុងទឹកដីកូរ៉េខាងត្បូង លោក Lim ចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ តែនៅក្នុងបទសម្ភាសន៍ដែលរៀបចំដោយរបបក្រុងព្យុងយ៉ាង លោក Lim ដែលមានសម្លៀកបំពាក់ពណ៌ប្រផេះជាអ្នកទោសត្រូវបានគេបង្ខំឲ្យនិយាយជាភាសាកូរ៉េ។ គួរជម្រាបជូនថា លោក Lim ត្រូវបានរដ្ឋអំណាចកូរ៉េខាងជើងឃាត់ខ្លួនក្នុងខែមករា ឆ្នាំ ២០១៥ បន្ទាប់ពីលោកបានឆ្លងព្រំដែនពីប្រទេសចិនចូលក្នុងទឹកដីកូរ៉េខាងជើង។
រដ្ឋអំណាចក្រុងព្យុងយ៉ាងមិនដែលបានលើកយកហេតុផលទៅពន្យល់ឲ្យបានច្បាស់លាស់ពីមូលហេតុនៃការចាប់ខ្លួនលោក Lim នោះទេ តែវិហារកាតូលិកក្នុងទីក្រុងតូរ៉ុងតូបានអះអាងថា បេសកកម្មរបស់លោក Lim ក្នុងទឹកដីកូរ៉េខាងជើងមានគោលដៅមនុស្សធម៌សុទ្ធសាធ។ តែបញ្ហានៅត្រង់ថា របបក្រុងព្យុងយ៉ាងមិនបានយល់ឃើញដូច្នោះទេ និងបានចោទលោក Lim ពីបទបានឃោសនាព្យាយាមផ្តួលរំលំរបបកុម្មុយនិស្តកូរ៉េខាងជើង។ រដ្ឋអំណាចក្រុងព្យុងយ៉ាងឲ្យដឹងថា រូបលោក Lim ខ្លួនឯងក៏បានទទួលស្គាល់ពីទង្វើចោទប្រកាន់ទាំងអស់នោះដែរ។
នៅទីបំផុតនាខែធ្នូកន្លងទៅ លោក Lim ត្រូវបានតុលាការក្រុងព្យុងយ៉ាងកាត់ទោសឲ្យធ្វើការងារដោយបង្ខំអស់មួយជីវិត។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Lim បានរៀបរាប់ឲ្យដឹងថា លោកបានធ្វើការងារចំនួន ៨ម៉ោងក្នុងមួយថ្ងៃ និង ៦ថ្ងៃក្នុងមួយសប្តាហ៍។ លោកថាជារៀងរាល់ថ្ងៃ លោកត្រូវបានគេប្រើឲ្យជីករណ្តៅ។ ជារៀងរាល់ថ្ងៃ លោកទទួលបានអាហារចំនួន ៣ដង និងថ្នាំពេទ្យ។ ជារៀងរាល់ថ្ងៃ លោកបានបន់ស្រន់ឲ្យកូរ៉េខាងជើង និងខាងត្បូងរួបរួមគ្នា និងសុំកុំឲ្យស្ថានការណ៍ដូចលោកកើតមានជាថ្មី។
នៅក្រោយបញ្ចប់បទសម្ភាសន៍រយៈពេលជិត ១ម៉ោង ឆ្នាំគុកកូរ៉េខាងជើងក៏បាននាំលោក Lim ត្រឡប់ចូលពន្ធនាគារវិញ តែទន្ទឹមគ្នានោះ ក៏បានបង្ហាញរូបអ្នកទោសជនជាតិអាមេរិកាំងដើមកំណើតកូរ៉េម្នាក់ទៀតឈ្មោះ Kim Dong-Chul អាយុ ៦២ឆ្នាំដែលចាប់ខ្លួនក្នុងខែតុលា ឆ្នាំ ២០១៥ ពីបទចារកិច្ច។នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ព្រោះដំណឹងអ្នកទោសលោក Chul មិនត្រូវបានរដ្ឋអំណាចអាមេរិក ឬកូរ៉េខាងជើងធ្លាប់បានប្រកាសឲ្យដឹងទេនាពេលកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ